ធនាគារ «វីង» ប្រារព្ធទិវានៃក្តីស្រឡាញ់ជាមួយបេសកកម្មសង្គ្រោះកុមារកម្ពុជា
15-02-2026 12:48
(ភ្នំពេញ)៖ នាថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៦៖ ធនាគារ «វីង» ប្រារព្ធទិវានៃក្តីស្រឡាញ់ជាមួយបេសកកម្មសង្គ្រោះកុមារជាមួយនឹងព្រឹត្តិការណ៍ «រត់ជាមួយវីង ដើម្បីកុមារកម្ពុជា» បានកៀរគរថវិកា ២០លានរៀល ជូនមន្ទីរពេទ្យកុមារអង្គរ ដើម្បីធានានិរន្តរភាពនៃការព្យាបាលដោយឥតគិតថ្លៃសម្រាប់កុមារកម្ពុជា។
បរិវេណបុរីប៉េងហួតបឹងស្នោ បានក្លាយជាទីតាំងនៃសាមគ្គីភាពដ៏រស់រវើកកាលពីព្រឹកមិញនេះ ខណៈដែលអ្នកចូលរួមប្រមាណជិត ១.០០០ នាក់ បានពាក់អាវយឺត និងចងខ្សែស្បែកជើង រត់រួមគ្នាជាមួយ ធនាគារ វីង ក្នុងព្រឹត្តិការណ៍ «រត់ជាមួយវីង ដើម្បីកុមារកម្ពុជា»។
លោក ហោ ប៊ុនថែ អគ្គនាយករង ធនាគារ វីង បានលើកឡើងថា «ការជួបជុំថ្ងៃនេះ មិនត្រឹមតែជួយលើកកម្ពស់សុខភាពអ្នកចូលរួមប៉ុណ្ណោះទេ ប៉ុន្តែគឺជាការផ្តល់ក្តីសង្ឃឹម និងការការពារដល់ជីវិតកុមារកម្ពុជាដែលងាយរងគ្រោះបំផុត។ ការចូលរួមនេះ នឹងជួយឱ្យមន្ទីរពេទ្យបន្តបេសកកម្មផ្តល់សេវាព្យាបាលប្រកបដោយសមធម៌ គុណភាព និងគ្មានការរើសអើង។ ខ្ញុំសូមអរគុណយ៉ាងជ្រាលជ្រៅដល់អ្នកចូលរួមទាំងអស់ ដែលបានចំណាយពេលចុងសប្តាហ៍ក្នុងស្មារតីសាមគ្គីភាព ដើម្បីបង្ហាញពីក្តីស្រឡាញ់ និងការយកចិត្តទុកដាក់ចំពោះសុខុមាលភាពកុមារនៅកម្ពុជា»។
ជាផ្នែកមួយនៃយុទ្ធនាការនេះ ធនាគារ វីង បានបរិច្ចាគថវិកាបន្ថែមចំនួន ១០.០០០ រៀល សម្រាប់បុគ្គលិកចូលរួមម្នាក់ ចូលទៅក្នុងមូលនិធិសប្បុរសធម៌។ សរុបទាំងការបរិច្ចាគពីដៃគូ និងសប្បុរសជននានា ថវិកាចំនួន ២០លានរៀល ត្រូវបានប្រគល់ជូនមន្ទីរពេទ្យកុមារអង្គរដោយផ្ទាល់ ដើម្បីធានាថា កុមារកម្ពុជាគ្រប់រូបមានឱកាសទទួលបានសេវាសុខាភិបាលប្រកបដោយគុណភាព និងឥតគិតថ្លៃ។
កញ្ញា ស៊ិន ស្រីល័ក្ខ អ្នកគ្រប់គ្រងផ្នែកសប្បុរសធម៌ និងភាពជាដៃគូនៃមន្ទីរពេទ្យកុមារអង្គរ បានលើកឡើងថា «សកម្មភាពនៅថ្ងៃនេះ គឺបង្ហាញពីក្ដីស្រឡាញ់ដ៏ធំធេងសម្រាប់កុមារកម្ពុជា ហើយក៏ជាកម្លាំងចិត្តដ៏ធំធេងសម្រាប់ក្រុមគ្រូពេទ្យរបស់យើងផងដែរ។ យើងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះធនាគារ វីង ដែលតែងតែជាដៃគូសប្បុរសធម៌ដ៏រឹងមាំ ក្នុងការរួមចំណែកកសាងអនាគតដ៏ភ្លឺស្វាងសម្រាប់កុមារកម្ពុជា»។
