ធនាគារ អេស ប៊ី អាយ លី ហួរ រៀបចំទិវាមនុស្សធម៌របស់ខ្លួន តាមរយៈការចូលរួមជាមួយមជ្ឈមណ្ឌលជាតិផ្តល់ឈាម នៅថ្ងៃបុណ្យនៃក្តីស្រឡាញ់ ១៤កុម្ភៈ

14-02-2026 20:09

(ភ្នំពេញ)៖ ធនាគារ អេស ប៊ី អាយ លី ហួរ កាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៦ បានរៀបចំទិវាមនុស្សធម៌ នៅដើមឆ្នាំ ២០២៦នេះ តាមរយៈការចូលរួមជាមួយមជ្ឈមណ្ឌលជាតិផ្តល់ឈាម បានប្រារព្ធទិវានៃក្តីស្រឡាញ់ ក្រោមប្រធានបទ «ផ្តល់ឈាម ផ្តល់ក្តីស្រឡាញ់ដែលជាកាដូនៃសេចក្តីស្រលាញ់ចេញពីបេះដូង នៅថ្ងៃបុណ្យនៃសេចក្តីស្រលាញ់»។ ដែលមាន អ្នកចូលរួមបរិច្ចាគឈាមជិត ៥៤៥នាក់ រួមមានគណៈគ្រប់គ្រង បុគ្គលិកគ្រប់ជាន់ថ្នាក់ និងអតិថិជនរបស់ធនាគារ អេស ប៊ី អាយ លី ហួរ ព្រមទាំងសាធារណជនជាច្រើនកុះករផងដែរ។

នៅក្នុងឱកាសនោះផងដែរ លោក ម៉ៅ ប៉ូឡូ អគ្គនាយករង ធនាគារ អេស ប៊ី អាយ លី ហួរ បានមានប្រសាសន៍ថា៖ «ការបរិច្ចាគឈាមនៅថ្ងៃនេះ គឺជាសក្ខីភាពនៃសេចក្ដីស្រឡាញ់ដ៏បរិសុទ្ធ ដែលបុគ្គលិកធនាគារ អេស ប៊ី អាយ លី ហួរ និងសប្បុរសជនទាំងអស់ បានលះបង់ដើម្បីផ្ដល់ជីវិតទីពីរដល់អ្នកជំងឺ និងពង្រឹងស្មារតីមនុស្សធម៌ក្នុងសង្គមជាតិ»។

លោកអគ្គនាយករងបានបន្ថែមទៀតថា៖ «ខ្ញុំសូមធ្វើការអំពាវនាវ និងលើកទឹកចិត្តដល់ប្រជាពលរដ្ឋកម្ពុជាគ្រប់រូបដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ក្នុងការបរិច្ចាកឈាម ឱ្យចូលរួមដោយស្ម័គ្រចិត្តក្នុងការបរិច្ចាគឈាមឱ្យបានច្រើនកុះករជារៀងរាល់ថ្ងៃ មិនមែនតែនៅថ្ងៃទីវានៃក្តីស្រឡាញ់ ១៤ កុម្ភៈ នេះទេ»។

ទិវានេះត្រូវបានប្រារព្ធឡើងនៅមជ្ឈមណ្ឌលជាតិផ្តល់ឈាម ក្បែរមន្ទីរពេទ្យរុស្ស៊ី ក្នុងគោលបំណងជួយជនរងគ្រោះដែលកំពុងមានតម្រូវការឈាម និងបង្កើនបរិមាណឈាមក្នុងឃ្លាំង ស្តុកទុកឈាមរបស់មជ្ឈមណ្ឌលជាតិផ្តល់ឈាម ដើម្បីធ្វើការប្រើប្រាស់នៅពេលចាំបាច់។ ការចូលរួមបរិច្ចាគឈាម គឺជាការចាំបាច់បំផុតព្រោះឈាមមិនអាចធ្វើការនាំចូលពីបរទេស ឬផលិតដោយរោងចក្រឱសថណាមួយបាននោះឡើយ។

ក្នុងរយៈពេលប្រាំឆ្នាំកន្លងមកនេះ ធនាគារ អេស ប៊ី អាយ លី ហួរ បានបង្ហាញនូវឆន្ទៈយ៉ាងមុតមាំក្នុងនាមជាគ្រឹះស្ថានហិរញ្ញវត្ថុដែលមានភាពច្នៃប្រឌិត និងគួរឱ្យទុកចិត្ត ដើម្បីភាពរីកចម្រើន តាមរយៈការចូលរួមយ៉ាងសកម្មក្នុងសកម្មភាពសប្បុរសធម៌ និងកិច្ចការសង្គមជាច្រើន រួមមានការគាំទ្រដល់វីរកងទ័ពជួរមុខ និងជនភៀសសឹកពីសង្រ្គាម ការជួសជុលអគារសិក្សា ជួយឧបត្ថម្ភដោយផ្ទាល់ដល់សាលារៀននៅតាមតំបន់ដាច់ស្រយាល ការលើកកម្ពស់វិស័យកីឡានៅតាមសាលារៀន ការបរិច្ចាគឈាមជួយសង្គ្រោះជីវិតជាមួយមជ្ឈមណ្ឌលជាតិផ្តល់ឈាម ព្រមទាំងការងារបរិស្ថាន និងសង្គមកិច្ច ដូចជាការដាំកូនឈើ ការផ្តល់ធុងសំរាមសាធារណៈ និងការជួយសង្គ្រោះបន្ទាន់ដល់គ្រួសាររងគ្រោះដោយទឹកជំនន់ដែលសកម្មភាពទាំងអស់នេះ គឺជាសក្ខីភាពនៃបេសកកម្មរបស់ធនាគារក្នុងការចូលរួមចំណែកកសាងសង្គមជាតិឱ្យកាន់តែរីកចម្រើន និងមាននិរន្តរភាព។

