គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អាក់ទីវភីភល ភីអិលស៊ី ប្រារព្ធកម្មវិធីលៀងសាយភោជន និងប្រគល់ពានរង្វាន់ឆ្នើមប្រចាំឆ្នាំ ជូនដល់ដៃគូសហការ
19-02-2026 12:40
(ភ្នំពេញ)៖ លោក សុន គឹមសា នាយកប្រតិបត្តិ ប្រតិបត្តិការ នៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អាក់ទីវភីភល ភីអិលស៊ី បានសម្ដែងការស្វាគមន៍យ៉ាងកក់ក្ដៅ និងស្នាមញញឹម ដល់ដៃគូសហការទាំងអស់ ដែលបានអញ្ជើញមកចូលរួម ក្នុងពិធីលៀងសាយភោជន និងប្រគល់ពានរង្វាន់ជូនដៃគូឆ្នើម។
លោក សុន គឹមសា បានបញ្ជាក់ពីខ្លឹមសារ នៃការប្រារព្ធកម្មវិធីនេះឡើង ក្នុងគោលបំណងថ្លែងអំណរអរគុណ និងបង្កើនចំណងមេត្រីភាព ទំនាក់ទំនងល្អ រវាងគ្រឹះស្ថាន ជាមួយដៃគូសហការអាជីវកម្ម ឱ្យកាន់តែមានភាពជិតស្និទ្ធជាមួយគ្នាបន្ថែមទៀត។
លោកបន្តទៀតថា គ្រឹះស្ថានផ្តោតលើការផ្ដល់ឥណទានជាសាច់ប្រាក់, ឥណទានបង់រំលស់គ្រឿងអេឡិចត្រូនិក, ឥណទានបង់រំលស់ម៉ូតូ, និងឥណទានបង់រំលស់រថយន្ត គ្រប់ប្រភេទ។
ដើម្បីបង្កើនតំបន់ប្រត្តិបត្តិការអាជីវកម្ម និងបង្កភាពងាយស្រួល ដល់អតិថិជនលើការទទួលបានសេវាឥណទាន គ្រឹះស្ថាន បានពង្រីកសាខាថ្មីចំនួន២កន្លែងជាផ្លូវការ នៅចុងឆ្នាំ២០២៥ ដែលមានទីតាំងនៅខេត្តពោធិ៍សាត់ និងខេត្តព្រះសីហនុ ខណៈដែលបច្ចុប្បន្ន គ្រឹះស្ថានមានសាខាសរុបទាំងអស់ចំនួន៣១សាខា។
លោកបានគូសបញ្ជាក់ទៀតថា ទោះបីជាស្ថានភាពសេដ្ឋកិច្ចកម្ពុជា ទទួលរងផលប៉ះពាល់ដោយបញ្ហាជម្លោះព្រំដែនកម្ពុជា-ថៃ យ៉ាងណាក៏ដោយ គ្រឹះស្ថាន នៅតែបន្តផ្តល់ឥណទាន ជូនដល់អតិថិជនឱ្យកាន់តែច្រើនបន្ថែមទៀត ដើម្បីចូលរួមចំណែក ដល់ការលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋ និងដើម្បីលើកតម្កើងដល់កំណើនសេដ្ឋកិច្ចកម្ពុជាផងដែរ៕

