មន្ទីរពេទ្យកុមារអង្គរ ដែលមានទីតាំងនៅខេត្តសៀមរាប គឺជាស្ថាប័នសុខាភិបាលមិនរកប្រាក់ចំណេញដ៏សំខាន់មួយ ដែលបានផ្តល់ការព្យាបាលដល់កុមារកម្ពុជាជាង ១២០.០០០ នាក់ក្នុងមួយឆ្នាំៗ។ ដើម្បីបន្តប្រតិបត្តិការសង្គ្រោះជីវិតនេះ មន្ទីរពេទ្យត្រូវការថវិកាប្រមាណជាង ៦ លានដុល្លារជារៀងរាល់ឆ្នាំ ដែលពឹងផ្អែកភាគច្រើនលើការបរិច្ចាគពីសប្បុរសជន។
កញ្ញ យិន សុន្និច ដែលបានចូលរួមក្នុងកម្មវិធីរត់នេះ បានរៀបរាប់ទាំងទឹកមុខញញឹមថា «ការអបអរសាទរថ្ងៃបុណ្យនៃក្ដីស្រឡាញ់តាមរយៈការរត់សប្បុរសធម៌បែបនេះ គឺជាបទពិសោធន៍ដ៏មានន័យបំផុតសម្រាប់ខ្ញុំ។ វាលើសពីការហាត់ប្រាណដើម្បីសុខភាព ប៉ុន្តែវាគឺជាការចែករំលែកក្ដីស្រឡាញ់ពិតប្រាកដទៅកាន់កុមារដែលកំពុងត្រូវការជំនួយ»។
គួរបញ្ជាក់ផងដែរថា នេះគឺជាឆ្នាំទី២ហើយដែលធនាគារ វីង បានរៀបចំព្រឹត្តិការណ៍នេះឡើង។ ក្នុងនាមជាធនាគារសម្រាប់ប្រជាជនកម្ពុជា ធនាគារ វីង តែងតែដាក់បញ្ចូលការងារសង្គមជាអាទិភាពក្នុងប្រតិបត្តិការអាជីវកម្មរបស់ខ្លួន។ ក្រៅពីកម្មវិធីនេះ ធនាគារ វីង ក៏តែងតែគាំទ្រមន្ទីរពេទ្យកុមារអង្គរ តាមរយៈរៃអង្គាសថវិកា «បុណ្យផ្កាប្រាក់មហាសាមគ្គី» និងគំនិតផ្តួចផ្តើមជាច្រើនផ្សេងទៀត។
ក្នុងឱកាសនៃទិវានៃក្ដីស្រឡាញ់នេះ ព្រឹត្តិការណ៍នេះបានបញ្ចប់ទៅដោយជោគជ័យលើសពីការរំពឹងទុក ព្រមទាំងបានបន្សល់ទុកនូវស្នាមញញឹម និងការចងចាំដ៏មានន័យបំផុត ចេញពីទឹកចិត្តសប្បុរសរបស់អ្នកចូលរួមគ្រប់រូប ដើម្បីជាផ្នែកមួយនៃការរួមចំណែកសង្គ្រោះកុមារកម្ពុជា ក៏ដូចជាលើកកម្ពស់សុខុមាលភាពក្នុងសហគមន៍។
សាធារណជនទាំងអស់អាចចូលរួមជួយសង្គ្រោះអាយុជីវិតកុមារកម្ពុជាក្នុងថ្ងៃនៃក្តីស្រឡាញ់ តាមរយៈការបរិច្ចាគថវិកាជូនដល់មន្ទីរពេទ្យកុមារអង្គរ ដោយគ្រាន់តែស្កេន វីង KHQR ខាងក្រោម។ រាល់ការបរិច្ចាគ មិនមានការគិតថ្លៃសេវាឡើយពីគ្រប់គណនីធនាគារក្នុងស្រុកទាំងអស់ ហើយចំនួនទឹកប្រាក់ទាំងស្រុងនឹងផ្ទេរចូលទៅក្នុងគណនីធនាគាររបស់មន្ទីរពេទ្យកុមារអង្គរដោយផ្ទាល់៕

























