របាយការណ៍ WSJ៖ អាមេរិកបានប្រើ AI «Claude» របស់ Anthropic ក្នុងប្រតិបត្តិការចាប់ខ្លួនប្រធានាធិបតីវេណេស៊ុយអេឡា
14-02-2026 09:48
(បរទេស)៖ តាមការរាយការណ៍របស់ The Wall Street Journal បង្ហាញថា ម៉ូដែលបញ្ញាសិប្បនិម្មិត (AI) ឈ្មោះ Claude របស់ក្រុមហ៊ុនបច្ចេកវិទ្យាអាមេរិក Anthropic ត្រូវបានប្រើក្នុងប្រតិបត្តិការយោធាអាមេរិក ដើម្បីចាប់ខ្លួនអតីតប្រធានាធិបតីវេណេស៊ុយអេឡាលោក Nicolás Maduro។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Reuters នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៦។
ការប្រើ Claude នេះ ត្រូវបានអនុវត្តតាមរយៈភាពជាដៃគូររវាង Anthropic និងក្រុមហ៊ុនទិន្នន័យ Palantir Technologies ដែលប្រព័ន្ធរបស់វាត្រូវបានប្រើយ៉ាងទូលំទូលាយដោយក្រសួងការពារជាតិអាមេរិក និងភ្នាក់ងារអនុវត្តច្បាប់សហព័ន្ធ។ ទោះយ៉ាងណា Reuters មិនអាចផ្ទៀងផ្ទាត់ព័ត៌មាននេះបានភ្លាមៗទេ ហើយទាំងក្រសួងការពារជាតិអាមេរិក , សេតវិមាន , ក្រុមហ៊ុន Anthropic និង Palantir ក៏មិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំមតិយោបល់ឡើយ។
បច្ចុប្បន្ន មន្ទីរបញ្ចកោណកំពុងជំរុញឱ្យក្រុមហ៊ុន AI ធំៗ រួមទាំង OpenAI និង Anthropic ធ្វើឱ្យឧបករណ៍ AI របស់ពួកគេអាចប្រើបានលើបណ្តាញសម្ងាត់ និងកាត់បន្ថយសម្រាប់គោលបំណងប្រើប្រាស់ធម្មតា។ ក្រុមហ៊ុន AI ជាច្រើនកំពុងបង្កើតឧបករណ៍ផ្ទាល់ខ្លួនសម្រាប់យោធាអាមេរិក ប៉ុន្តែភាគច្រើនអាចប្រើបានតែលើបណ្តាញមិនសម្ងាត់ប៉ុណ្ណោះ។ Anthropic គឺជាក្រុមហ៊ុនតែមួយដែលអាចឲ្យប្រើក្នុងបរិយាកាសសម្ងាត់តាមរយៈភាគីទីបី ប៉ុន្តែរដ្ឋាភិបាលនៅតែត្រូវគោរពគោលនយោបាយប្រើប្រាស់របស់ក្រុមហ៊ុន។
គោលនយោបាយរបស់ក្រុមហ៊ុន Anthropic គឺហាមឃាត់ការប្រើ Claude ដើម្បីគាំទ្រអំពើហិង្សា រចនាអាវុធ ឬធ្វើសកម្មភាពស៊ើបការណ៍។ តាមរបាយការណ៍ សហរដ្ឋអាមេរិកបានចាប់ខ្លួនលោក Nicolás Maduro ក្នុងប្រតិបត្តិការដ៏ធំមួយផ្អើលពិភពលោក ហើយបាននាំលោកទៅកាន់ទីក្រុង New York ដើម្បីប្រឈមមុខនឹងបទចោទពាក់ព័ន្ធនឹងការជួញដូរគ្រឿងញៀននៅដើមខែមករា ឆ្នាំ២០២៦នេះ៕







