ប្រធានក្លិប ISI រំពឹងមានការអភិវឌ្ឍ និងការប្រកួតប្រជែងកាន់តែប្រសើរ ក្រោយមានទីលានហ្វឹកហាត់ផ្ទាល់ខ្លួន
15-02-2026 13:55
(ភ្នំពេញ)៖ ក្រោយជួបឧបសគ្គកង្វះខាតទីលានហ្វឹកហាត់ជាច្រើនឆ្នាំ ក្លិបបាល់ទាត់ ISI ដង្កោសែនជ័យ បានសម្ពោធដាក់ឲ្យប្រើប្រាស់ទីលានហ្វឹកហាត់ផ្ទាល់ខ្លួនផ្លូវការ នៅទឹកដីស្រុកកណ្ដាលស្ទឹង កាលពីថ្ងៃសៅរ៍ ខណៈប្រធានក្លិបលោក កាំង សេន រំពឹងនឹងមានការអភិវឌ្ឍសមត្ថភាព បច្ចេកទេស និងជំរុញឲ្យមានការប្រកួតប្រជែងកាន់តែល្អប្រសើរ។
ជាក្លិបក្មេងខ្ចីជាងគេមួយ ក្នុងចំណោមក្លិបសមាជិកលីគកំពូលកម្ពុជា ថ្នាក់ដឹកនាំក្លិបរហស្សនាមដំរីជ័យនេះ មានចក្ខុវិស័យដ៏វែងឆ្ងាយ ដើម្បីរួមចំណែកអភិវឌ្ឍន៍បាល់ទាត់ជាតិ ដោយក្រៅពីការរៀបចំក្រុមធំចូលរួមការប្រកួតប្រជែងថ្នាក់ជាតិ ISI ក៏បានរៀបចំថ្នាលយុវជនជាច្រើនកម្រិតអាយុ និងចូលរួមការប្រកួតនានា ដើម្បីបណ្ដុះនូវធនធានកីឡាករបន្ដវេន។ ប៉ុន្ដែកង្វះខាតទីលានហ្វឹកហាត់ ជាបញ្ហាប្រឈមមួយ សម្រាប់ដំណើរការអភិវឌ្ឍនេះ។
ប្រធានក្លិប និងជាកីឡាករខាងលើ បានបញ្ជាក់ថា «ធម្មតាក្លិបយើង ត្រូវមានកន្លែងហ្វឹកហាត់ មិនអាចមានតែកីឡដ្ឋានសម្រាប់ប្រកួតមួយ គ្រប់គ្រាន់នោះទេ ។ជាក់ស្ដែងសព្វថ្ងៃយើងហាត់ផង ប្រកួតផង នៅកីឡដ្ឋាន ISI Park (វេងស្រេង) ហើយពេលខ្លះ យើងជួលទីលានគេហាត់។ ចឹងកង្វះខាតខ្លាំងទៅលើទីលានហ្វឹកហាត់ ក៏ដូចជាយុវជនយើងផង ដែលត្រូវការទីលានហ្វឹកហាត់ត្រឹមត្រូវ ។ ដូច្នេះទីលានហ្វឹកហាត់ គឺពិតជាចាំបាច់មែនទែន»។
សម្រាប់ការសាងសង់ទីលានហ្វឹកហាត់នេះ «ដំណាក់កាលទី១ យើងធ្វើបានទីលានស្មៅធម្មជាតិចំនួន២ និងកន្លែងហ្វឹកហាត់កាយសម្បទា។ ទោះវាមិនទាន់គ្រប់គ្រាន់ ប៉ុន្ដែខ្ញុំគិតថា វាសមល្មម នឹងដំណាក់កាលដំបូង ដែលយុវជនយើងអាចហ្វឹកហាត់នៅទីនេះ ហើយក្ដីរំពឹងរបស់ខ្ញុំ ពួកគេនឹងមានពេលវេលា ជាមួយកន្លែងហ្វឹកហាត់ល្អជាងមុន ហើយគាត់ចាប់ផ្ដើមវិវឌ្ឍន៍កម្រិតបច្ចេកទេស នឹងអាចកាន់តែល្អប្រើសរជាងមុន»។ លោក កាំង សេន បន្ថែម។
គួរដឹងថា ទីលានហ្វឹកហាត់របស់ក្លិបកំពុងឈរបាតតារាង នៃលីគកំពូលកម្ពុជាខាងលើ ស្ថិតនៅតាមផ្លូវជាតិលេខ២ ភូមិក្រាំងស្បូវ ឃុំព្រះពុទ្ធ ស្រុកកណ្ដាលស្ទឹង ខេត្ដកណ្ដាល។ ក្រៅពីជាកន្លែងហ្វឹកហាត់ក្រុមធំ និងយុវជនរបស់ខ្លួន ISI ក៏គ្រោងប្រែក្លាយតំបន់នេះ ទៅជាសហគមន៍មួយ ដែលមានសកម្មភាពកីឡា ដើម្បីលើកកម្ពស់សុខភាព តាមរយៈការបើកឲ្យប្រជាពលរដ្ឋបានលេងកម្សាន្ដ ជាមួយផែនការបង្កើតពានមួយចំនួន ហើយក៏អាចឈានទៅសាងសង់កន្លែងស្នាក់នៅ សម្រាប់យុវជននាថ្ងៃអនាគតទៀតផង៕








