Atletico ឈ្នះក្រុមការពារជើងឯក Barcelona ដល់ទៅ ៤-០ សម្រាប់ជើងទី១ នៅពាន Copa del Rey

13-02-2026 12:36

(បរទេស)៖ Atletico Madrid បានបំបាក់ក្រុមការពារតំណែងជើងឯក FC Barcelona ដោយលទ្ធផល ៤ទល់នឹង០ នាយប់មិញនេះ ពីក្នុងជើងទី១ នៃវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ពានរង្វាន់លំដាប់ទី២ អេស្ប៉ាញ Copa del Rey 2025-26។ នេះបើយោងតាមការចេញផ្សាយដោយ BBC។

ជាការកត់សម្គាល់ផងដែរ គូប្រជែងធំនៅលីគ La Liga មួយនេះ ក៏ធ្វើបានគ្រាប់នាំមុខ ៤គ្រាប់តែម្តងត្រឹមវគ្គទី១ ប៉ុណ្ណោះ នៅមុនពេលក្រុមរបស់លោក Hansi Flick ពុំអាចតដៃបាន ១គ្រាប់សោះ ថែមទាំងបាត់បង់កីឡាករ ១រូបថែមទៀតនៅចុងម៉ោង ពីការពិន័យកាតក្រហមលើ Eric Garcia។

វាជាការជួបគ្នាលើកទី២ នៃវគ្គនេះម្តងទៀតដូចរដូវកាលមុនដែរ ដែល Barcelona បានយកឈ្នះ Atletico ៥-៤ ទាំង ២ជើង មុនឆ្លងទៅគ្រងតំណែងជើងឯក Copa del Rey គម្រប់លើកទី៣២ របស់ពួកគេ។

ការបរាជ័យនេះដែរ មានន័យថា ក្រុមកំពូលតារាង La Liga មួយនេះ ត្រូវធ្វើការធ្ងន់សម្រាប់ជំនួបកាត់ក្តីជើងទី២ នាថ្ងៃ ទី០៤ ខែមីនា ឆ្នាំ២០២៦ នៅឯកីឡដ្ឋាន Camp Nou របស់ពួកគេវិញម្តង ដើម្បីប្រជែងកៅអីឡើងទៅផ្តាច់ព្រ័ត្រ ដែលអាចប៉ះ Real Sociedada ឬក៏ Athletic Bilbao នាថ្ងៃទី១៩ ខែមេសាខាងមុខ៕