Nvidia ត្រៀមបោះទុនយក្ស ៣០ពាន់លានដុល្លារ ចូលក្នុង OpenAI ជំនួសកិច្ចព្រមព្រៀងចាស់
20-02-2026 17:14
(បរទេស)៖ ក្រុមហ៊ុនផលិតបន្ទះឈីបលំដាប់ពិភពលោក Nvidia ជិតសម្រេចកិច្ចព្រមព្រៀងវិនិយោគទឹកប្រាក់ដ៏មហិមា ៣០ ពាន់លានដុល្លារ ទៅក្នុងក្រុមហ៊ុន OpenAI ដែលជាម្ចាស់បង្កើត ChatGPT។ ការវិនិយោគថ្មីនេះ នឹងមកជំនួសគម្រោងចាស់តម្លៃ ១០០ ពាន់លានដុល្លារ ដែលក្រុមហ៊ុនទាំងពីរធ្លាប់បានព្រមព្រៀងគ្នាកាលពីឆ្នាំមុន។
យោងតាមការចេញផ្សាយរបស់កាសែត Financial Times និង CNA នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៦ នេះ កិច្ចព្រមព្រៀងថ្មីនេះអាចនឹងត្រូវបញ្ចប់ជាស្ថាពរយ៉ាងឆាប់បំផុតនៅចុងសប្តាហ៍នេះ។ ការផ្លាស់ប្តូរយុទ្ធសាស្ត្រនេះកើតឡើង ខណៈដែល OpenAI កំពុងបង្កើនតម្លៃខ្លួនឱ្យឡើងដល់ ៨៣០ ពាន់លានដុល្លារ ដើម្បីពង្រឹងទីតាំងជាមហាអំណាច AI ឈានមុខគេលើពិភពលោក។
ចំណុចពិសេសនៃកិច្ចព្រមព្រៀងនេះគឺ «OpenAI នឹងយកដើមទុនថ្មីភាគច្រើន ទៅទិញឧបករណ៍បច្ចេកវិទ្យា (Hardware) ពីក្រុមហ៊ុន Nvidia វិញ» ដើម្បីពង្រឹងសមត្ថភាពប្រព័ន្ធ AI របស់ខ្លួនឱ្យកាន់តែខ្លាំងក្លា។ ទោះជាយ៉ាងណា របាយការណ៍បានបញ្ជាក់ថា ក្រុមហ៊ុនទាំងពីរនឹង «មិនបន្តភាពជាដៃគូវិនិយោគរយៈពេលច្រើនឆ្នាំ តម្លៃ ១០០ ពាន់លានដុល្លារ ដែលពួកគេបានប្រកាសកាលពីខែកញ្ញានោះទេ»។
រហូតមកដល់ពេលនេះ ក្រុមហ៊ុន Nvidia នៅមិនទាន់ផ្តល់ការអត្ថាធិប្បាយណាមួយឡើយ ខណៈដែលទីភ្នាក់ងារសារព័ត៌មាន Reuters ក៏កំពុងតាមដានយ៉ាងយកចិត្តទុកដាក់ ចំពោះការផ្លាស់ប្តូរយុទ្ធសាស្ត្រដ៏ធំធេង ក្នុងសមរភូមិបច្ចេកវិទ្យា AI មួយនេះផងដែរ៕










