Rodri ម្ចាស់ពាន Ballon d’Or 2024 ត្រៀមទទួលទណ្ឌកម្មពី FA រឿងរិះគន់អាជ្ញាកណ្តាល

14-02-2026 10:29

(បរទេស)៖ Rodri ខ្សែបម្រើរបស់ក្លិបមេឃខៀវ Manchester City ត្រូវបានសហព័ន្ធ FA ប្រកាសដាក់ពិន័យ ពីបទរិះគន់អាជ្ញាកណ្តាលថា «កាត់ក្តីលំអៀង» ក្នុងប្រកួតដែល City បញ្ចប់ក្នុងលទ្ធផលស្មើគ្នា ២-២ ទល់នឹង Tottenham Hotspur។ នេះបើយោងតាមការចេញផ្សាយដោយ BBC។

កីឡាករអន្តរជាតិអេស្ប៉ាញ វ័យ ២៩ឆ្នាំខាងលើបានខឹងសម្បារ ចំពោះការផ្តល់បាល់គ្រាប់ចូលទីរបស់ Dominic Solanke នៅពេលខ្សែប្រយុទ្ធ Spurs រូបនេះទាត់ជើងខ្សែការពារ Marc Guehi ដ្បិត FA មិនបានបញ្ជាក់ច្បាស់ពីប្រតិកម្មរបស់ Rodri ចំពោះលោកអាជ្ញាកណ្តាល Robert Jones នោះទេ។

ទោះជាបែបនេះក្តី Rodri ដែលត្រូវបានបោះឆ្នោតជាប់ ដើម្បីឈ្នះពានឯកត្តជន Ballon d’Or ជាលើកដំបូងកាលឆ្នាំ២០២៤ នោះ មានសិទ្ធិប្តឹងតវ៉ារហូតដល់ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៦ នៅមុនពេលការពិន័យត្រូវបានដាក់ចេញជាផ្លូវការ។

គួររំលឹកផងថា កូនក្រុមរបស់លោក Pep Guardiola បានបើកការនាំមុខម្ចាស់ផ្ទះ Spurs ២ទល់នឹង០ ត្រឹមវគ្គទី១ កាលពីលេងថ្ងៃទី០១ ខែកុម្ភៈ មុនពេល Solanke របស់មាន់ខ្នាយមាសវាយបកបាន ២គ្រាប់វិញនៅនាទី៥៣ និងខ្វះ ២០នាទីដល់ម៉ោងបញ្ចប់ការប្រកួត៕