សហព័ន្ធគុនខ្មែរអន្ដរជាតិ ផ្លាស់ប្ដូរក្បាលម៉ាស៊ីនថ្មី ដើម្បីពង្រីកវិសាលភាពលើឆាកអន្ដរជាតិ

13-02-2026 11:20

(ភ្នំពេញ)៖ សហព័ន្ធគុនខ្មែរអន្ដរជាតិ បានផ្លាស់ប្ដូរក្បាលម៉ាស៊ីនថ្មី ដោយលោក វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាអគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) ត្រូវបានជ្រើសតាំងជាប្រធានសហព័ន្ធ អាណត្តិទី៤ ឆ្នាំ២០២៦-២០៣០ ខណៈលោក ខូវ ឆាយ ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ ជាអគ្គលេខាធិការ។ នេះបើយោងតាមលទ្ធផលមហាសន្និបាតរបស់សហព័ន្ធ នាថ្ងៃទី១២ ខែកុម្ភៈកន្លងទៅ។

ទន្ទឹមជាមួយការរៀបចំមហាសន្និបាតប្រចាំឆ្នាំនេះដែរ ប្រធានសហព័ន្ធថ្មីខាងលើ មហាសន្និបាតឆ្នាំនេះបានបង្ហាញពីរបត់ថ្មីដោយបានធ្វើសមាហរណកម្ម និងឯកភាពជាតិ ជាពិសេសរវាងគុនខ្មែរជាតិ និងគុនខ្មែរអន្តរជាតិ ក្នុងគោលបំណងជំរុញឲ្យមានការបង្រួបបង្រួមរវាងសមាជិកទាំងអស់ និងបង្ហាញពីភាពរឹងមាំដល់ប្រទេសសមាជិក ដែលមានជាង៦០ប្រទេស កាន់តែមានភាពជឿជាក់ ក្នុងគោលដៅពង្រីកវិសាលភាពគុនខ្មែរលើឆាកអន្តរជាតិកាន់តែធំឡើង ក៏ដូចជាឆ្ពោះទៅចូលរួមក្នុងចលនាអូឡាំពិកកាន់តែឆាប់រហ័ស។

លោក វ៉ាត់ ចំរើន បានគូសបញ្ជាក់ថា «យើងបានរៀបចំរចនាសម្ព័ន្ធមួយដែលគួរឲ្យទុកចិត្ត និងមានសាមគ្គីភាពផ្ទៃក្នុងបានល្អ មានលទ្ធភាពសម្រេចការងារបានយ៉ាងជោគជ័យ មិនមានភាពចម្រូងចម្រាស មានឯកភាពជាតិពិតប្រាកដ ក្នុងគុនខ្មែរ និងដើរលើផ្លូវតែមួយ។ ទន្ទឹមនឹងនេះក៏មានការរៀបចំឱ្យមានទំនាក់ទំនង និងធ្វើការជាមួយគ្នាយ៉ាងស្អិតរមួត និងលើកទឹកចិត្តឱ្យប្រទេសជាសមាជិកទាំងអស់ធ្វើការឱ្យបានល្អជាងមុន ដោយមានទំនុកចិត្តពីអគ្គលេខាធិការដ្ឋានរបស់យើង»

លោកថា «អ្វីសំខាន់មួយទៀត គឺឯកត្តម ខូវ ឆាយ ប្រធានសហព័ន្ធគុនខ្មែរបានទទួលតួនាទីជាអគ្គលេខាធិការគុនខ្មែរអន្តរជាតិ ដែលជាសេនាធិការឱ្យគុនខ្មែរអន្តរជាតិ នេះជាចំណុចសំខាន់។ ទី២ យើងបានតម្កល់ទុកនូវការដឹងគុណដល់អតីតប្រធាន គឺឯកឧត្ដមបណ្ឌិត មៀម រ៉ា ដែលត្រូវបានលើកតម្កើងទៅជាប្រធានស្ថាបនិក និងជាប្រធានកិត្តិយសសម្រាប់គុនខ្មែរអន្តរជាតិអស់មួយជីវិត។ គាត់ គឺជាមនុស្សខ្ពស់បំផុតដែលត្រូវការការគោរពពីប្រទេសជាសមាជិកទាំងអស់ ព្រោះយើងដឹងហើយថា គុនខ្មែរ គឺជាអត្តសញ្ញាណជាតិរបស់យើង»

ប្រធានសហព័ន្ធដដែលបន្ដទៀតថា ក្រោយទទួលបានប្រទេសធំៗដូចជាកាណាដា បារាំង អាមេរិក ចិន អូស្ត្រាលី ជាដើមចូលជាសមាជិក សហព័ន្ធគុនខ្មែរអន្តរជាតិ នឹងព្យាយាមពង្រីកសមាជិកភាពរបស់ខ្លួនឲ្យបានដល់ ៧៥ប្រទេសដែលអាចជំរុញឲ្យអូឡាំពិកទទួលស្គាល់ (IOC Recognition Member) មុនឆ្ពោះទៅស្នើសុំតាមនីតិវិធីផ្សេងៗ ដើម្បីក្លាយជាប្រភេទកីឡានៅអូឡាំពិក។ នៅពេលប្រទេសធំៗដែលជាសមាជិកគុនខ្មែរអន្តរជាតិ ធ្វើជាម្ចាស់ផ្ទះអូឡាំពិក នោះពួកគេអាចនឹងមានសិទ្ធិដាក់ចូលជាប្រភេទកីឡាសម្រាប់ការប្រកួតផងដែរ។

គួរដឹងថា មហាសន្និបាតខាងលើ ធ្វើឡើងនៅខេត្តព្រះសីហនុ ទីកន្លែងដែលសហព័ន្ធគុនខ្មែរអន្ដរជាតិ កំពុងដំណើរការរៀបចំការប្រកួតគុនខ្មែរជើងឯកពិភពលោក លើកទី៦ ឆ្នាំ២០២៥ ដែលប្រព្រឹត្តទៅពីថ្ងៃទី១០-១៣ ខែកុម្ភៈ ឆ្នាំ២០២៦ ដោយមានអត្តពលិកចំនួន ១២៥នាក់ មកពី ២០ប្រទេសចូលរួម៕