យល់ដឹងកីឡា៖ ក្រុមនៅអឺរ៉ុប លេងមិនឈ្នះក្រុមមកពីអាមេរិកឡាទីនសោះ រាល់ពេល World Cup រៀបចំនៅអាស៊ី, ហេតុអ្វី?
14-02-2026 08:02
(បរទេស)៖ ព្រឹត្តិការណ៍បាល់ទាត់ពិភពលោក World Cup បានរៀបចំនៅទ្វីបអាស៊ី (AFC) ទើបតែបាន ២លើកប៉ុណ្ណោះ ក្នុងចំណោម ២២សម័យកាលមកនេះ ហើយមានតែក្រុមមកពីតំបន់អាមេរិកខាងត្បូង (ឡាទីន) ទៀតសោត ដណ្តើមបានជើងឯក។
ឥន្រ្ទីដែកអាល្លឺម៉ង់ និងមាន់គកបារាំង ក្នុងនាមក្រុមខ្លាំងប្រចាំតំបន់អឺរ៉ុប (UEFA) សុទ្ធតែបានចាញ់វគ្គផ្តាច់ព្រ័ត្រដូចគ្នានៅអាស៊ី ក្រោមថ្វីជើងរបស់សាំបាប្រេស៊ីល និងពពកសអាហ្សង់ទីន។ តើមកពីមូលហេតុអ្វីទៅ?
ទោះបែបនេះក្តី គិតមកទល់ពេលនេះ ពុំមានប្រភពព័ត៌មាន ក៏ដូចជាអ្នកជំនាញកីឡាបាល់ទាត់ណាមួយ វិភាគថាតើមកពីមូលហេតុអ្វីនោះទេ? តើអាចមកពីកត្តាអាកាសធាតុដែរទេ? ចុះអេស្ប៉ាញ និងហូឡង់ ឡើងផ្តាច់ព្រ័ត្រ World Cup 2010 នៅអាហ្រ្វិកខាងត្បូង ដែលជាតំបន់ក្តៅជាងគេផងនោះ?
ទ្វីបអាស៊ី ដែលមាន ៤៨ប្រទេសសរុប ទើបទទួលបានសិទ្ធិធ្វើម្ចាស់ផ្ទះ World Cup លើកដំបូងក្នុងឆ្នាំ២០០២ ដោយមានកូរ៉េខាងត្បូង និងជប៉ុនធ្វើម្ចាស់ផ្ទះរួមគ្នា ហើយក៏ជាពេលដែលសាធារដ្ឋប្រជាមានិតចិន បានឡើងមកលេងពាន ៤ឆ្នាំម្តងនេះជាលើកដំបូងទៀតផង ក្នុងវគ្គចែកពូល ៣២ក្រុមចុងក្រោយ។
គ្រានោះដែរ សាំបាប្រេស៊ីល ដែលប្រជុំទៅដោយជើងខ្លាំងមានដូចជា Rivaldo, Roberto Carlos, Cafu, Ronaldinho និង Ronaldo ជាដើមនោះ បានយកឈ្នះអាល្លឺម៉ង់ ២-០ ក្នុងម៉ោងថែម ១៥នាទី ២ដង លើកពាន World Cup គម្រប់លើកទី៥ របស់ពួកគេ។
World Cup ៥សម័យកាលមកទៀត អាស៊ីបានសិទ្ធិធ្វើម្ចាស់ផ្ទះម្តងទៀត ពោលគឺឆ្នាំ២០២២ នៅប្រទេសកាតា ប្រវត្តិសាស្រ្តចំដែល អាហ្សង់ទីនដែលមាន Lionel Messi ជាប្រធានក្រុមបានផ្តួលម្ចាស់ការពារតំណែងជើងឯកបារាំង ដោយបាល់ ១១ម៉ែត្រកាត់សេចក្តីទៀត។
World Cup 2034 នឹងធ្វើនៅអារ៉ាប៊ីសាអូឌីត ជាប្រទេសស្ថិតនៅអាស៊ីទី៣។ តើក្រុមនៅអឺរ៉ុប អាចកែប្រែប្រវត្តិបានដែរ ឬយ៉ាងណា? តើក្រុមមកពីតំបន់ផ្សេង អាចមានសមត្ថភាពទេ ក្នុងការឈានមកកាន់ផ្តាច់ព្រ័តជាលើកដំបូង?





