Bill Gates លុបចោលការចូលរួមសន្និសីទ AI នៅឥណ្ឌា ខណៈការត្រួតពិនិត្យពាក់ព័ន្ធនឹង Jeffrey Epstein កើនឡើង

20-02-2026 10:59

(បរទេស)៖ មហាសេដ្ឋី និងស្ថាបនិកក្រុមហ៊ុន Microsoft លោក Bill Gates បានលុបចោលសុន្ទរកថាសំខាន់របស់ខ្លួននៅក្នុងសន្និសីទ AI Impact Summit នៅទីក្រុងញូដេលី ប្រទេសឥណ្ឌា នៅវេលាចុងក្រោយ បន្ទាប់ពីការត្រួតពិនិត្យជាសាធារណៈឡើងវិញអំពីទំនាក់ទំនងអតីតកាលរបស់លោកជាមួយ Jeffrey Epstein បានកើនឡើង។

មូលនិធិ Gates បានបញ្ជាក់ថា ការសម្រេចចិត្តនេះមានគោលបំណងដើម្បីរក្សាឱ្យការពិភាក្សានៅសន្និសីទផ្តោតលើប្រធានបទបញ្ញាសិប្បនិម្មិត (AI) ជាចម្បង មិនឲ្យរឿងវិវាទខាងក្រៅបង្វែរចំណាប់អារម្មឡេីយណ៍។ តំណាងមូលនិធិម្នាក់បានចូលរួមជំនួសលោក Gates នៅព្រឹត្តិការណ៍នេះ។​ការដកខ្លួនរបស់លោកកើតឡើងបន្ទាប់ពីមានការបញ្ចេញឯកសារថ្មីៗពីអាជ្ញាធរសហរដ្ឋអាមេរិក ដែលបានលើកឡើងម្តងទៀតអំពីទំនាក់ទំនងមុនៗរវាង Gates និង Epstein ដែលជាអ្នកហិរញ្ញវត្ថុដែលធ្លាប់ត្រូវបានផ្តន្ទាទោសពីបទពាក់ព័ន្ធនឹងអំពើផ្លូវភេទ។ ការបង្ហាញឯកសារនេះបានបង្កើនការចាប់អារម្មណ៍ពីសារព័ត៌មាន និងសាធារណៈជាថ្មី។

កន្លងទៅ លោក Gates បានទទួលស្គាល់ថា លោកបានជួប Epstein ច្រើនដងក្នុងរយៈពេលឆ្នាំ ២០១១ ដល់ ២០១៤ ដោយអះអាងថា ការជួបពាក់ព័ន្ធនឹងការងារសប្បុរសធម៌។ ទោះយ៉ាងណា លោកបានបដិសេធការចោទប្រកាន់អវិជ្ជមាន និងបាននិយាយថា ការភ្ជាប់ទំនាក់ទំនងជាមួយ Epstein គឺជា “កំហុស” ដែលលោកសោកស្តាយ។

សន្និសីទ AI នៅញូដេលីនៅតែបន្តប្រព្រឹត្តទៅ ដោយមានមេដឹកនាំ និងអ្នកបច្ចេកវិទ្យាអន្តរជាតិជាច្រើនចូលរួម រួមមាននាយករដ្ឋមន្ត្រីឥណ្ឌា Narendra Modi នាយកប្រតិបត្តិ OpenAI លោក Sam Altman និងនាយកប្រតិបត្តិ Google លោក Sundar Pichai។

អ្នកវិភាគនិយាយថា ការអវត្តមានរបស់ Gates បានក្លាយជាប្រធានបទសំខាន់មួយនៅជុំវិញសន្និសីទ ប៉ុន្តែព្រឹត្តិការណ៍នៅតែបន្តដោយផ្តោតលើអនាគតនៃបច្ចេកវិទ្យា AI។