Pentagon ព្រមានផ្ដាច់ទំនាក់ទំនងជាមួយម្ចាស់ AI «Claude» ជុំវិញការរឹតត្បិតលើវិស័យយោធា

16-02-2026 16:28

(បរទេស)៖ ក្រសួងការពារជាតិអាមេរិក (Pentagon) កំពុងគំរាមបញ្ឈប់កិច្ចសហការជាមួយក្រុមហ៊ុន Anthropic ដែលជាម្ចាស់ AI ដ៏ល្បី «Claude» បន្ទាប់ពីក្រុមហ៊ុននេះបដិសេធមិនព្រមដករបាំងរឹតត្បិតសុវត្ថិភាពចេញ តាមការចង់បានរបស់យោធា។ Pentagon ចង់ឱ្យក្រុមហ៊ុន AI ធំៗផ្ដល់សិទ្ធិឱ្យពួកគេប្រើប្រាស់បច្ចេកវិទ្យាសម្រាប់ «គោលបំណងស្របច្បាប់ទាំងអស់» រួមទាំងការអភិវឌ្ឍអាវុធ និងប្រតិបត្តិការលើសមរភូមិផ្ទាល់ ដែលចំណុចនេះខុសពីគោលការណ៍សីលធម៌របស់ Anthropic។ នេះបើយោងតាមការចេញផ្សាយដោយ CNA នៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៦។

ខណៈដែលក្រុមហ៊ុនយក្សផ្សេងទៀតដូចជា Google, OpenAI និង xAI ចាប់ផ្ដើមយល់ស្របតាមលក្ខខណ្ឌខ្លះៗ ក្រុមហ៊ុន Anthropic នៅតែប្រកាន់ជំហររឹងមាំលើការកំណត់ដែនកំណត់។ អ្នកនាំពាក្យក្រុមហ៊ុនបានបញ្ជាក់ថា ការចរចាកន្លងមកគឺផ្ដោតលើការហាមឃាត់ដាច់ខាតចំពោះ «អាវុធស្វ័យប្រវត្តពេញលេញ» និង «ការឃ្លាំមើលក្នុងស្រុក» ដើម្បីធានាថាបច្ចេកវិទ្យារបស់ខ្លួនមិនត្រូវបានយកទៅប្រើក្នុងផ្លូវដែលបង្កគ្រោះថ្នាក់ខ្លាំងដល់មនុស្សជាតិ។

គួរជម្រាបថា ទោះបីជាមានភាពរកាំរកូសក្នុងការចរចាក៏ដោយ ក៏មានរបាយការណ៍ថា AI របស់ Anthropic ត្រូវបានយោធាអាមេរិកយកទៅប្រើប្រាស់បាត់ទៅហើយ តាមរយៈក្រុមហ៊ុនទិន្នន័យ Palantir ក្នុងប្រតិបត្តិការតាមចាប់ខ្លួនអតីតប្រធានាធិបតីវេណេស៊ុយអេឡា លោក Nicolas Maduro។ ករណីនេះបានធ្វើឱ្យគេមើលឃើញថា Pentagon កំពុងព្យាយាមដាក់សម្ពាធឱ្យក្រុមហ៊ុន AI បើកដៃឱ្យពួកគេប្រើប្រាស់ឧបករណ៍ទាំងនេះនៅលើបណ្តាញសម្ងាត់ ដោយមិនចាំបាច់មានការរឹតត្បិតដូចអ្នកប្រើប្រាស់ទូទៅឡើយ៕