ចុងភៅ Michelin លំដាប់ផ្កាយពីរ ​លោក TOMIZAWA KATSUTOSHI  មកកាន់ប្រទេសកម្ពុជា​ ចែករំលែកភាពល្អឥតខ្ចោះនៃ​សិល្បៈចម្អិនអាហារ

14-02-2026 09:26

(ភ្នំពេញ)៖ ភោជនីយដ្ឋាន ឃីយ៉ូ អូម៉ាកាសេ ​បានទទួលស្វាគមន៍ ការអញ្ជើញមកដល់របស់លោក TOMIZAWA KATSUTOSHI ដែលជាចុងភៅកិត្តិយសទទួលបានលំដាប់ផ្កាយពីរ Michelin ពីប្រទេសជប៉ុន។

​នេះជាចំណុចដ៏សំខាន់មួយ​របស់ ឃីយ៉ូ អូម៉ាកាសេ ក្នុងការបន្តស្វែងរកភាពល្អឥតខ្ចោះនៃផ្នែកសិល្បៈចម្អិនអាហារ​ តាមរយៈការចែករំលែករបស់ លោកTOMIZAWA ។

ដោយបានបម្រើការងារ នៅ L’Abysse ក្រោមការដឹកនាំរបស់ ប្រធានចុងភៅលោក YANNICK ALLENO នៅទីក្រុងប៉ារីស៍ លោក​ TOMI បានបង្ហាញពីចក្ខុវិស័យដូចគ្នា ទៅនឹង លោកចុងភៅ ALLENO ក្នុងការចង់ចងភ្ជាប់រសជាតិ និងវប្បធម៌អាហាររវាងប្រទេសជប៉ុន និងបារាំង ដោយមីនុយរបស់លោកបានបង្កើតជាស្ពានចងភ្ជាប់រវាងប្រទេសទាំងពីរ។

​ខណៈដែលលោកបានមកដល់ប្រទេសកម្ពុជា គោលបំណងរបស់លោក គឺបញ្ចូលរសជាតិពិសេសពីប្រទេសជប៉ុន ប្រទេសបារាំង និងប្រទេសកម្ពុជាមកផ្សំគ្នាក្នុងមឺនុយតែមួយ។

វត្តមានរបស់ ចុងភៅ TOMIZAWA នៅឃីយ៉ូ អូម៉ាកាសេ បានឆ្លុះបញ្ចាំងអំពីភាពស្របតាមធម្មជាតិនិងគុណតម្លៃ ។ ជំនួសឲ្យការផ្លាស់ប្តូរអត្តសញ្ញាណរបស់ភោជនីយដ្ឋាន តួនាទីរបស់លោកបានបន្ថែមនូវស្រទាប់ថ្មីមួយនៃប្រណីតភាព ការកែលម្អគុណភាពម្ហូបអាហារ ការលើកកម្ពស់នូវបទពិសោធន៍អូម៉ាកាស តាមរយៈជំនាញដ៏ហ្មត់ចត់ ចង្វាក់បម្រើយ៉ាងគិតគូរ និងការប្ដេជ្ញាចិត្តខ្ពស់ចំពោះភាពដើមនៃសិល្បៈអាហារ។

​តាមរយៈបទពិសោធន៍​ជាច្រើនឆ្នាំក្នុងសិល្បៈចម្អិនអាហារកម្រិតខ្ពស់របស់ប្រទេសជប៉ុនលោក TOMIZAWA ​នឹងបង្ហាញនូវការរៀបចំរាល់មុខម្ហូបយ៉ាងល្អទៅភ្ញៀវ ស្របតាមរដូវកាលនិងជម្រៅនៃការយល់ដឹង​។ ជំពូកថ្មីនេះ បានបន្តពង្រឹងតួនាទីរបស់ ឃីយ៉ូ អូម៉ាកាសេ ដែលជាគោលដៅសំខាន់មួយសម្រាប់ប្រណិតភាពនៃអាហារជប៉ុននៅកម្ពុជា ដែលពោពេញទៅដោយ ស្មារតីសិប្បកម្ម ការយកចិត្តទុកដាក់ និងការប្តេជ្ញារក្សាឲ្យបាននូវស្តង់ដារដ៏ល្អឥតខ្ចោះ៕