ព័រទុយហ្គាល់ អនុម័តច្បាប់រឹតបន្តឹងកុមារអាយុក្រោម ១៦ឆ្នាំ ពីការប្រើប្រាស់បណ្តាញសង្គម
13-02-2026 13:41
(បរទេស)៖ សភាជាតិនៃប្រទេសព័រទុយហ្គាល់ បានអនុម័តលើសេចក្តីព្រាងច្បាប់មួយនៅថ្ងៃព្រហស្បតិ៍សប្តហ៍នេះ ស្តីពីការរឹតបន្តឹងកុមារពីការប្រើប្រាស់បណ្តាញសង្គម ពោលគឺតម្រូវឲ្យកុមារអាយុពី១៣ដល់១៦ឆ្នាំ ត្រូវមានការយល់ព្រមជាក់លាក់ពីឪពុកម្តាយ មុននឹងអាចប្រើប្រាស់បណ្តាញសង្គមបាន។ នេះជាជំហានច្បាប់ដំបូងមួយក្នុងតំបន់អឺរ៉ុប ដែលដាក់កំហិតលើការប្រើប្រាស់បណ្តាញសង្គមរបស់កុមារ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Reuters នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៦។
អ្នកតាក់តែងសេចក្ដីព្រាងច្បាប់នេះ គឺមកពីគណបក្សកាន់អំណាច «Social Democratic Party» ដោយបាននិយាយថា ច្បាប់នេះមានគោលបំណងការពារកុមារពីការបំពានតាមអ៊ីនធឺណិត (cyberbullying) , មាតិកាមិនសមរម្យ និងការពារក្មេងៗពីមនុស្សដែលអាចបោកបញ្ឆោត ឬបំពានលើកុមារ។ ច្បាប់នេះនឹងប្រើប្រព័ន្ធសាធារណៈមួយឈ្មោះ «Digital Mobile Key» ឬហៅម្យ៉ាងទៀតថា «DMK» ដើម្បីឲ្យឪពុកម្តាយផ្តល់ការយល់ព្រម។ ប្រព័ន្ធនេះក៏ជួយអនុវត្តច្បាប់ដែលមានស្រាប់ ដែលហាមឃាត់កុមារក្រោមអាយុ ១៣ឆ្នាំ មិនឲ្យប្រើបណ្តាញសង្គម វេទិកាចែករំលែកវីដេអូ/រូបភាព ឬគេហទំព័រភ្នាល់អនឡាញ។ ក្រុមហ៊ុនបច្ចេកវិទ្យាក៏ត្រូវតែដាក់ប្រព័ន្ធផ្ទៀងផ្ទាត់អាយុ ដែលអាចភ្ជាប់ជាមួយ DMK បានផងដែរ។
សេចក្ដីព្រាងច្បាប់នេះ ត្រូវបានអនុម័តដោយសំឡេងគាំទ្រ ១៤៨ ទល់នឹង ៦៩ និងមាន ១៣ សំឡេងអនុបវាទ។ ទោះយ៉ាងណា វាអាចត្រូវកែប្រែមុនពេលបោះឆ្នោតសម្រេចចុងក្រោយ។ លោក Paulo Marcelo សមាជិកសភាពីគណបក្ស PSD បាននិយាយមុនពេលបោះឆ្នោតថា «យើងត្រូវការពារកូនៗរបស់យើង… មិនមែនចង់ហាមឃាត់ដោយគ្មានហេតុផលទេ ប៉ុន្តែចង់បង្កើតច្បាប់ ដើម្បីផ្តល់អំណាចឲ្យឪពុកម្តាយ និងគ្រួសារ អាចតាមដាន និងគ្រប់គ្រងបានល្អជាងមុន»។ បើក្រុមហ៊ុនបច្ចេកវិទ្យាមិនគោរពច្បាប់នេះ អាចប្រឈមនឹងពិន័យប្រាក់រហូតដល់ ២% នៃចំណូលសរុបទូទាំងពិភពលោករបស់ពួកគេ។
គួរជម្រាបថា កន្លងទៅគេឃើញមាន សភាជាន់ទាបនៃប្រទេសបារាំង ក៏បានគាំទ្រច្បាប់ហាមឃាត់កុមារក្រោមអាយុ ១៥ឆ្នាំ ពីការប្រើបណ្តាញសង្គម ដោយសារព្រួយបារម្ភអំពីការបំពានអនឡាញ និងបញ្ហាសុខភាពផ្លូវចិត្ត។ ខណៈដែលប្រទេសអូស្រ្តាលី ក៏បានអនុវត្តច្បាប់ហាមឃាត់កុមារក្រោមអាយុ ១៦ឆ្នាំ ពីការប្រើបណ្តាញសង្គមដូចជា Facebook, Snapchat, TikTok និង YouTube ដែលច្បាប់នេះបានចូលជាធរមានកាលពីខែធ្នូកន្លងទៅ៕










