រឿងរ៉ាវគួរឲ្យចាប់អារម្មណ៍ក្នុងលីគកំពូលកម្ពុជាចុងសប្ដាហ៍នេះ ខណៈកៅអី Top-6 កំពុងឡើងកម្ដៅ
13-02-2026 15:23
(ភ្នំពេញ)៖ ការប្រកួតបាល់ទាត់ជម្រើសជើងឯកលីគកំពូលកម្ពុជា (CPL-2025/26) នឹងបន្ដការប្រកួតសន្សំពិន្ទុ សប្ដាហ៍ទី២១ ចំនួន ៥គូនៅថ្ងៃទី១៤-១៥ ខែកុម្ភៈចុងសប្ដាហ៍នេះ ខណៈមានរឿងរ៉ាវមួយចំនួន ដែលអ្នកគាំទ្រកំពុងចាប់អារម្មណ៍ ពិសេសការប្រកួតរបស់បេក្ខភាពកំពុងប្រជែងកៅអី Top-6 តែម្ដង។
ក្នុងការប្រកួតនាចុងសប្ដាហ៍នេះមាន ៣គូ ដែលទទួលបានការចាប់អារម្មណ៍ខ្លាំង រួមមានក្រុមបឹងកេត ជួបម្ចាស់ផ្ទះណាហ្គាវើលដ៏ នៅកីឡដ្ឋានខេត្តកំពង់ស្ពឺ និងក្រុមអង្គរថាយហ្គឺរ ជួបក្រុមភ្ញៀវភ្នំពេញក្រោន នៅល្ងាចថ្ងៃទី១៤ ខែកុម្ភៈ និងក្រុម អឹមអូអាយ កំពង់ដេវ៉ា ជួបក្រុមកំពូលតារាងព្រះខ័នរាជស្វាយរៀង នាថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៦។
គិតត្រឹមសប្ដាហ៍ទី២០ ព្រះខ័នរាជស្វាយរៀង កំពុងឈរកំពូលតារាងមាន ៤៥ពិន្ទុ ខណៈភ្នំពេញក្រោន ឈរលេខ២ មាន ៤៣ពិន្ទុ និងសល់ ២ប្រកួតក្នុងដៃរៀងខ្លួន សម្រាប់ការប្រកួតជុំទី២។ ដូច្នេះក្រុមទាំងពីរ សុទ្ធតែត្រូវការជ័យជម្នះការប្រកួតនៅសល់ ក៏ដូចជាជំនួបចុងសប្ដាហ៍នេះ ដើម្បីរក្សា និងប្រជែងកៅអីកំពូលតារាង មុនឈានដល់ការប្រកួតដំណាក់កាលទី២។
ចំណែកគូប្រកួតរបស់ក្រុមខ្លាំងទាំងពីរ ក៏មិនខុសគ្នាដែរ រួមមានអង្គរថាយហ្គឺរ និង អឹមអូអាយ កំពង់ដេវ៉ា ក៏ដូចជាការប្រកួតរវាងណាហ្គា និងបឹងកេត ក្រុមនីមួយៗសុទ្ធតែត្រូវការជ័យជម្នះរៀងខ្លួន ដើម្បីធានា ក៏ដូចជារក្សាឱកាសប្រជេង កៅអី Top-6 ដែលកំពុងឡើងកម្ដៅ ដ្បិតក្រុមនីមួយៗមានពិន្ទុប្រកៀកប្រកិតគ្នា រួមទាំងវិសាខាផងដែរ។
បច្ចុប្បន្នបឹងកេត ឈរលេខ៣ មាន ៣២ពិន្ទុ សល់ ១ប្រកួត, អង្គរថាយហ្គឺរ ឈរលេខ៤ មាន ៣០ពិន្ទុ សល់ ២ប្រកួត, ណាហ្គា ឈរលេខ៦ មាន ២៩ពិន្ទុ សល់ ២ប្រកួត ស្មើវិសាខា ឈរលេខ៥ តែសល់ ១ប្រកួត គ្រាដែល អឹមអូអាយ កំពង់ដេវ៉ា ឈរលេខ៧ មាន ២៧ពិន្ទុ សល់ ២ប្រកួត។
ដូច្នេះការប្រកួតជំនួបចុងសប្ដាហ៍ បឹងកេត ត្រូវការយ៉ាងហោចស្មើ គ្រាដែលណាហ្គា ត្រូវការឈ្នះ ដើម្បីធានាកៅអី Top-6 ស្របពេលអង្គរថាយហ្គឺរ ក៏ត្រូវការជ័យជម្នះដូចគ្នា ដើម្បីធានាកៅអីទៅប្រជែងជើងឯក នៅដំណាក់កាលទី២។ រីឯក្រុម អឹមអូអាយ កំពុងដេវ៉ា គឺត្រូវការឈ្នះជ័យជម្នះ ដើម្បីរក្សាឱកាសប្រជែងកៅអី Top-6 ខណៈបើស្មើ ឬចាញ់ នឹងត្រូវចាំអ៊ុតលទ្ធផលការប្រកួតសប្ដាហ៍ចុងក្រោយរបស់ខ្លួន និងគូប្រជែងផងដែរ។
សម្រាប់លទ្ធផលការប្រកួតរវាងក្រុមខ្លាំង ប៉ះខ្លាំងខាងលើ ណាហ្គាបានស្មើម្ចាស់ផ្ទះបឹងកេត ១-១ នៅពហុកីឡដ្ឋានជាតិ ខណៈភ្នំពេញក្រោន បានយកឈ្នះអង្គរថាយហ្គឺរ ៣-០ ក្នុងដី។ ចំណែក អឹមអូអាយ កំពង់ដេវ៉ា ស្មើម្ចាស់ផ្ទះព្រះខ័នរាជស្វាយរៀង ២-២ មុនត្រូវពិន័យឲ្យចាញ់ក្រុមជើងឯក ៣-០ វិញ ក្រោយរកឃើញក្រុម អឹមអូអាយ កំពង់ដេវ៉ា ប្រើប្រាស់កូតាកីឡាករបរទេសលើសចំនួនលើទីលានអំឡុងការប្រកួតនេះ៕







