ត្រៀមលុយឱ្យហើយ! Apple កំពុងសម្ងំតេស្ត iPhone អេក្រង់បត់ «Flip-Style» ដើម្បីប្រជែងជាមួយ Samsung

14-02-2026 15:09

(បរទេស)៖ ក្រុមហ៊ុនយក្ស Apple ត្រូវបានរាយការណ៍ថា កំពុងបោះជំហានចូលក្នុងទីផ្សារទូរស័ព្ទអេក្រង់បត់ ដោយកំពុងធ្វើតេស្តសាកល្បងលើ iPhone ស៊េរីថ្មីដែលមានរចនាប័ទ្មបត់ចុះឡើង (Flip-style)។ យោងតាមអ្នកបញ្ចេញព័ត៌មានលេចធ្លាយ «Fixed Focus Digital» បានឱ្យដឹងថា Apple បានប្រើប្រាស់ទិន្នន័យពីប្រភពក្នុងរោងចក្រផលិត ដើម្បីបង្កើតគំរូសាកល្បងនេះឡើង ក្នុងគោលបំណងត្រៀមខ្លួនប្រជែងជាមួយគូប្រជែងធំៗដូចជា Samsung Galaxy Z Flip និង Motorola Razr ជាដើម។ នេះបើយោងតាមការចេញផ្សាយដោយ MacRumors នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៦។

លោក Mark Gurman អ្នកជំនាញបច្ចេកវិទ្យាដ៏ល្បីពី Bloomberg បានបញ្ជាក់ថា Apple ពិតជាកំពុង «សិក្សាស្វែងយល់» លើគំនិតនៃ iPhone ដែលមានរាង «ការ៉េ បែបសំបកខ្យង (clamshell-style)» ពិតមែន។ លោកបានបន្ថែមថា ម៉ូឌែលបត់ខ្នាតតូចនេះ អាចនឹងបង្ហាញខ្លួនបន្ទាប់ពីការចេញលក់ iPhone បត់បានជំនាន់ដំបូង (ប្រភេទបត់បើកដូចសៀវភៅ) ដែលត្រូវបានរចនាឡើងសម្រាប់អ្នកដែលត្រូវការអេក្រង់ធំដូច Tablet ដើម្បីបំពេញការងារបានច្រើនក្នុងពេលតែមួយ។

គួរជម្រាបថា សម្រាប់ iPhone បត់បានដំបូងបង្អស់ដែលពិភពលោកកំពុងទន្ទឹងរង់ចាំ ត្រូវបានគេរំពឹងថានឹងមានអេក្រង់ខាងក្នុងទំហំ ៧,៨ អ៊ីញ ប្រភេទអេក្រង់រាបស្មើគ្មានស្នាមផ្នត់ និងបំពាក់ដោយបន្ទះឈីបកម្លាំងខ្លាំង A20 ព្រមទាំងបច្ចេកវិទ្យាស្កេនមេដៃ (Touch ID) ផងដែរ។ បើតាមប្រភពដដែល ឧបករណ៍ដ៏ទំនើបនេះអាចនឹងត្រូវដាក់សម្ពោធព្រមគ្នាជាមួយ iPhone 18 Pro នាអំឡុងចុងឆ្នាំ ២០២៦ ខាងមុខនេះ៕