ប្រធាន NOCC អបអរសាទរកីឡាករទូកក្ដោង កែវ ភារុណ ដណ្ដើមបានមេដាយមាស ក្នុងព្រឹត្តិការណ៍អន្ដរជាតិ នៅសិង្ហបុរី

15-02-2026 22:43

(ភ្នំពេញ)៖ លោកបណ្ឌិត ថោង ខុន ទេសរដ្ឋមន្ដ្រី និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) បានផ្ញើសារអបអរសាទរ និងកោតសរសើរ ចំពោះកីឡាករទូកក្ដោងកម្ពុជា កែវ ភារុណ ដែលដណ្ដើមបានមេដាយមាស ១គ្រឿង ក្នុងព្រឹត្តិការណ៍ប្រកួតកីឡាទូកក្តោង 45th Singapore Open Windsurfing, Wing & Wind Foiling Championship 2026 នៅប្រទេសសិង្ហបុរី។

ព្រឹត្តិការណ៍អន្ដរជាតិខាងលើ បានប្រព្រឹត្តទៅពីថ្ងៃទី១២-១៥ ខែកុម្ភៈ ឆ្នាំ២០២៦ ក្រោមការរៀបចំរបស់សមាគមកីឡាទូកក្ដោង Windsurfing សហការជាមួយសហព័ន្ធកីឡាទូកក្ដោងសិង្ហបុរី ដោយមានកីឡាករ-កីឡាការិនីចំនួន ៥០នាក់ មកពីបណ្ដាប្រទេសក្នុងតំបន់ចូលរួម ក្នុងនោះក៏មានវត្តមានកីឡាករទូកក្ដោងកម្ពុជាចូលរួមផងដែរ គឺកីឡាករ កែវ ភារុណ និងកីឡាករ សែម ប្រុសពៅ។

ជាលទ្ធផលក្រុមកីឡាករកម្ពុជា ទទួលបានលទ្ធផលល្អប្រសើជាទីមោទនៈ ដោយកីឡាករ កែវ ភារុណ ប្រកួតលើវិញ្ញាសា Windsurfing Techno 293 Open ទទួលបានចំណាត់ថ្នាក់លេខ១ (មេដាយមាស) ក្នុងចំណោមកីឡាករចំនួន ៩រូប និងកីឡាករ សែម ប្រុសពៅ ប្រកួតលើវិញ្ញាសា IQ:Foil Open ទទួលបានចំណាត់ថ្នាក់លេខ៤ ក្នុងចំណោមកីឡាករ ៧នាក់ ។ ពិធីបំពាក់មេដាយបានរៀបចំឡើងនៅក្លិបកីឡាទូកក្តោង Constant Wind Sea Sport Center កាលពីល្ងាចមិញ។

សម្រាប់ការចូលរួមព្រឹត្តិការណ៍អន្ដរជាតិ ដែលប្រជុំដោយកីឡាករខ្លាំងក្នុងតំបន់នេះដែរ គឺជាឱកាសមួយដ៏មានសារៈសំខាន់ សម្រាប់ក្រុមកីឡាទូកក្តោងកម្ពុជា ក្នុងការពង្រឹងសមត្ថភាព និងជាពិសេសការប្រកួតប្រជែង ដើម្បីត្រៀមខ្លួនឆ្ពោះទៅកាន់ការប្រកួតកីឡាអាស៊ី (Asian Games) លើកទី២០ ដែលគ្រោងនឹងប្រព្រឹត្តិទៅក្នុងខែកញ្ញា ឆ្នាំ២០២៦ នៅទីក្រុង Aichi-Nagoya ប្រទេសជប៉ុន។

នេះគឺជាភាពជោគជ័យថ្មីមួយរបស់សហព័ន្ធកីឡាទូកក្តោងកម្ពុជា នាដើមឆ្នាំ២០២៦ ដែលក្រុមកីឡាករទូកក្តោងរបស់សហព័ន្ធ បានឈ្នះមេដាយមាស ពីការប្រកួតកីឡាទូកក្តោងប្រភេទ Windsurfing Techno 293 ជាលក្ខណៈអន្តរជាតិ ក្រោមការដឹកនាំ និងចង្អុលបង្ហាញរបស់លោក ថាំង ហ្គោលដុន ប្រធានសហព័ន្ធ និងលោក ថោង រដ្ឋសក្កិ អនុប្រធានអចិន្ត្រៃយ៍នៃសហព័ន្ធ ដែលតែងតែផ្តល់ឱកាសដល់កីឡាករ-កីឡាការិនី ចេញទៅចូលរួមប្រកួតជាលក្ខណៈអន្តរជាតិ រហូតបានយកមេដាយមកជូនជាតិជាបន្តបន្ទាប់។

សូមបញ្ជាប់ថា ទន្ទឹមជាមួយនឹងភាពជោគជ័យខាងលើ សហព័ន្ធក៏គ្រោងនឹងបញ្ជូនកីឡាករ-កីឡាការិនី ចេញទៅចូលរួមការប្រកួតជាលក្ខណៈអន្តរជាតិជាបន្តបន្ទាប់ទៀត ដូចជានៅប្រទេសម៉ាឡេស៊ី និងប្រទេសសិង្ហបុរី ដើម្បីបន្តប្រកួតប្រជែងដណ្តើមមេដាយជូនជាតិ ក៏ដូចជាការពង្រឹងសមត្ថភាពត្រៀមការប្រកួតព្រឹត្តិការណ៍កីឡាធំៗ ដូចជាកីឡាអាស៊ីផងដែរ៕