Apple ត្រៀមអង្រួនពិភពបច្ចេកវិទ្យា៖ ផលិតផលថ្មីយ៉ាងតិច ៥ នឹងត្រូវប្រកាសបង្ហាញក្នុងព្រឹត្តិការណ៍ ៣ថ្ងៃជាប់គ្នា នាដើមខែមីនានេះ

23-02-2026 09:40

(បរទេស)៖ អ្នកវិភាគដ៏ល្បីល្បាញលោក Mark Gurman មកពីទីភ្នាក់ងារសារព័ត៌មាន Bloomberg បានទម្លាយឱ្យដឹងថា ក្រុមហ៊ុនយក្ស Apple កំពុងរៀបចំផែនការប្រកាសចេញផលិតផលថ្មីៗជាបន្តបន្ទាប់រយៈពេល ៣ ថ្ងៃជាប់ៗគ្នា ចាប់ពី ថ្ងៃច័ន្ទ ទី០២ ដល់ថ្ងៃពុធ ទី០៤ ខែមីនា ឆ្នាំ២០២៦ ខាងមុខនេះ។

តាមការរំពឹងទុក Apple នឹងមិនធ្វើការផ្សាយផ្ទាល់ (Live Stream) ជាលក្ខណៈ Event ធំដូចរាល់ដងនោះទេ ប៉ុន្តែនឹងប្រើប្រាស់វិធីសាស្ត្រ​បញ្ចេញ​ព័ត៌មាន​តាមរយៈ​សេចក្ដីប្រកាសព័ត៌មាន (Press Releases) នៅលើគេហទំព័រ Apple Newsroom ជំនួសវិញ។

ទោះបីជាគ្មានការ Live Stream ប៉ុន្តែ Apple បានផ្ញើលិខិតអញ្ជើញអ្នកសារព័ត៌មាន និងអ្នកបង្កើតមាតិកា (Content Creators) ឱ្យចូលរួមក្នុងកម្មវិធី «Apple Experience» ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី០៤ ខែមីនា ក្នុងទីក្រុងធំៗចំនួន ៣ រួមមាន៖ ញូវយ៉ក ឡុងដ៍ និងស៊ាងហៃ។ នេះគឺជាឱកាសដែលអ្នកចូលរួមអាចប៉ះ និងសាកល្បងផ្ទាល់នូវផលិតផលថ្មីៗដែលបានប្រកាស។

យោងតាមប្រភពបែកធ្លាយ ផលិតផលយ៉ាងតិចចំនួន ៥ នឹងត្រូវបង្ហាញមុខ រួមមាន៖
- MacBook តម្លៃសមរម្យ: នេះជាផលិតផលដែលគេចាប់អារម្មណ៍ខ្លាំងបំផុត ដោយវាអាចនឹងមានអេក្រង់ ១២.៩ អ៊ីញ ប្រើបន្ទះឈីប A18 Pro (ឈីបរបស់ iPhone 16 Pro) និងមានជម្រើសពណ៌ស្រស់ឆើតឆាយ។ យោងតាមប្រភពបែកធ្លាយបានឱ្យដឹងថា វាអាចនឹងមានតម្លៃចន្លោះពី ៦៩៩ដុល្លារ ទៅ ៧៩៩ដុល្លារ ដែលជាតម្លៃទាបបំផុតមិនធ្លាប់មានសម្រាប់ MacBook ស៊េរីថ្មី។
- iPhone 17e: ទូរសព្ទម៉ូដែលថ្មីនេះ នឹងក្លាយជាអ្នកបន្តវេនពី iPhone 16e ដោយមានការអាប់ដេតសំខាន់ៗដូចជា ឈីប A19, ប្រព័ន្ធសាកថ្ម MagSafe, និងម៉ូដឹម 5G ល្បឿនលឿន (C1X)។
- iPad ស៊េរីថ្មី: រួមមាន iPad Air ដែលប្រើឈីប M4 និង iPad ជំនាន់ទី១២ ដែលប្រើឈីប A18 ដើម្បីគាំទ្របច្ចេកវិទ្យា Apple Intelligence។
- MacBook ស៊េរីខ្ពស់: ការអាប់ដេតឈីប M5 សម្រាប់ MacBook Air និងឈីប M5 Pro/Max សម្រាប់ MacBook Pro ក៏ស្ថិតក្នុងបញ្ជីរំពឹងទុកដែរ។

ក្រៅពីគ្រឿង Hardware លោក Gurman ក៏បានបញ្ជាក់ដែរថា Apple អាចនឹងបង្ហាញនូវអេក្រង់ Studio Display ជំនាន់ថ្មី ប៉ុន្តែលទ្ធភាពនៃការបញ្ចេញវានៅសប្ដាហ៍ក្រោយនៅមិនទាន់ច្បាស់ការ ១០០% នៅឡើយទេ។

គួររំលឹកផងដែរថា ការត្រៀមប្រកាសនេះ កើតឡើងបន្ទាប់ពី Apple ទើបតែបានបញ្ចេញឧបករណ៍ AirTag ជំនាន់ទី២ កាលពីខែមករាកន្លងទៅ៕