ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស ចាប់ដៃគ្នាបង្កើត «របាំងការពារទំនុកចិត្ត» ទប់ស្កាត់ការបែកបាក់ក្នុងពិភពឌីជីថល

14-02-2026 11:36

(បរទេស)៖ ក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្សចំនួន ១៥ នាំមុខដោយ Microsoft និង Ericsson រួមមានទាំង Google, Amazon និង Nokia ជាដើម បានប្រកាសបង្កើតសម្ព័ន្ធភាពថ្មីមួយឈ្មោះថា «Trusted Tech Alliance»។ ការចងក្រងគ្នានេះ ធ្វើឡើងក្នុងគោលបំណងធានាថា បច្ចេកវិទ្យាដែលយើងប្រើប្រាស់រាល់ថ្ងៃ នឹងមានសុវត្ថិភាពជានិច្ច ទោះបីជាវាត្រូវបានផលិតចេញពីប្រទេសណាក៏ដោយ។ នេះបើយោងតាមការចុះផ្សាយរបស់ CNA នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៦។

បច្ចុប្បន្ន ពិភពលោកកំពុងជួបបញ្ហាប្រឈម ដោយសារប្រទេសមហាអំណាចមួយចំនួន ចាប់ផ្តើមរឹតបន្តឹង និងចង់បង្កើត «ព្រំដែនបច្ចេកវិទ្យា» រៀងៗខ្លួន ដែលអាចធ្វើឱ្យការប្រើប្រាស់អ៊ីនធឺណិត និងទិន្នន័យសកលមានការរអាក់រអួល។ លោក Brad Smith ប្រធានក្រុមហ៊ុន Microsoft បានពន្យល់ថា៖ «ក្នុងដំណាក់កាលដែលប្រទេសជាច្រើនកំពុងមានសម្ពាធក្នុងការបង្កើតព្រំដែនបច្ចេកវិទ្យា... ក្រុមហ៊ុនយើងត្រូវធ្វើការជាមួយគ្នា ដើម្បីកំណត់ឱ្យច្បាស់ថា តើអ្វីទៅជា "ទំនុកចិត្ត" ពិតប្រាកដសម្រាប់អ្នកប្រើប្រាស់»។

ទន្ទឹមនឹងនេះ លោក Börje Ekholm នាយកប្រតិបត្តិក្រុមហ៊ុន Ericsson ក៏បានផ្តល់ទស្សនៈយ៉ាងស៊ីជម្រៅថា ក្នុងយុគសម័យទំនើបនេះ គ្មានប្រទេសណាមួយអាចរស់នៅដាច់ដោយឡែកតែម្នាក់ឯងបានឡើយ។ លោកបានបញ្ជាក់ថា៖ «តើពាក្យថាអធិបតេយ្យភាព (ការចង់គ្រប់គ្រងម្នាក់ឯង) មានន័យដូចម្តេច? បើយើងប្រើវាខុសគោលដៅ វានឹងក្លាយជារបាំងរាំងខ្ទប់ការរកស៊ីទៅវិញទេ។ គ្មានប្រទេសណាមួយនៅលើភពផែនដីនេះ ដែលអាចមានអធិបតេយ្យភាពពេញលេញដោយខ្លួនឯងបាននោះទេ»

គួរជម្រាបថា សម្ព័ន្ធភាពថ្មីនេះនឹងប្រកាន់ខ្ជាប់នូវគោលការណ៍សំខាន់ៗចំនួន ៥ រួមមានការដឹកនាំដោយតម្លាភាព សីលធម៌ និងសុវត្ថិភាពខ្ពស់បំផុត។ គោលដៅធំបំផុតរបស់ពួកគេ គឺការពារកុំឱ្យការរីកចម្រើននៃបញ្ញាសិប្បនិម្មិត (AI) និងប្រព័ន្ធផ្ទុកទិន្នន័យ (Cloud) ត្រូវរងផលប៉ះពាល់ដោយសារជម្លោះនយោបាយរវាងប្រទេស និងប្រទេស ដើម្បីឱ្យបច្ចេកវិទ្យានៅតែអាចបម្រើមនុស្សជាតិជុំវិញពិភពលោកដោយគ្មានការរើសអើង៕