OpenAI ឆក់យកកំពូលអ្នកបង្កើត OpenClaw ដើម្បីពង្រឹងអាណាចក្រ «ភ្នាក់ងារ AI វៃឆ្លាត» ជំនាន់ថ្មី
16-02-2026 11:51
(បរទេស)៖ លោក Sam Altman នាយកប្រតិបត្តិ (CEO) ក្រុមហ៊ុន OpenAI បានប្រកាសជាផ្លូវការនូវការនាំយកលោក Peter Steinberger ដែលជាស្ថាបនិកកម្មវិធី OpenClaw ដ៏ល្បីល្បាញឱ្យមកចូលរួមជាមួយក្រុមហ៊ុនរបស់លោក។ ការប្រកាសនេះត្រូវបានធ្វើឡើងនៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៦ ដោយបញ្ជាក់ថា ទោះបីជាស្ថាបនិករូបនេះមកធ្វើការឱ្យ OpenAI ក៏ដោយ ក៏គម្រោង OpenClaw នឹងមិនបាត់បង់ទៅណាឡើយ ពោលគឺវា «នឹងបន្តរស់នៅក្រោមមូលនិធិមួយក្នុងនាមជាគម្រោងកូដចំហ (Open Source) ដែល OpenAI នឹងបន្តគាំទ្រ» ដើម្បីបម្រើដល់អ្នកប្រើប្រាស់ទូទៅដដែល។
គោលដៅធំបំផុតនៃការទាញយកកំពូលអ្នកបច្ចេកទេសរូបនេះ គឺដើម្បីបង្កើត «ភ្នាក់ងារផ្ទាល់ខ្លួន» (Personal Agents) ដែលជាបច្ចេកវិទ្យា AI ជំនាន់ថ្មី អាចបំពេញការងារស្មុគស្មាញជំនួសមនុស្សបានដោយខ្លួនឯង (ដូចជាការសម្រេចចិត្ត ឬចាត់ចែងការងារ)។ លោក Altman បានលើកសរសើរថា៖ «គាត់គឺជាអ្នកមានទេពកោសល្យម្នាក់ដែលមានគំនិតដ៏អស្ចារ្យជាច្រើនអំពីអនាគតនៃភ្នាក់ងារវៃឆ្លាតបំផុត ដើម្បីធ្វើរឿងមានប្រយោជន៍ជាច្រើនសម្រាប់មនុស្សជាតិ»។ លោកបានសង្កត់ធ្ងន់ថា បច្ចេកវិទ្យានេះនឹងក្លាយជា «ស្នូល» នៃផលិតផលរបស់ OpenAI ក្នុងពេលឆាប់ៗខាងមុខ។
ស្របពេលដែលពិភពលោកកំពុងជក់ចិត្តនឹង OpenClaw សូម្បីតែក្រុមហ៊ុនយក្សចិន Baidu ក៏គ្រោងនឹងដាក់បញ្ចូលបច្ចេកវិទ្យានេះទៅក្នុងកម្មវិធីស្មាតហ្វូនរបស់ខ្លួនដែរ។ ទោះជាយ៉ាងណា ការប្រកួតប្រជែងកាន់តែស្រួចស្រាវពីសំណាក់ Google និង Anthropic (ម្ចាស់កម្មវិធី Claude) កំពុងធ្វើឱ្យទីផ្សារ AI កាន់តែឡើងកម្ដៅ។ ប៉ុន្តែ អ្នកជំនាញខ្លះក៏បានព្រមានដែរថា ភាពងាយស្រួលក្នុងការកែច្នៃ OpenClaw អាចជា «ដាវពីរមុខ» ដែលបង្កជាហានិភ័យសន្តិសុខសាយប័រ ប្រសិនបើអ្នកប្រើប្រាស់យកវាទៅប្រើក្នុងផ្លូវមិនល្អ៕











