នាយករដ្ឋមន្ត្រីអង់គ្លេស Keir Starmer ស្នើអំណាចបន្ថែម ដើម្បីគ្រប់គ្រងការចូលប្រើអ៊ីនធឺណិតរបស់កុមារ

16-02-2026 14:48

(បរទេស)៖ នាយករដ្ឋមន្ត្រីអង់គ្លេស Keir Starmer បានប្រកាសនាពេលថ្មីៗនះថា លោកនឹងស្វែងរកអំណាចឲ្យកាន់តែទូលំទូលាយបន្ថែម ដើម្បីគ្រប់គ្រងការចូលប្រើអ៊ីនធឺណិត ដែលលោកយល់ថា ចាំបាច់សម្រាប់ការពារកុមារ ពីហានិភ័យឌីជីថលដែលផ្លាស់ប្តូរយ៉ាងឆាប់រហ័ស។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters នៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៦។

រដ្ឋាភិបាលអង់គ្លេសបានប្រកាសកាលពីខែមុនថា នឹងធ្វើការពិគ្រោះយោបល់អំពីការហាមឃាត់បណ្ដាញសង្គមសម្រាប់កុមារអាយុក្រោម ១៦ឆ្នាំ តាមគំរូប្រទេសអូស្ត្រាលី។ ងាកមកប្រទេសអេស្ប៉ាញ ក្រិក និងស្លូវេនី ក៏បានបញ្ជាក់ថា កំពុងរៀបចំផែនការហាមឃាត់ដូចគ្នានេះដែរ។ លោកStarmer បានបញ្ជាក់ថា៖ «បច្ចេកវិទ្យាកំពុងផ្លាស់ប្តូរយ៉ាងលឿន ហើយច្បាប់ត្រូវតែដើរតាមឱ្យទាន់»។ អំណាចថ្មីដែលស្នើនេះ អាចនាំឱ្យមានការត្រួតពិនិត្យពីរដ្ឋសភា លើវិធានការថ្មីៗនាពេលអនាគត។ ការិយាល័យរបស់លោក Starmer បានពន្យល់ថា វាចាំបាច់ណាស់ ដែលតម្រូវឲ្យមានការពិនិត្យឡើងវិញ ខណៈរដ្ឋាភិបាលអាចអនុវត្តវិធានការនោះបានក្នុងរយៈពេលខ្លី (ប៉ុន្មានខែខាងមុខ) ជំនួសឱ្យការរង់ចាំច្បាប់ថ្មី ខណៈបច្ចេកវិទ្យាវិវត្តន៍យ៉ាងខ្លាំងរហ័ស។

រដ្ឋាភិបាល បានប្រកាសថា Chatbot AI បន្ថែមទៀត នឹងត្រូវគ្របដណ្តប់ក្រោមការហាមឃាត់ការបង្កើតរូបភាពផ្លូវភេទ ដោយគ្មានការយល់ព្រមពីម្ចាស់រូប។ វិធានការនេះត្រូវបានពង្រឹងបន្ទាប់ពីមានចំណាត់ការលើប្រព័ន្ធ AI Grok ដែលជាកម្មសិទ្ធិរបស់ Elon Musk។ វិធានការទាំងនេះ នឹងត្រូវដាក់បញ្ចូលជាការកែប្រែច្បាប់ និងការពារកុមារ ដែលកំពុងត្រូវបានរដ្ឋសភាពិចារណា៕