អភិបាលក្រុងញូវយ៉ក សម្រេចដកសំណើពង្រីកការសាកល្បង និងប្រតិបត្តិការរថយន្តតាក់ស៊ីគ្មានមនុស្សបើក (robotaxi)

21-02-2026 09:50

(បរទេស)៖ លោកស្រី Kathy Hochul អភិបាលក្រុងញូវយ៉កបានសម្រេចដកសំណើមួយ ដែលមានគោលបំណងពង្រីកការសាកល្បង និងប្រតិបត្តិការរថយន្តតាក់ស៊ីគ្មានមនុស្សបើក (robotaxi) ទៅក្រៅទីក្រុង New York City បន្ទាប់ពីមិនទទួលបានការគាំទ្រគ្រប់គ្រាន់ពីសភា និងភាគីពាក់ព័ន្ធ។ អ្នកនាំពាក្យរបស់អភិបាលបានបញ្ជាក់ថា បន្ទាប់ពីពិភាក្សាជាមួយសមាជិកសភា និងភាគីពាក់ព័ន្ធជាច្រើន បានរកឃើញថា «មិនមានការគាំទ្រគ្រប់គ្រាន់» ដើម្បីអនុម័តសំណើនេះទេ។

តែយ៉ាងណា ប្រសិនសំណើនេះត្រូវបានអនុម័ត វានឹងអនុញ្ញាតឲ្យក្រុមហ៊ុនបច្ចេកវិទ្យា ដូចជា Waymo អាចដាក់ពាក្យដំណើរការសេវា robotaxi ពាណិជ្ជកម្មក្នុងទីក្រុងតូចៗនៃទីក្រុងញូវយ៉ក ហើយអនុញ្ញាតឲ្យយានយន្តដំណើរការ ដោយគ្មានអ្នកបើកបរចាំបញ្ជារនៅក្នុងរថយន្ត។ បច្ចុប្បន្ន ទីក្រុងញូវយ៉កអនុញ្ញាតតែការសាកល្បងយានយន្តស្វ័យប្រវត្តិប៉ុណ្ណោះ ហើយត្រូវមានអ្នកបើកបរមនុស្សនៅក្នុងរថយន្តចាំមើលការខុសត្រូវ ខណៈសេវា robotaxi ពាណិជ្ជកម្មពេញលេញ មិនទាន់ត្រូវបានអនុញ្ញាតនៅឡើយ។

តាមរបាយការណ៍បង្ហាញថា អង្គភាពនេះ ដែលកំពុងផ្តល់សេវាដំណើរការរថយន្តតាក់ស៉ីគ្មានមនុស្សបើកមានប្រហែល ៤០០,០០០ ដំណើរជារៀងរាល់សប្ដាហ៍ដល់សាធារណជន នៅតំបន់ San Francisco Bay Area, Los Angeles, Phoenix, Austin, Atlanta និងទីក្រុងផ្សេងៗទៀត កំពុងសង្ឃឹមពង្រីកឥទ្ធិពលដ៏ធំរបស់ខ្លួនក្នុងទីផ្សារ robotaxi និងទាក់ទាញអ្នកប្រើប្រាស់ថ្មីៗច្រើនបន្ថែមទៀត។

អ្នកនាំពាក្យរបស់ Waymo បាននិយាយថា៖ «ទោះបីជាយើងមានការខកចិត្តចំពោះសេចក្តីសម្រេចរបស់អភិបាលក៏ដោយ ក៏យើងនៅតែប្តេជ្ញានាំសេវារបស់យើងមកកាន់ទីក្រុងញូវយ៉ក ហើយនឹងធ្វើការជាមួយសភារដ្ឋ ដើម្បីជំរុញបញ្ហានេះឲ្យទៅមុខ»