Apple ជាប់បណ្តឹងធំ! រដ្ឋ West Virginia ចោទថាបណ្តោយឱ្យរូបភាពបំពានកុមាររីករាលដាលលើ iCloud

20-02-2026 12:30

(បរទេស)៖ អគ្គមេធាវីរដ្ឋ West Virginia សហរដ្ឋអាមេរិក បានដាក់ពាក្យបណ្តឹងប្រឆាំងនឹងក្រុមហ៊ុន Apple ដោយចោទប្រកាន់ថា ក្រុមហ៊ុនបច្ចេកវិទ្យាយក្សនេះ បានបរាជ័យក្នុងការទប់ស្កាត់ការរក្សាទុក និងចែករំលែករូបភាពបំពានផ្លូវភេទលើកុមារ (Child sexual abuse material ឬ CSAM) នៅលើឧបករណ៍ iOS និងសេវាកម្ម iCloud។ លោក John “JB” McCuskey អគ្គមេធាវីរដ្ឋ បានរិះគន់ចំៗថា Apple កំពុងយកពាក្យ «ឯកជនភាព» មកធ្វើជាខែលដើម្បីផលប្រយោជន៍អាជីវកម្ម ដោយមើលរំលងសុវត្ថិភាពរបស់កុមារ។ នេះបើយោងតាមការចេញផ្សាយដោយ CNBC នៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៦។

ដើមចមនៃបណ្តឹងនេះ កើតឡើងបន្ទាប់ពី Apple បានបោះបង់ចោលគម្រោងបង្កើតប្រព័ន្ធស្កេនរូបភាពបំពានកុមារកាលពីឆ្នាំ២០២១ ដោយសារបារម្ភពីការរិះគន់រឿងរំលោភសិទ្ធិឯកជនភាព។ ប៉ុន្តែ ការសម្រេចចិត្តនេះបានក្លាយជាការឈឺចាប់សម្រាប់ជនរងគ្រោះរាប់ពាន់នាក់ ដែលពួកគេអះអាងថា ការបណ្តោយឱ្យរូបភាពទាំងនោះនៅតែមានលើអនឡាញ បានធ្វើឱ្យពួកគេ «រំលឹកឡើងវិញនូវការឈឺចាប់ (Relive their trauma)»

ជាការឆ្លើយតប អ្នកនាំពាក្យក្រុមហ៊ុន Apple បានបញ្ជាក់ប្រាប់ CNBC ថា៖ «ការការពារសុវត្ថិភាព និងឯកជនភាពរបស់អ្នកប្រើប្រាស់ ជាពិសេសកុមារ គឺជាបេះដូងនៃអ្វីដែលយើងធ្វើ»។ ក្រុមហ៊ុនបានការពារជំហរថា ពួកគេមានមុខងារដូចជា 'Communication Safety' ដែលជួយការពារកុមាររួចទៅហើយ ដោយមិនចាំបាច់រំលោភលើឯកជនភាពទូទៅឡើយ។

គួរជម្រាបថា បច្ចុប្បន្ន តុលាការកំពុងពិនិត្យលើបណ្តឹងនេះ ដែលអាចនឹងបង្ខំឱ្យ Apple ត្រូវផ្លាស់ប្តូរប្រព័ន្ធសន្តិសុខទិន្នន័យរបស់ខ្លួន ឬត្រូវសងសំណងជំងឺចិត្តយ៉ាងច្រើនសន្ធឹកសន្ធាប់ ប្រសិនបើតុលាការរកឃើញថា ក្រុមហ៊ុនពិតជាមានការធ្វេសប្រហែសក្នុងការការពារកុមារមែននោះ៕