«ខ្មែរ ប៊ែវើរីជីស» បន្តចូលរួមអភិវឌ្ឍធនធានវ័យក្មេង តាមរយៈអាហារូបករណ៍អភិសន្តិបណ្ឌិត «ស សុខា»

21-02-2026 16:23

(ភ្នំពេញ)៖ ផ្សារភ្ជាប់ចំណេះដឹងទៅដល់សិស្ស-និស្សិតគ្រប់តំបន់ ខ្មែរ ប៊ែវើរីជីស បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា ជាមួយអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ដើម្បីចូលរួមលើកកម្ពស់វិស័យអប់រំ តាមរយៈការផ្តល់អាហារូបករណ៍ ជាពិសេសឱកាសហាត់ការ និងឱកាសការងារលើជំនាញជាច្រើន នៅក្នុងរោងចក្រលំដាប់ពិភពលោក ខ្មែរ ប៊ែវើរីជីស ដល់និស្សិតអាហារូបករណ៍ផ្ទាល់។

ពិធីជួបសំណះសំណាលពិសាអាហារសាមគ្គី និងការចុះអនុស្សរណៈយោគយល់រវាងក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស និងអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា បានប្រព្រឹត្តិឡើងក្រោមវត្តមាន អញ្ញើញចូលរួមរបស់លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាស្ថាបនិកអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា,
លោកអគ្គនាយកបន្តវេន អ៊ឹង វីរៈ នៃក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស, ព្រមទាំងលោកបណ្ឌិត លោក-លោកស្រី សកលវិទ្យាធិការ នាយកវិទ្យាស្ថាន និងសមាជិក-សមាជិកាជាច្រើនរូបទៀត។

ក្នុងនោះ ខ្មែរ ប៊ែវើរីជីស ដែលមាន ជីប ម៉ុង ជាក្រុមហ៊ុនមេ តែងតែដើរតួជាថ្នាលបណ្តុះបណ្តាលធនធានជំនាន់ក្រោយ តាមរយៈការសហការផ្តល់អាហារូបករណ៍ ឬការចុះកម្មសិក្សាផ្សេងៗ ជាពិសេស គឺការចូលរួមឧបត្ថម្ភលើកទឹកចិត្តដល់សិស្សនិទ្ទេស A ទូទាំងប្រទេសសរុបជាង ១ម៉ឺន Tablet ចាប់តាំងពីឆ្នាំ២០១៨ ដល់ឆ្នាំ២០២៥។

ជាក់ស្តែងក្រុមហ៊ុន ជីប ម៉ុង បានបង្កើតកម្មវិធី Young Talent Program ដែលអនុញ្ញាតឱ្យសិស្ស-និស្សិតជាច្រើនរូប មានឱកាសចូលហាត់ការនៅគ្រប់ពហុពាណិជ្ជកម្មជាង ១៤ របស់ ជីប ម៉ុង ដែលក្លាយជាទីតាំងធំមួយ សម្រាប់និស្សិតចុះមកអនុវត្តពីទ្រឹស្តីផ្ទាល់ រៀនសូត្រពីតិចទិចជាក់ស្តែង ក៏ដូចជាវិធីសាស្ត្រក្នុងការដោះស្រាយបញ្ហាលំបាក នៅពេលចេញធ្វើការក្នុងពេល ៣ខែនេះ។

ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ដែលបង្កើត និងគ្រប់គ្រងដោយសហគ្រិនខ្មែរ នឹងនៅតែបន្តការគាំទ្រក្នុងការលើកកម្ពស់វិស័យអប់រំ ជាពិសេសបណ្តុះបណ្តាលធនធានកូនខ្មែរជំនាន់ក្រោយ ដោយរួមបញ្ចូលទាំងជំនាញទន់ រឹង ផ្តល់ឱកាសដកពិសោធន៍ជាក់ស្តែង ដើម្បីជួយតម្រង់ទិសដៅការងារ ឬចំណេះជំនាញផ្សេងៗ ដែលជាគ្រឹះសំខាន់នៃការអភិវឌ្ឍសង្គមជាតិ ឱ្យកាន់តែរីកចម្រើន។

ខ្មែរ ប៊ែវើរីជីស រោងចក្រលំដាប់ស្តង់ដាពិភពលោក៕