លោក សៅ សុខា បន្ដធ្វើប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា អាណត្តិ ២០២៦-២០៣០
21-02-2026 13:27
(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ សៅ សុខា បានបន្ដជាប់ជាប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC) អាណត្តិឆ្នាំ២០២៦-២០៣០ ក្រោយទទួលបានការបោះឆ្នោតគាំទ្រពីសមាជិកគណៈកម្មាធិការប្រតិបត្តិ ក្នុងមហាសន្និបាត លើកទី២០ របស់ខ្លួននៅព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៦។
មហាសន្និបាតប្រចាំឆ្នាំរបស់សហព័ន្ធនេះ ធ្វើឡើងនៅសណ្ឋាគារ Raffles Hotel Le Royal ដោយមានការចូលរួមជាសក្ខីភាពពីតំណាងក្រសួងអប់រំ យុវជន និងកីឡា, គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) ព្រមទាំងស្ថាប័នអន្ដរជាតិ FIFA, AFC, FFC រួមជាមួយតំណាងរាជធានី-ខេត្តជាច្រើនផងដែរ។
ក្រៅពីលោក សៅ សុខា ដែលផុតអាណត្តិ ហើយត្រូវបានបោះឆ្នោតគាំទ្រ បន្ដធ្វើជាប្រធានសហព័ន្ធ អាណត្តិថ្មី ក៏មានសមាជិកគណៈកម្មាធិការប្រតិបត្តិ ៣រូបទៀត ត្រូវបានបោះឆ្នោតបន្ដតួនាទីរៀងៗខ្លួនផងដែរ រួមមានលោក ខៀវ សាម៉េត បន្ដជាប់ជាអនុប្រធាន ព្រមទាំងលោក ឌី វិជ្ជា និងលោក តែម ម៉ឺន បន្ដជាប់សមាជិកគណៈកម្មាធិការប្រតិបត្តិ៕








