ពានរង្វាន់បាល់ទះសម្ដេចក្រឡាហោម ស ខេង រកឃើញក្រុមឡើងវគ្គ ១៦ក្រុមចុងក្រោយ

17-02-2026 13:20

(ភ្នំពេញ)៖ បន្ទាប់ពីចំណាយពេលជាង ១សប្ដាហ៍ ដើម្បិធ្វើការប្រកួតជម្រុះតាមពូល ព្រឹត្តិការណ៍បាល់ទះពានរង្វាន់សម្ដេចក្រឡាហោម ស ខេង រដូវកាលទី៤ ឆ្នាំ២០២៦ បានរកឃើញក្រុមឡើងវគ្គ ១៦ក្រុមចុងក្រោយហើយ ។ ការប្រកួតនេះមាន ៣២ក្រុមចូលរួម និងបែងចែកជា ៨ពូល ដើម្បិធ្វើការប្រកួតជម្រុះ នៅវិមានពហុកីឡដ្ឋានជាតិ (អូឡាំពិក)។

ជាលទ្ធផលក្រុមលេខ១ និងលេខ២ តាមពូលនីមួយៗ ដែលបានដឹកដៃគ្នាឡើងវគ្គបន្ដ រួមមាន៖ ពូល A លេខ១ ក្រុមស្នងការនគរបាលខេត្តព្រៃវែង និងលេខ២ ក្រុមលោកតាឌីព្រះវិហារ។ ពូល B លេខ១ ក្រុមស្នងការនគរបាលខេត្តព្រីសហនុ និងលេខ២ ក្រុមស្នងការនគរបាលខេត្តត្បូងឃ្មុំ។ ពូល C លេខ១ ក្រុមកងពលធំអន្ដរាគមន៍លេខ៣ និងលេខ២ ក្រុមឬទ្ធីសែនខេត្តកំពង់ឆ្នាំង និងពូល D លេខ១ ក្រុមបញ្ជាការដ្ឋានអង្គរ A និងលេខ២ ក្រុមស្នងការនគរបាលខេត្តពោធិ៍សាត់។

ចំណែកពូល E លេខ១ ក្រុមស្នងការនគរបាលរាជធានីភ្នំពេញ និងលេខ២ ក្រុមបញ្ជាការដ្ឋានអក្សរក្ស B។ ពូល F លេខ១ ក្រុមការពារតំណែងជើងឯក ស្នងការនគរបាលខេត្តស្វាយរៀង និងលេខ២ ក្រុមស្នងការនគរបាលខេត្តមណ្ឌលគិរី។ ពូលG លេខ១ ក្រុមក្រសួងមហាផ្ទៃ និងលេខ២ ក្រុមស្នងការនគរបាលខេត្តសៀមរាប និងពូលH លេខ១ ក្រុមវិសាខា និងលេខ២ ក្រុមស្នងការនគរបាលខេត្តកោះកុង។

យោងតាមលក្ខខណ្ឌការប្រកួត ក្រុមដែលឈរលេខ១ នៃពូលនីមួយៗ ត្រូវរង់ចាំដៃគូប្រកួតរបស់ខ្លួន នៅវគ្គ ១៦ក្រុមចុងក្រោយ ក្នុងចំណោមបេក្ខភាពក្រុមលេខ២ ទាំង ៨ក្រុម ដែលត្រូវឆ្លងកាត់ការចាប់ឆ្នោត។ ចំពោះការប្រកួតជម្រុះបន្ដរកក្រុមខ្លាំងឡើងវគ្គ ៨ក្រុមចុងក្រោយ នឹងត្រូវធ្វើឡើងរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី២១-២៣ ខែកុម្ភៈ មុនបន្ដការប្រកួតវគ្គបន្ដបន្ទាប់ រហូតដល់វគ្គផ្ដាច់ព្រ័ត្រ ដែលនឹងធ្វើឡើងនាថ្ងៃទី១ ខែមីនា ឆ្នាំ២០២៦ ខាងមុខ។

ដំណាលគ្នានឹងការរកឃើញបេក្ខភាពវគ្គ ១៦ក្រុមចុងក្រោយផ្នែកបុរសខាងលើ សម្រាប់វិញ្ញាសាបាល់ទះនារីវិញ ក៏នឹងត្រូវចាប់ផ្ដើមការប្រកួតជម្រុះក្នុងពូល នាចុងសប្ដាហ៍នេះផងដែរ ដោយមាន ៨ក្រុមចូលរួម និងចែកចេញជា ២ពូល គឺពូល A មានក្រុម Mahajak, ស្នងការនគរបាលរាជធានីភ្នំពេញ, សាលា CIA និងក្រសួងមហាផ្ទៃ និងពូល B មានក្រុមមន្ទីរអប់រំយុវជននិងកីឡាខេត្តកណ្តាល, មន្ទីរអប់រំយុវជននិងកីឡារាជធានីភ្នំពេញ, មន្ទីរអប់រំយុវជននិងកីឡាខេត្តពោធិសាត់ និងក្លិបបាល់ទះអកសមុទ្រ។

គួរដឹងថា នេះគឺជាលើកដំបូង ដែលពានរង្វាន់សម្ដេចក្រឡាហោម ស ខេង មានបញ្ចូលវិញ្ញាសាបាល់ទះផ្នែកនារី ដើម្បីស្របទៅនឹងការវិវឌ្ឍន៍របស់មជ្ឈដ្ឋានបាល់ទះអន្ដរជាតិ។ ក្រឡេកទៅមើលប្រាក់រង្វាន់ សម្រាប់ផ្ដល់ការលើកទឹកចិត្តឆ្នាំនេះ ក៏មានការកើនឡើងផងដែរ សម្រាប់ក្រុមជយលាភី និងម្ចាស់ពានរង្វាន់ឯកត្តជននានា ទាំងផ្នែកបុរស និងនារី គឺមានប្រាក់រង្វាន់សរុបចំនួន ១២៧លានរៀលឯណោះ។ ចាំមើលតើក្រុមណា នឹងក្លាយជាជើងឯកព្រឹត្តិការណ៍ដ៏ធំប្រចាំឆ្នាំនេះ?