ចម្លែកភ្នែក! ក្រុមហ៊ុនឡានស្វ័យប្រវត្តិ Waymo ជួលបុគ្គលិកក្រៅម៉ោងឱ្យដើរបិទទ្វារឡានឱ្យខ្លួន ក្នុងតម្លៃរហូតដល់ ២៤ដុល្លារ
13-02-2026 15:19
(បរទេស)៖ ទោះបីជាបច្ចេកវិទ្យារថយន្តបើកបរដោយខ្លួនឯងរបស់ក្រុមហ៊ុន Waymo (កម្មសិទ្ធិរបស់ Alphabet) មានភាពទំនើបអស្ចារ្យយ៉ាងណាក៏ដោយ ក៏វានៅតែជួបបញ្ហាសាមញ្ញមួយ គឺវាមិនអាចបន្តដំណើរទៅមុខបានឡើយ ប្រសិនបើអ្នកដំណើរចុះទៅហើយមិនព្រមបិទទ្វាររថយន្ត។ ដើម្បីដោះស្រាយបញ្ហានេះ Waymo បានចាប់ដៃគូជាមួយបុគ្គលិកក្រៅម៉ោងពីក្រុមហ៊ុន DoorDash និង Honk ឱ្យជួយដើរបិទទ្វាររថយន្ត Robotaxi ដែលគេទុកចំហចោល ដោយផ្តល់ប្រាក់កម្រៃចន្លោះពី ១១ដុល្លារ ទៅ ២៤ដុល្លារ ក្នុងកិច្ចការម្ដងៗ។ នេះបើយោងតាមការចេញផ្សាយដោយ CNBC នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៦។
ក្រុមហ៊ុន Waymo និង DoorDash បានបញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍រួមទៅកាន់ CNBC ថា ពួកគេតែងតែ «ស្វែងរកវិធីថ្មីៗ និងមានភាពបត់បែនសម្រាប់អ្នកដឹកជញ្ជូន DoorDash ក្នុងការរកប្រាក់ចំណូល»។ ទន្ទឹមនឹងនោះ ក្រុមហ៊ុនក៏បានបង្ហើបថា រថយន្តជំនាន់ក្រោយនឹងមានបច្ចេកវិទ្យាបិទទ្វារដោយស្វ័យប្រវត្តិ ប៉ុន្តែមិនទាន់ច្បាស់ថានឹងដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅពេលណានោះទេ។
ការដែលក្រុមហ៊ុនតម្លៃរាប់ពាន់លានដុល្លារ ត្រូវពឹងផ្អែកលើមនុស្សឱ្យជួយធ្វើកិច្ចការងាយៗបែបនេះ បានសបញ្ជាក់ឱ្យឃើញថា សូម្បីតែបច្ចេកវិទ្យាដែលទំនើបបំផុតក៏នៅតែត្រូវការការជួយជ្រោមជ្រែងពីមនុស្ស។ យោងតាមរបាយការណ៍ហិរញ្ញវត្ថុ ផ្នែកបច្ចេកវិទ្យា Other Bets របស់ Alphabet នេះ កំពុងផ្តោតលើ «ការប្រើប្រាស់បច្ចេកវិទ្យាដើម្បីព្យាយាមដោះស្រាយបញ្ហាធំៗដែលប៉ះពាល់ដល់ឧស្សាហកម្មជាច្រើន រួមទាំងបច្ចេកវិទ្យាដឹកជញ្ជូន និងសុខាភិបាល» បើទោះបីជាត្រូវរងការខាតបង់ទឹកប្រាក់រាប់ពាន់លានដុល្លារក្នុងមួយឆ្នាំៗក៏ដោយ។
គួរជម្រាបថា បច្ចុប្បន្ន Waymo កំពុងនាំមុខគេក្នុងសហរដ្ឋអាមេរិក ដោយផ្តល់សេវាកម្មរថយន្តតាក់ស៊ីគ្មានមនុស្សបើកក្នុងទីផ្សារចំនួន ៦ រួចទៅហើយ និងមានគម្រោងពង្រីកខ្លួនកាន់តែខ្លាំងនៅឆ្នាំនេះ ស្របពេលដែលពួកគេកំពុងដាក់ពង្រាយរថយន្តជំនាន់ថ្មីដែលកាន់តែមានប្រសិទ្ធភាពជាងមុន៕











