គ្រោះថ្នាក់ដែលស្មានមិនដល់៖ បុរសម្នាក់ធ្លាក់ «សរីរាង្គខាងក្នុង» ចេញមកក្រៅ ក្រោយអង្គុយចុចទូរសព្ទក្នុងបង្គន់យូរពេក

14-02-2026 07:40

(ប៉េកាំង)៖ ករណីអាសន្នវេជ្ជសាស្ត្រដ៏កម្រ និងគួរឱ្យរន្ធត់មួយនៅក្នុងប្រទេសចិន បានក្លាយជាការដាស់តឿនយ៉ាងធ្ងន់ធ្ងរដល់មនុស្សរាប់លាននាក់ ដែលមានទម្លាប់ចូលបង្គន់យូរ និងយកទូរសព្ទទៅចុចតាមខ្លួន។

តាមសេចក្ដីរាយការណ៍ បុរសម្នាក់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យជាបន្ទាន់ បន្ទាប់ពីគាត់បានកើតមានអាការៈ Rectal Prolapse យ៉ាងធ្ងន់ធ្ងរ ដែលជាស្ថានភាពសរីរាង្គរុន្ធគូទបាត់បង់ការទ្រទ្រង់ ហើយលៀនចេញមកក្រៅរាងកាយ បន្ទាប់ពីគាត់បានអង្គុយក្នុងបង្គន់អស់រយៈពេលជាង ៣០ នាទី ដើម្បីចុចទូរសព្ទ។

ក្រុមគ្រូពេទ្យបានពន្យល់ថា ការអង្គុយលើបង្គន់ក្នុងរយៈពេលយូរ បូករួមនឹងការប្រឹងក្នុងកំឡុងពេលបត់ជើង ខណៈពេលដែលអារម្មណ៍កំពុងជក់ជាមួយទូរសព្ទ បានធ្វើឲ្យសាច់ដុំអាងត្រគាកចុះខ្សោយ។ សម្ពាធខ្លាំងក្នុងរយៈពេលយូរធ្វើឱ្យសាច់ដុំអាងត្រគាក (Pelvic Floor Muscles) ចុះខ្សោយ និងមិនអាចទ្រទ្រង់សរីរាង្គខាងក្នុងបាន។ ការអង្គុយយូរធ្វើឱ្យឈាមហូរទៅកាន់តំបន់រុន្ធគូទកើនឡើង ដែលបង្កជាជំងឺឫសដូងបាតកម្រិតធ្ងន់ និងបញ្ហាសរសៃឈាម។

ករណីនេះបានក្លាយជាមេរៀនសម្រាប់អ្នកដែលចាត់ទុកបង្គន់ជាកន្លែងកម្សាន្ត សម្រាប់អូសមើលបណ្ដាញសង្គម ឬលេងហ្គេម។ អ្នកជំនាញវេជ្ជសាស្ត្របានផ្ដល់អនុសាសន៍ថា ការចូលបង្គន់មិនគួរលើសពី ១០ នាទី ឡើយ ដើម្បីជៀសវាងសម្ពាធមិនចាំបាច់។ សម្រាប់អ្នកដែលមានបញ្ហាទល់លាមក គួរទទួលទានអាហារដែលមានជាតិសរសៃ (Fiber) ខ្ពស់ និងផឹកទឹកឱ្យបានច្រើន ជាជាងការចំណាយពេលអង្គុយប្រឹងក្នុងបង្គន់យូរ។

ប្រសិនបើទម្លាប់នេះមិនត្រូវបានផ្លាស់ប្តូរទេ វាអាចឈានទៅដល់បញ្ហាសុខភាពរ៉ាំរ៉ៃដែលត្រូវការព្យាបាលតាមរយៈការវះកាត់រុន្ធគូទ ការព្យាបាលសាច់ដុំអាងត្រគាក និងការវះកាត់ឫសដូងបាតកម្រិតធ្ងន់បំផុត។

ហេតុអ្វីបានជាការចុចទូរសព្ទធ្វើឱ្យយើងអង្គុយក្នុងបង្គន់យូរជាងធម្មតា? ព្រោះខួរក្បាលរបស់យើងផ្ដោតលើមាតិកាកម្សាន្ត (Dopamine) ដែលធ្វើឱ្យយើងបាត់បង់ស្មារតីនៃពេលវេលា និងមិនដឹងថាខ្លួនឯងកំពុងផ្ដល់សម្ពាធខ្លាំងដល់សាច់ដុំរុន្ធគូទ៕