វិស័យគ្រឿងស្រវឹងពិភពលោកបាត់បង់តម្លៃទីផ្សារ ៨៣០ ពាន់លានដុល្លារ ក្នុងរយៈពេល ៤ ឆ្នាំ ខណៈយុវជនជំនាន់ Gen Z បោះបង់ការញ៉ាំស្រា (Video inside)

22-02-2026 09:59

(ភ្នំពេញ)៖ យោងតាមរបាយការណ៍សេដ្ឋកិច្ចពី Bloomberg បានបង្ហាញឱ្យឃើញនូវការធ្លាក់ចុះយ៉ាងគំហុកនៃតម្លៃទីផ្សាររបស់ក្រុមហ៊ុនផលិតស្រាបៀរ ស្រា និងគ្រឿងស្រវឹងធំៗបំផុតលើពិភពលោក ដែលបានបាត់បង់តម្លៃសរុបប្រមាណ ៨៣០ ពាន់លានដុល្លារ ក្នុងរយៈពេលត្រឹមតែ ៤ ឆ្នាំចុងក្រោយនេះ។

សន្ទស្សន៍ Bloomberg ដែលតាមដានក្រុមហ៊ុនគ្រឿងស្រវឹងចំនួន ៥០ បានធ្លាក់ចុះដល់ទៅ ៤៦% បើធៀបនឹងកម្រិតខ្ពស់បំផុតក្នុងខែមិថុនា ឆ្នាំ ២០២១។ ការធ្លាក់ចុះនេះត្រូវបានអ្នកវិភាគមើលឃើញថា ជាការរង្គោះរង្គើខ្លាំងបំផុតមិនធ្លាប់មាន ដែលមានផលប៉ះពាល់ខ្លាំងជាងសម័យកាលវិបត្តិហិរញ្ញវត្ថុពិភពលោកទៅទៀត។

យោងតាមការវិភាគពីអ្នកជំនាញជាច្រើន រួមមានអ្នកស្រី Sarah Simon មកពី Morgan Stanley បានលើកឡើងថា មានការផ្លាស់ប្តូររចនាសម្ព័ន្ធនៃការប្រើប្រាស់យ៉ាងជ្រៅ។ យុវជនជំនាន់ក្រោយ (Gen Z) កំពុងងាកមកខ្វល់ខ្វាយពីសុខភាព និងកាត់បន្ថយការញ៉ាំស្រា ដែលជាផ្នែកមួយនៃចលនា «Sober-curious»។ មួយវិញទៀត អង្គការសុខភាពពិភពលោក (WHO) និងអាជ្ញាធរសុខាភិបាលអាមេរិកបានបង្កើនការផ្សព្វផ្សាយពីហានិភ័យនៃជំងឺមហារីកដែលបង្កដោយគ្រឿងស្រវឹង។ លើសពីនេះ អត្រាការប្រាក់ខ្ពស់ ពន្ធគយលើការវេចខ្ចប់ និងការធ្លាក់ចុះនៃតម្រូវការនៅក្នុងទីផ្សារប្រទេសចិន បានធ្វើឱ្យក្រុមហ៊ុនធំៗជួបការលំបាក។

និន្នាការផលិតផលថ្មី ការកើនឡើងនៃភេសជ្ជៈគ្មានជាតិអាកុល (Non-alcoholic) ដែលមានការលក់កើនឡើងដល់ ៣០% ក្នុងមួយឆ្នាំ ក៏ជាចំណែកមួយនៃការធ្លាក់ចុះនេះផងដែរ។

ក្រុមហ៊ុនធំៗដូចជា Diageo, Heineken និង Molson Coors កំពុងតែព្យាយាមដោះស្រាយវិបត្តិនេះ តាមរយៈការផ្លាស់ប្តូរថ្នាក់ដឹកនាំ ការកាត់បន្ថយចំណាយ និងការងាកមកផលិតភេសជ្ជៈគ្មានជាតិអាកុលដើម្បីទាក់ទាញអតិថិជនវ័យក្មេងវិញ។ អ្នកវិភាគ Laurence Whyatt មកពី Barclays បានលើកឡើងថា នេះមិនមែនជាការធ្លាក់ចុះបណ្ដោះអាសន្ននោះទេ ប៉ុន្តែវាគឺជា «ការផ្លាស់ប្តូររចនាសម្ព័ន្ធ» ដែលពិភពលោកមិនអាចត្រឡប់ទៅរកកំណើនដូចពីមុនបានឡើយ៕