Spurs តែងតាំងលោក Tudor ជាគ្រូបង្វឹកថ្មី មុនប៉ះកាំភ្លើងធំ Arsenal ចុងសប្តាហ៍ក្រោយ
14-02-2026 09:51
(បរទេស)៖ លោក Igor Tudor បានព្រមព្រៀងក្នុងការដឹកនាំក្លិបមាន់ខ្នាយមាស Tottenham Hotspur រហូតដល់ចប់រដូវកាលនេះ និង ១ប្រកួតបើកឆាកត្រូវប៉ះក្រុមខ្លាំង Arsenal ថែមទៀតនាចុងសប្តាហ៍ក្រោយ ក្នុងលីគ Premier League។ នេះបើយោងតាមការចេញផ្សាយដោយ BBC។
បុរសវ័យ ៤៧ឆ្នាំ សញ្ជាតិក្រូអាតរូបនេះ បានទំនេរពីការងារ គិតចាប់តាំងពីក្លិបអ៉ីតាលី Juventus ដកតួនាទីកាលពីខែ តុលា ឆ្នាំ២០២៥ មក។
ភារកិច្ចដំបូង ក្នុងនាមគ្រូបង្វឹកបណ្តោះអាសន្នរហូតចប់រដូវកាលឆ្នាំ២០២៥-២៦ តពីលោក Thomas Frank ដែលត្រូវបានដកតួនាទីក្នុងសប្តាហ៍នេះ ត្រូវតតាំងនឹងក្រុមកំពូលតារាងមកពីភាគខាងជើងទីក្រុង London ក្នុងជើងទី២ នាថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៦។
លោក Tudor មានពេលមិនដល់ ១សប្តាហ៍ផង ក្នុងការរៀបចំកូនក្រុមឡើងវិញ ចាប់ផ្តើមដឹកនាំហ្វឹកហាត់នាថ្ងៃចន្ទសប្តាហ៍ក្រោយ ស្របពេល Spurs បានកំពុងស្ថិតនៅលេខរៀងទី១៦ បណ្តោះអាសន្នជាមួយនឹង ២៩ពិន្ទុ នៅក្រៅតំបន់កាត់ចោលតែ ៤ពិន្ទុ ដោយនៅសល់ ១២ប្រកួតទៀតបិទរដូវកាល។
នេះជាការងារដឹកនាំក្លិបលើកដំបូងនៅអង់គ្លេស ដោយកន្លងធ្លាប់ធ្វើការនៅប្រទេសអ៉ីតាលី បារាំង តួកគី ក្រូអាត និងក្រិក។ លោកធ្លាប់ឈ្នះពាន Serie A ២លើកនាឆ្នាំ២០០២ និងឆ្នាំ២០០៣ នៅជាកីឡាករលេងឱ្យសេះបង្កង់ Juventus និងឡើងដល់ផ្តាច់ព្រ័ត្រ UEFA Champions League 2002-03 ដ្បិតចាញ់ AC Milan នៅវគ្គដណ្តើមពាននេះ៕



