អបអរសាទរ! សិស្សានុសិស្សកម្ពុជា ២ក្រុម ទទួលបានពានរង្វាន់អ្នកវិទ្យាសាស្ត្រវ័យក្មេងថ្នាក់តំបន់លើកទី១៤ ពីប្រទេសម៉ាឡេស៊ី
21-02-2026 09:58
(ម៉ាឡេស៊ី)៖ សិស្សានុសិស្សចំនួន ២ក្រុម មកពីសាលាជំនាន់ថ្មីវិទ្យាល័យព្រះស៊ីសុវត្ថិ និងសាលាជំនាន់ថ្មីវិទ្យាល័យព្រែកលៀប ទទួលបានពានរង្វាន់ក្នុងកម្មវិធីប្រកួតប្រជែងវេទិកាស្វែងរកអ្នកវិទ្យាសាស្ត្រវ័យក្មេងថ្នាក់តំបន់លើកទី១៤ (The 14th Regional Congress Search for SEAMEO Young Scientists 2026) នៅប្រទេសម៉ាឡេស៊ី។
សូមជម្រាបថា ចាប់ពីថ្ងៃទី៩ ដល់ទី១២ ខែកុម្ភៈ ឆ្នាំ២០២៦ ក្រោមការសម្របសម្រួលដោយនាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ និងកិច្ចការអាស៊ាន ក្រសួងអប់រំ យុវជន និងកីឡា នៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជូនសិស្សានុសិស្សនិងគ្រូដឹកនាំចំនួន២ក្រុម ចូលរួមក្នុងកម្មវិធីប្រកួតប្រជែងវេទិកាស្វែងរកអ្នកវិទ្យាសាស្ត្រវ័យក្មេង ថ្នាក់តំបន់លើកទី១៤ ក្រោមប្រធានបទ «Greenovate: Youth Turning Vision into Action for a Sustainable Future» ដែលរៀបចំឡើងដោយមជ្ឈមណ្ឌលស៊ីមេអូ RECSAM នៅប្រទេសម៉ាឡេស៊ី ក្រោមកិច្ចសហប្រតិបត្តិការក្នុងក្របខណ្ឌអង្គការរដ្ឋមន្ត្រីអប់រំអាស៊ីអាគ្នេយ៍ (ស៊ីមេអូ)។
សិស្សានុសិស្សនិងគ្រូដឹកនាំទាំង២ក្រុមដែលត្រូវបានបញ្ជូនឱ្យចូលរួមក្នុងកម្មវិធីប្រកួតប្រជែងមានសមាសភាពនិងទទួលបានលទ្ធផលគួរជាទីមោទនៈដូចខាងក្រោម៖
*ក្រុមទី១ មកពីសាលាជំនាន់ថ្មីវិទ្យាល័យព្រែកលៀប៖ បានធ្វើគម្រោងស្រាវជ្រាវក្រោមប្រធានបទ «Solar-Powered Smart Robot for Automated Crop Sowing and Watering» និងទទួលបានមេដាយចំនួន៣ក្នុងប្រភេទសិស្សកម្រិតមធ្យមសិក្សារួមមាន៖
មេដាយសំរឹទ្ធ ពានរង្វាន់ឆ្នើមលើការធ្វើបទបង្ហាញ (Outstanding Award for Presentation)
មេដាយប្រាក់ ពានរង្វាន់ឆ្នើមលើការតាំងបង្ហាញគម្រោង (Outstanding Award for Project Exhibition)
មេដាយសំរឹទ្ធ ពានរង្វាន់ពិសេសលើភាពច្នៃប្រឌិតនិងនវានុវត្តន៍ (Special Award for Creativity/Innovation)
*ក្រុមទី២ មកពីសាលាជំនាន់ថ្មីវិទ្យាល័យព្រះស៊ីសុវត្ថិ៖ បានធ្វើគម្រោងស្រាវជ្រាវក្រោមប្រធានបទ «Green Gold: Evaluating Compost Impact on Soil Variants» និងទទួលបានមេដាយចំនួន១ក្នុងប្រភេទសិស្សកម្រិតមធ្យមសិក្សាគឺ៖
មេដាយមាស ពានរង្វាន់ឆ្នើមលើការធ្វើបទបង្ហាញ (Outstanding Award for Presentation)
គួរបញ្ជាក់ផងដែរថា មុននឹងចូលរួមកម្មវិធីប្រកួតប្រជែង និងការតាំងបង្ហាញស្នាដៃនៅប្រទេសម៉ាឡេស៊ីខាងលើ សិស្សានុសិស្សទាំង២ក្រុម ត្រូវរៀបចំការសិក្សាស្រាវជ្រាវ និងបញ្ជូនសំណើគម្រោងស្រាវជ្រាវរបស់ពួកគេ ដើម្បីប្រកួតប្រជែងក្នុងវេទិកាស្វែងរកអ្នកវិទ្យាសាស្ត្រវ័យក្មេងថ្នាក់តំបន់លើកទី១៤ ក្នុងដំណាក់កាលជម្រុះជាមុនសិន ដែលដំណាក់កាលនេះបានរៀបចំឡើងចាប់តាំងពីខែមិថុនា រហូតដល់ខែវិច្ឆិកា ឆ្នាំ២០២៥។
សម្រាប់វគ្គផ្តាច់ព្រ័ត្រនេះផងដែរកម្មវិធីប្រកួតប្រជែងនេះមានការចូលរួមពីសំណាក់សិស្សានុសិស្សចំនួន ៤៧៥រូបមកពីគ្រឹះស្ថានអប់រំចំនួន៧២ក្នុងចំណោមប្រទេសចំនួន៨ក្នុងតំបន់អាស៊ីអាគ្នេយ៍៕















