«GANZBERG Run for Unity» ទទួលបានការគាំទ្រខ្លាំង មានអ្នកចុះឈ្មោះជាង ៦,៦០០នាក់ ក្នុងរយៈពេលត្រឹម ២ថ្ងៃ

20-02-2026 10:18

(ព្រះសីហនុ)៖ ព្រឹត្តិការណ៍រត់ប្រណាំង GANZBERG Run for Unity ដែលរៀបចំឡើងក្រោមខ្លឹមសារ «រត់ដើម្បីក្តីស្រលាញ់ រត់ដើម្បីទេសចរណ៍ និងរត់ដើម្បីសប្បុរសធម៌» កំពុងទទួលបានការគាំទ្រយ៉ាងកក្រើកពីសាធារណជន។ ក្នុងរយៈពេលត្រឹមតែ ២ថ្ងៃ បន្ទាប់ពីបើកការចុះឈ្មោះ ចំនួនអ្នកចូលរួមបានកើនឡើងដល់ជាង ៦,៦០០នាក់ ដែលលើសពីការរំពឹងទុក។

គណៈកម្មាធិការរៀបចំបានបញ្ជាក់ថា ដោយផ្អែកលើល្បឿននៃការចុះឈ្មោះបច្ចុប្បន្ន ចំនួនអ្នកចូលរួមអាចនឹងកើនដល់ចន្លោះពី ១០,០០០ ដល់ ១៥,០០០នាក់ នៅថ្ងៃព្រឹត្តិការណ៍ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ២២ ខែកុម្ភៈ ឆ្នាំ ២០២៦ នៅក្រុងព្រះសីហនុ។

ព្រឹត្តិការណ៍នេះមានគោលបំណង លើកកម្ពស់ការរស់នៅមានសុខភាពល្អ បង្កើនសាមគ្គីភាពសង្គម ជំរុញវិស័យទេសចរណ៍តំបន់ឆ្នេរ និងរួមចំណែកគាំទ្រការងារសប្បុរសធម៌។ កម្មវិធីត្រូវបានរៀបចំក្រោមកិច្ចសហការ រវាងក្រុមហ៊ុន Ganzberg និងអាជ្ញាធរពាក់ព័ន្ធ ដើម្បីបង្កើតព្រឹត្តិការណ៍កីឡាដ៏មានអត្ថន័យ និងជំរុញភាពរួមគ្នារបស់សហគមន៍៕