អន្ដរជាតិគាំទ្រគំនិតផ្ដួចផ្ដើមកម្ពុជាចំនួន ២ ដើម្បីជំរុញការអភិវឌ្ឍវិស័យកីឡាវាយកូនបាល់ក្នុងតំបន់ និងទ្វីប
15-02-2026 13:39
(ភ្នំពេញ)៖ សហព័ន្ធកីឡាវាយកូនបាល់អន្ដរជាតិ (ITF) បានគាំទ្រគំនិតផ្ដួចផ្ដើមចំនួន ២ របស់លោក ទេព រិទ្ធីវិទ្ធ អគ្គលេខាធិការសហព័ន្ធកីឡាវាយកូនបាល់កម្ពុជា ដែលត្រូវអនុវត្តចាប់ពីឆ្នាំ២០២៦ តទៅ ដើម្បីជំរុញការអភិវឌ្ឍវិស័យកីឡាវាយកូបាល់ ទាំងក្នុងតំបន់ និងទ្វីប ពិសេសកម្រិតយុវជនថ្នាល ដើម្បីឆ្ពោះទៅរកការប្រកួតប្រជែងកម្រិតពិភពលោកនាថ្ងៃអនាគតដ៏ខ្លីខាងមុខ។
នេះបើតាមការបញ្ជាក់របស់អនុប្រធានសហព័ន្ធកីឡាវាយកូនបាល់អាស៊ីខាងលើ ក្នុងពិធីបិទការប្រកួតកីឡាវាយកូនបាល់វគ្គជម្រុះប្រចាំទ្វីបអាស៊ីអាយុក្រោម ១៤ឆ្នាំ ITF ASIA 14 & UNDER DEVELOPMENT CHAMOPIONSHIPS 2026-Regional Qualifying Event South, Southeast, & East Asia ដែលកម្ពុជាទទួលធ្វើម្ចាស់ផ្ទះ រយៈពេល ២សប្ដាហ៍កន្លងទៅ នៅពហុកីឡដ្ឋានជាតិមរតកតេជោ។
សំណើររបស់មន្ដ្រីជាន់ខ្ពស់កីឡាវាយកូនបាល់កម្ពុជាខាងលើ ទី១-ការបូកពិន្ទុរាល់ការប្រកួតអន្ដរជាតិ ដើម្បីកីឡាករ-កីឡាការិនីនានាក្នុងទ្វីបអាស៊ី អាចសន្សំពិន្ទុ ឆ្ពោះទៅចូលរួមការប្រកួតកម្រិតពិភពលោក ដែលរៀបចំដោយ ITF និងទី២-ការស្នើឲ្យមានគ្រូបង្វឹកស្ថិតលើទីលាន កំឡុងការប្រកួតរបស់ថ្នាលយុវជន ដើម្បីមានសិទ្ធផ្ដល់ព័ត៌មានដល់កូនក្រុមបានទាន់ពេលវេលា ក្នុងការកែតម្រូវ ឬបំពេញចំណុចខ្វះខាត ដែលអាចធានាបាននូវការអភិវឌ្ឍសមត្ថភាពកាន់តែមានប្រសិទ្ធភាព។
ក្នុងនាមលោកផ្ទាល់ ដែលជាតំណាងសហព័ន្ធកម្ពុជា និងសហព័ន្ធអាស៊ី លោកពិតជាមានមោទនភាព ដែលសំណើរនេះ ត្រូវបានអន្ដរជាតិគាំទ្រ និងអនុវត្តឲ្យចាប់ផ្ដើមអនុវត្ត ចាប់ពីឆ្នាំ២០២៦ នេះ ដោយរាប់ពីការធ្វើម្ចាស់ផ្ទះវគ្គជម្រុះទ្វីបអាស៊ី នៅកម្ពុជាតទៅ ។ លោកថា នេះគឺជាចលករថ្មីមួយ ដើម្បីជំរុញទឹកចិត្តដល់កីឡាករ-កីឡាការិនីកម្ពុជា ក៏ដូចជាអត្តពលិកវ័យក្មេងក្នុងតំបន់ និងទ្វីប បានខិតខំប្រឹងប្រែងហ្វឹកហាត់ និងប្រកួត ដើម្បីមានឱកាសទៅប្រកួតជាមួយបណ្ដាប្រទេសធំៗលើពិភពលោក ហើយទោះឈ្នះ ឬចាញ់ ក៏នឹងផ្ដល់នូវភាពវិជ្ជមានដល់ពួកគេដែរ។
គួរដឹងថា វគ្គជម្រុះកីឡាវាយកូនបាល់ប្រចាំតំបន់អាស៊ី ដើម្បីស្វែងរកក្រុមជ័យលាភី ២ប្រទេស ទៅប្រកួតជុំផ្ដាច់ព្រ័ត្រ នាឆ្នាំ២០២៧ ដែលកម្ពុជាទទួលបានសិទ្ធធ្វើម្ចាស់ផ្ទះ ចាប់ពីថ្ងៃទី៣-១៤ ខែកុម្ភៈ ឆ្នាំ២០៦ គឺមានអត្តពលិក ១២ប្រទេសចូលរួម ក្នុងនោះក៏មានកីឡាករ-កីឡាការិនីកម្ពុជា ៤រូបចូលរួមផងដែរ។ ជាលទ្ធផលឆ្លងកាត់ការប្រកួត ២សប្ដាហ៍ គឺក្រុមអត្តពលិកវៀតណាម និងហ្វីលីពីន ដែលបានជាប់ជាក្រុមជ័យលាភី នឹងទទួលបានកៅអីឡើងទៅប្រកួតជុំផ្តាច់ព្រ័ត្រ នាឆ្នាំក្រោយ៕







