មេធំផ្នែកហ្គេមរបស់ Microsoft លោក Phil Spencer ប្រកាសចូលនិវត្តន៍ ខណៈអ្នកជំនាញ AI លោកស្រី Asha Sharma ឡើងកាន់តំណែងជំនួស
21-02-2026 10:24
(បរទេស)៖ ក្រុមហ៊ុន Microsoft បានប្រកាសជាផ្លូវការនូវការផ្លាស់ប្តូរថ្នាក់ដឹកនាំដ៏សំខាន់បំផុតមួយនៅក្នុងប្រវត្តិសាស្ត្រនៃវិស័យហ្គេមរបស់ខ្លួន ដោយលោក Phil Spencer ដែលជាប្រធានផ្នែកហ្គេម (Microsoft Gaming) ដ៏ល្បីល្បាញ បានសម្រេចចិត្តចូលនិវត្តន៍ បន្ទាប់ពីបានបម្រើការងារនៅក្រុមហ៊ុននេះអស់រយៈពេលជាង ៣ ទសវត្សរ៍។
អ្វីដែលគួរឱ្យចាប់អារម្មណ៍បំផុតនោះគឺថា ក្រុមហ៊ុនបានសម្រេចចិត្តតែងតាំងលោកស្រី Asha Sharma ដែលជាអតីតនាយកប្រតិបត្តិមកពីផ្នែកបញ្ញាសិប្បនិម្មិត (AI) ឱ្យឡើងមកដឹកនាំអាណាចក្រ Xbox និង Activision Blizzard ជំនួសវិញ។
លោក Phil Spencer ត្រូវបានគេចាត់ទុកថាជា «មេធំ» ដែលបានស្រោចស្រង់យីហោ Xbox ឱ្យរស់ឡើងវិញ។ សមិទ្ធផលធំៗរបស់លោកមានដូចជា ការទិញយកក្រុមហ៊ុនហ្គេមយក្ស Activision Blizzard។ លោកគឺជាអ្នកដឹកនាំការចរចាទិញយកក្រុមហ៊ុនហ្គេមយក្សនេះក្នុងតម្លៃ ៦៩ ពាន់លានដុល្លារ ដែលជាកិច្ចព្រមព្រៀងធំបំផុតក្នុងប្រវត្តិសាស្ត្របច្ចេកវិទ្យា។ លោកក៏បានផ្លាស់ប្តូររបៀបដែលមនុស្សលេងហ្គេម តាមរយៈការបង្កើតសេវាកម្មទូទាត់ប្រចាំខែ (Subscription model)។ មួយវិញទៀតគឺក្រោមការដឹកនាំរបស់លោក បានធ្វើឱ្យហ្គេម Xbox បានពង្រីកខ្លួនទៅកាន់ PC និង Cloud Gaming យ៉ាងខ្លាំងក្លា។
ហេតុអ្វីបានជាត្រូវជ្រើសរើសអ្នកជំនាញ AI? ការតែងតាំងលោកស្រី Asha Sharma បង្ហាញពីយុទ្ធសាស្ត្រថ្មីរបស់ Microsoft ក្នុងការបញ្ចូលបច្ចេកវិទ្យា AI ទៅក្នុងវិស័យហ្គេម។ លោកស្រីធ្លាប់ជាអនុប្រធានផ្នែកផលិតផលនៅក្រុមហ៊ុន Instacart និងធ្លាប់កាន់តំណែងសំខាន់ៗនៅ Meta (Facebook) និងផ្នែក AI របស់ Microsoft។ Microsoft គ្រោងនឹងប្រើប្រាស់ AI ដើម្បីបង្កើតហ្គេមដែលមានភាពរស់រវើកជាងមុន និងការកែច្នៃមាតិកាហ្គេមដោយស្វ័យប្រវត្តិ (Generative AI in Gaming)។
លោក Phil Spencer នឹងបន្តស្នាក់នៅជួយការងារផ្ទេរតំណែងរហូតដល់ចុងឆ្នាំ ២០២៦។ នៅក្នុងសារផ្ញើទៅកាន់បុគ្គលិក លោកបានលើកឡើងថា លោកមានមោទនភាពចំពោះអ្វីដែលក្រុមការងារសម្រេចបាន ហើយលោកជឿជាក់ថា លោកស្រី Asha គឺជាបុគ្គលដ៏សក្ដិសមបំផុតក្នុងការដឹកនាំ Xbox ឆ្ពោះទៅរកយុគសម័យថ្មី៕