ធនាគារ អេស ប៊ី អាយ លី ហួរ ម.ក បានផ្តើមដំណើរការជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ លី ហួរ នៅឆ្នាំ២០១២ ហើយបានប្រែក្លាយខ្លួនទៅជាធនាគារពាណិជ្ជ ក្រោយពីទទួលបានអាជ្ញាបណ្ណធ្វើប្រតិបត្តិការធនាគារពីធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០ ដោយមានការចូលរួមវិនិយោគពីដៃគូជាយុទ្ធសាស្រ្តរវាងលោកអ្នកឧកញ៉ា លី ហួរ និងក្រុមហ៊ុនជប៉ុនដ៏ធំ SBI Holdings, Inc.។ បន្ទាប់មកនៅ ខែតុលា ឆ្នាំ២០២៥ ធនាគារ អេស ប៊ី អាយ លី ហួរ ម.ក បានក្លាយជាក្រុមហ៊ុនបុត្រសម្ព័ន្ធ ដែលគ្រប់គ្រងដោយ SBI Holdings, Inc. ទាំងស្រុង។

ការរួមបញ្ចូល ធនាគារ អេស ប៊ី អាយ លី ហួរ ម.ក ទៅក្នុងបណ្តាញសកលរបស់ SBI Group គឺជាជំហានដ៏សំខាន់មួយដែលទទួលបានប្រយោជន៍ពីធនធានបច្ចេកវិទ្យាហិរញ្ញវត្ថុ (Fintech) ដ៏ទូលំទូលាយ និងការធ្វើសមាហរណកម្មប្រតិបត្តិការក្នុងគោលបំណងបង្កើនតម្លៃដល់អតិថិជន។

ការផ្លាស់ប្តូរនេះ គឺធ្វើឡើងដោយផ្អែកលើមូលដ្ឋានហិរញ្ញវត្ថុដ៏រឹងមាំ គិតត្រឹមឆ្នាំ២០២៤ ធនាគារ អេស ប៊ី អាយ លី ហួរ ម.ក ស្ថិតនៅចំណាត់ថ្នាក់លេខរៀងទី១៨ ផ្អែកលើផលបត្រកម្ចីសរុបជាង ៨២១លានដុល្លារអាមេរិក ក្នុងចំណោមធនាគារពាណិជ្ជទាំង៥៩ នៅព្រះរាជាណាចក្រកម្ពុជា ដែលធ្វើឱ្យធនាគារ អេស ប៊ី អាយ លី ហួរ ម.ក ក្លាយជាគ្រឹះស្ថានហិរញ្ញវត្ថុដ៏ធំមួយ និងមានការរីកចម្រើនយ៉ាងឆាប់រហ័ស ចាប់តាំងពីការផ្លាស់ប្តូរទៅជាធនាគារពាណិជ្ជក្នុងឆ្នាំ២០២០។

បច្ចុប្បន្ន ធនាគារ អេស ប៊ី អាយ លី ហួរ ម.ក មានទ្រព្យសកម្មជាង ១.១៥ពាន់លានដុល្លារអាមេរិក និងបណ្តាញប្រតិបត្តិការទូទាំងប្រទេស។ ការរីកចម្រើនដ៏ធំធេងនេះ គឺជាលទ្ធផលនៃយុទ្ធសាស្ត្រដែលបានរួមបញ្ចូលគ្នាយ៉ាងរលូនរវាងហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងប្រព័ន្ធឌីជីថលដ៏ទូលំទូលាយ ជាមួយនឹងការប្រើប្រាស់សេវាផ្ទេរប្រាក់ដ៏ឈានមុខ មានដូចជា SBI Ripple ជាមួយនឹងបច្ចេកវិទ្យា Blockchain ដែលបង្កើតឡើងសម្រាប់ការទូទាត់អន្តរជាតិឆាប់រហ័ស និងមានតម្លៃសមរម្យ។

តាមរយៈការរីកចម្រើននេះ ធនាគារ អេស ប៊ី អាយ លី ហួរ ម.ក កំពុងពង្រីកសេវាកម្មបន្ថែមទៀត ដើម្បីបំពេញតម្រូវការផ្នែកសេវាធនាគារឌីជីថលដ៏ងាយស្រួល ដែលកំពុងកើនឡើង និងការពង្រឹងខ្លួនឱ្យស្របទៅតាមការរីកចម្រើនផ្នែកបច្ចេកវិទ្យាហិរញ្ញវត្ថុ (Fintech) នាពេលអនាគត៕