FFC មានផែនការ ៣ធំៗ សម្រាប់ក្រុមជម្រើសជាតិកម្ពុជា ក្នុងការប្រកួតក្របខណ្ឌ AFF, AFC និង World Cup

21-02-2026 18:34

(ភ្នំពេញ)៖ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC) បានដាក់ចេញនូវផែនការធំៗចំនួន ៣ សម្រាប់ក្រុមជម្រើសជាតិកម្ពុជា ដែលត្រូវផ្ដោតការយកចិត្តទុកដាក់ខ្ពស់ក្នុងការពង្រឹងសមត្ថភាពត្រៀមប្រកួតប្រជែងពានរង្វាន់អន្ដរជាតិ ចាប់ពីថ្នាក់តំបន់អាស៊ាន (AFF), ទ្វីបអាស៊ី (AFC) និងពានរង្វាន់ពិភពលោក (FIFA World Cup) នាថ្ងៃអនាគត។

នេះបើតាមប្រសាសន៍លោកនាយឧត្តមសេនីយ៍ សៅ សុខា ប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ក្នុងមហាសន្និបាត លើកទី២០ នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៦ នេះ ស្របពេលលោក ត្រូវបានសមាជិកគណៈកម្មាធិការប្រតិបត្តិ ផ្ដល់សេចក្ដីទុកចិត្តគាំទ្រលោកបន្ដធ្វជាប្រធានសហព័ន្ធ ជាថ្មី សម្រាប់អាណត្តិឆ្នាំ២០២៦-២០២៣០។

ក្នុងមហាសន្និបាតខាងលើ លោកបានតាំងចិត្តនៅឆ្នាំ២០២៨ ឬឆ្នាំ២០៣០ ខាងមុខ ត្រូវធ្វើយ៉ាងណាឲ្យក្រុមជម្រើសជាតិកម្ពុជា មានវត្តមានក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ នៃពានរង្វាន់ថ្នាក់តំបន់អាស៊ាន ហើយចន្លោះឆ្នាំ២០៣១ ដល់ឆ្នាំ២០៣៥ ត្រូវឆ្លងផុតវគ្គជម្រុះពានទ្វីបអាស៊ី ពិសេសការប្ដេជ្ញាចិត្តលេងពាន FIFA World Cup នៅឆ្នាំ២០៤២ ឬឆ្នាំ២០៤៦។

ដើម្បីសម្រេចគោលដៅនេះ លោកក៏បានលើកនូវគំនិតត្រិះរិះពិចារណាចំនួន ៣ចំណុច សម្រាប់មាជិកគណៈកម្មាធិការប្រតិបត្តិសហព័ន្ធ ដ្បិតចំណាត់ថ្នាក់របស់ក្រុមគោព្រៃកម្ពុជាបច្ចុប្បន្ន ហាក់នៅឆ្ងាយពីលទ្ធភាព ដែលអាចឈានទៅប្រកួតប្រជែងពានរង្វាន់ខាងលើ ទី១-ទាក់ទងនឹងធនធានមនុស្ស ទី២-ទាក់ទងនឹងពេលវេលា និងទី៣-ទាក់ទងនឹងធនធានហិរញ្ញវត្ថុ។

ទាំងអស់នេះ គឺជាអ្វីដែលសហព័ន្ធ ត្រូវស្គាល់ពីខ្លួនឯង និងមានការប្ដេជ្ញាចិត្ត ពិសេសក្រោយមានការដាក់ចេញនូវទិសដៅ យុទ្ធសាស្ដ្រ និងសូចនាករផ្សេងៗ ចាំបាច់ត្រូវមានប្រតិទិនការងារច្បាស់លាស់ មិនមែនបានត្រឹមអានឲ្យតែពិរោះស្ដាប់ ហើយដាក់ចេញជាទិសដៅ តែចុងបញ្ចប់ធ្វើមិនបាននោះទេ។ ទោះបីធ្វើមិនបាន ក៏ត្រូវមានមូលហេតុ និងការខំប្រឹង ប្រសើរជាងមិនបានគិត ឬការស្មាននោះដែរ។ លោក សៅ សុខា បន្ថែម។

លើសពីនេះ សហព័ន្ធបានកំណត់ទិសដៅជាច្រើន ដូចជាការបង្កើតនូវប្រព័ន្ធប្រកួតចាប់ពីថ្នាក់ខេត្តឲ្យមានស្ថេរភាព និងបង្កលក្ខណៈប្រកួតប្រជែងឲ្យបានទៀងទាត់ ដោយមានក្រុមការងារជំនាញ ចុះធ្វើការត្រួតពិនិត្យ វាយតម្លៃ ហើយឈានទៅរកការជ្រើសរើសកីឡាករ-កីឡាការិនីដោយផ្ទាល់ ដើម្បីធានាបាននូវមូលដ្ឋានរឹងមាំ ក្នុងការអភិវឌ្ឍប្រកបដោយប្រសិទ្ធភាព និងគុណផលសម្រាប់ក្រុមជម្រើសជាតិគ្រប់កម្រិត ជាពិសេសគឺការឆ្លើយតបគោលដៅឆ្ពោះទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនៅតំបន់អាស៊ាន នៅឆ្នាំ២០២៨ ឬឆ្នាំ២០៣០ និងឈានទៅគោលដៅជើងឯកអាស៊ី និងពានរង្វាន់ពិភពលោក នាថ្ងៃអនាគត៕