វិស្វករចិនបង្កើត «ធុងសំរាមឆ្លាតវៃ» អាចដេញចាប់សំរាមដែលបោះមកបានយ៉ាងត្រឹមត្រូវ

22-02-2026 08:02

(អន្តរជាតិ)៖ នៅក្នុងយុគសម័យបច្ចេកវិទ្យាដ៏ទំនើបនេះ ការច្នៃប្រឌិតថ្មីៗតែងតែធ្វើឱ្យពិភពលោកមានការភ្ញាក់ផ្អើល។ ថ្មីៗនេះ ក្រុមវិស្វករចិនមកពីស្ទូឌីយោ HTX Studio បានបង្កើតនូវឧបករណ៍ដ៏អស្ចារ្យមួយ នោះគឺ «ធុងសំរាមស្វ័យប្រវត្តិ (Auto-Aiming Trash Can) » ដែលមានសមត្ថភាពអាចរត់ទៅរក និងត្រងយកសំរាមដែលគេបោះមកពីចម្ងាយបានយ៉ាងច្បាស់គ្មានចន្លោះ។

លក្ខណៈបច្ចេកទេសសំខាន់ៗនៃធុងសំរាមវៃឆ្លាតនេះ គឺទី១ ប្រព័ន្ធចាប់សញ្ញា (Sensor) ដោយប្រើប្រាស់កាមេរ៉ា និងឧបករណ៍ចាប់សញ្ញាទំនើប ដើម្បីតាមដានគន្លងនៃវត្ថុដែលហោះនៅលើអាកាសភ្លាមៗ។ ទី២គឺ ការគណនាដោយ AI ក្នុងនោះ ប្រព័ន្ធកុំព្យូទ័រនឹងគណនាពីល្បឿន និងទិសដៅនៃសំរាម រួចបញ្ជាទៅកាន់កង់របស់ធុងសំរាមឱ្យរត់ទៅឈរចាំនៅចំណុចដែលសំរាមត្រូវធ្លាក់។ ទី៣ គឺល្បឿនលឿនទាន់ចិត្ត ដោយវាមានម៉ូទ័រចំនួន ៣ ដែលអនុញ្ញាតឱ្យធុងសំរាមនេះរំកិលខ្លួនបានយ៉ាងលឿនបំផុត គឺលឿនជាងការព្រិចភ្នែកទៅទៀត។ ក្រៅពីដេញចាប់សំរាម ធុងសំរាមនេះក៏ត្រូវបានបញ្ចូលមុខងារកម្សាន្តដូចជា ការលេងប៉ាវ (Rock-Paper-Scissors) ជាមួយមនុស្ស និងការសម្អាតកម្រាលឥដ្ឋផងដែរ។

អ្នកបង្កើតឧបករណ៍នេះបានបញ្ជាក់ថា គោលបំណងដំបូងគឺចង់ដោះស្រាយបញ្ហាសំរាមដែលរាយប៉ាយនៅក្នុងការិយាល័យ ដោយសារបុគ្គលិកខ្លះបោះសំរាមមិនចូលធុង។ ប៉ុន្តែឥឡូវនេះ វាបានក្លាយជាការច្នៃប្រឌិតដ៏ពេញនិយមមួយនៅលើបណ្តាញសង្គម ដែលបង្ហាញពីសមត្ថភាពផ្នែកមនុស្សយន្ត (Robotics) របស់ចិន។

គួរបញ្ជាក់ផងដែរថា គម្រោងនេះមិនត្រឹមតែជាការកម្សាន្តនោះទេ ប៉ុន្តែវាគឺជាការបង្ហាញពីបច្ចេកវិទ្យា Predictive Algorithms (ក្បួនដោះស្រាយការទស្សន៍ទាយ) ដែលគេអាចយកទៅអនុវត្តក្នុងវិស័យឧស្សាហកម្ម និងឡានស្វ័យប្រវត្តិបានយ៉ាងមានប្រសិទ្ធភាពនាពេលអនាគត៕