លីគកំពូលកម្ពុជា នឹងបញ្ចប់ជុំទី២ ចុងសប្ដាហ៍នេះ ខណៈអ្នកគាំទ្រចាប់អារម្មណ៍ខ្លាំងបេក្ខភាពដណ្ដើមកៅអី Top-6 ចុងក្រោយ

20-02-2026 09:00

(ភ្នំពេញ)៖ ការប្រកួតបាល់ទាត់ជម្រើសជើងឯកលីគកំពូលកម្ពុជា ឆ្នាំ២០២៥/២៦ នឹងបញ្ចប់ការប្រកួតសន្សំពិន្ទុ ជុំទី២ នៃដំណាក់កាលទី១ នាថ្ងៃទី២១-២២ ខែកុម្ភៈ ឆ្នាំ២០២៦ ចុងសប្ដាហ៍នេះ ដែលជាការប្រកួតដ៏ទាក់ទាញ ពិសេសការប្រកួតកាត់សេចក្ដីរកបេក្ខភាព ៦ក្រុមកំពូលតារាង (Top-6) ចុងក្រោយ រវាងវិសាខា និង អឹមអូអាយ កំពង់ដេវ៉ា។

សម្រាប់កម្មវិធីប្រកួតសប្ដាហ៍ទី២២ នេះដែរ គឺមាន ៣គូ ត្រូវជួបគ្នានាថ្ងៃសៅរ៍ ក្នុងនោះក្រុម អឹមអូអាយ កំពង់ដេវ៉ា ត្រូវជួបក្រុមម្ចាស់ផ្ទះ ISI ដង្កោសែនជ័យ ខណៈវិសាខា ត្រូវជួបក្រុមម្ចាស់ផ្ទះភ្នំពេញក្រោន និងក្រុមឡាយហ្វខេត្តព្រះសីហនុ ត្រូវជួបក្រុមណាហ្គាវើលដ៏។ រីឯថ្ងៃអាទិត្យមាន ២គូ រួមានព្រះខ័នរាជស្វាយរៀង ជួបក្រុមម្ចាស់ផ្ទះគិរីវង់ និងក្រុមអង្គរថាយហ្គឺរ ជួបក្រុមភ្ញៀវកងយោធពលខេមរភូមិន្ទ នៅទឹកដីខេត្តសៀមរាប។

ក្នុងចំណោម ៥ប្រកួតនេះ អ្នកគាំទ្រកំពុងចាប់អារម្មណ៍ខ្លាំង លើជំនួបកាត់សេចក្ដីរកបេក្ខភាព Top-6 ចុងក្រោយ រវាងវិសាខា ដែលកំពុងឈរលេខ៦ មាន ២៩ពិន្ទុ និង អឹមអូអាយ កំពង់ដេវ៉ា កំពុងឈរលេខ៧ មាន ២៧ពិន្ទុ។ ដូច្នេះការប្រកួតបញ្ចប់ជុំទី២ ថ្ងៃសៅរ៍នេះ ក្រុមទាំងពីរត្រូវការឈ្នះគូប្រជែងរៀងៗខ្លួន ដើម្បីដណ្ដើមកៅអី Top-6 ។

ករណីបើវិសាខាឈ្នះ ពួកគេនឹងទទួលបានកៅអី Top-6 ស្វ័យប្រវត្តិ តែបើស្មើ ឬចាញ់ ពួកគេក៏អាចឡើងវគ្គបន្ដដែរ បើសិន អឹមអូអាយ កំពង់ដេវ៉ា ស្មើ ឬចាញ់ តែបើ អឹមអូអាយ កំពង់ដេវ៉ា ឈ្នះវិញ នោះវិសាខា នឹងត្រូវបាត់បង់ឱកាសលេង Top-6 នៅដំណាក់កាលទី២។

ប៉ុន្ដែបើក្រឡេកទៅមើលគូប្រជែងក្រុមទាំងពីរវិញ ពិសេសភ្នំពេញក្រោន ក៏កំពុងត្រូវការពិន្ទុចាំបាច់ផងដែរ ដើម្បីប្រជែងជើងឯកជាមួយក្រុមកំពូលតារាងព្រះខ័នរាជស្វាយរៀង ដែលមានគម្លាត ៥ពិន្ទុ។ ដូច្នេះជំនួបរវាងភ្នំពេញក្រោន និងវិសាខា នឹងក្លាយជាការប្រកួតដ៏ធំ និងទាក់ទាញជាងគេក្នុងសប្ដាហ៍នេះ។ រីឯ ISI ដង្កោសែនជ័យ ក៏ត្រូវការជ័យជម្នះផងដែរ ដើម្បីរើបម្រាសពីបាតតារាង។ កាលពីជើងទី១ ការប្រកួតទាំង ២គូនេះ សុទ្ធតែបញ្ចប់ដោយលទ្ធផលស្មើគ្នា ពោលគឺភ្នំពេញក្រោន ស្មើវិសាខា ១-១ និង ISI ដង្កោសែនជ័យ ស្មើ អឹមអូអាយ កំពង់ដេវ៉ា ០-០។

គួរដឹងថា ដំណាក់កាលទី១ នៃលីគកំពូលកម្ពុជា បែងចែកការប្រកួតសន្សំពិន្ទុ ២ជុំ មុនឈានដល់ការប្រកួតដំណាក់កាលទី២ ដែលបែងចែកក្រុមលេខ១ ដល់លេខ៦ ឬ Top-6 ត្រូវបន្ដការប្រកួតសន្សំពិន្ទុវិលជុំ ២ជើងទៀត ដើម្បីកាត់សេចក្ដីរកក្រុមជើងឯក។ រីឯក្រុមឈរលេខ៧ ដល់លេខ១១ ក៏ត្រូវធ្វើការប្រកួតវិលជុំសន្សំពិន្ទុ ២ជុំបន្ថែមដូចគ្នា ដើម្បីកំណត់ក្រុមទទួលបានចំណាត់ថ្នាក់ផ្លូវការ នាចុងរដូវកាល ក្នុងចំណោមបេក្ខភាព ៥ក្រុមខាងក្រោម៕