ចិន ពង្រីកមហិច្ឆតាបោះជំហានយ៉ាងលឿនក្នុងបច្ចេកវិទ្យាតភ្ជាប់ខួរក្បាលជាមួយកុំព្យូទ័រ ដើម្បីប្រជែងនឹងក្រុមហ៊ុន Neuralink
23-02-2026 11:21
(បរទេស)៖ ស្របពេលពិភពលោកកំពុងផ្ដោតការចាប់អារម្មណ៍ខ្លាំងលើក្រុមហ៊ុន Neuralink របស់មហាសេដ្ឋី Elon Musk ក្នុងនាមជាអ្នកត្រួសត្រាយផ្លូវនៃបច្ចេកវិទ្យាតភ្ជាប់ខួរក្បាលជាមួយកុំព្យូទ័រ (BCI) ងាកមកប្រទេសចិនឯណោះវិញ ក៏កំពុងតែបង្កើនល្បឿនយ៉ាងលឿននិងស្ងៀមស្ងាត់ ក្នុងការប្រែក្លាយបច្ចេកវិទ្យាពីមន្ទីរពិសោធន៍ឱ្យទៅជាឧស្សាហកម្មខ្នាតធំ ដែលអាចផ្លាស់ប្តូរមុខមាត់វិស័យវេជ្ជសាស្ត្រ និងបច្ចេកវិទ្យាពិភពលោក។ នេះបើយោងតាមការចេញផ្សាយដោយគេហទំព័រព័ត៌មាន Tech Crunch នៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៦។
ផ្ទុយពីវិធីសាស្ត្ររបស់លោក Elon Musk ដែលផ្ដោតខ្លាំងលើការវះកាត់បង្កប់បន្ទះឈីប (Invasive) ចូលក្នុងខួរក្បាលមនុស្ស ពោលគឺឧស្សាហកម្ម BCI របស់ចិនកំពុងដើរលើផ្លូវពីរស្របគ្នា ទី១ គឺបច្ចេកវិទ្យាវះកាត់បង្កប់ វិធីនេះកំពុងមានវឌ្ឍនភាពលឿនក្នុងការជួយអ្នកជំងឺខ្វិនឱ្យមានចលនាឡើងវិញ។ ទី២ បច្ចេកវិទ្យាមិនបាច់វះកាត់ (Non-invasive) ដោយចិនកំពុងនាំមុខក្នុងការបង្កើតឧបករណ៍ពាក់លើក្បាល ដែលអាចប្រើប្រាស់បានក្នុងវិស័យអប់រំ យោធា និងការថែទាំសុខភាពទូទៅ។ មូលហេតុចម្បងដែលធ្វើឱ្យចិន ការអភិវឌ្ឍន៍បច្ចេកវិទ្យានេះបានយ៉ាងលឿនរហ័ស ក្នុងសមរភូមិបច្ចេកវិទ្យានេះ គឺដោយសារការដាក់បញ្ចូល BCI ទៅក្នុង «ឧស្សាហកម្មនាពេលអនាគត» ដែលមានអាទិភាពខ្ពស់បំផុត។ រដ្ឋាភិបាលក្រុងប៉េកាំងបានផ្ដល់ទាំងថវិកា មន្ទីរពិសោធន៍ថ្នាក់ជាតិ និងការសម្របសម្រួលផ្នែកច្បាប់ ដើម្បីរុញច្រានឱ្យផលិតផលទាំងនេះចេញលក់លើទីផ្សារឱ្យបានឆាប់រហ័ស។
បច្ចុប្បន្ន ក្រុមហ៊ុនចិនជាច្រើនកំពុងបង្ហាញសមត្ថភាពមិនចាញ់ Neuralink ឡើយ ជាពិសេសក្នុងការកាត់បន្ថយភាពយឺតយ៉ាវនៃសញ្ញា (Latency) និងការបង្កើនភាពត្រឹមត្រូវនៃការបញ្ជាដោយខួរក្បាល។ អ្នកជំនាញយល់ថា ប្រសិនបើនិន្នាការនេះនៅតែបន្ត ចិនអាចនឹងក្លាយជាអ្នកកំណត់ «ស្តង់ដារ» សម្រាប់បច្ចេកវិទ្យា BCI ពិភពលោកក្នុងពេលដ៏ខ្លីខាងមុខ។
គួរជម្រាបថា បច្ចេកវិទ្យា BCI នៅដើមឆ្នាំ២០២៦ នេះ គឺបានបង្ហាញថាការប្រកួតប្រជែងរវាងសហរដ្ឋអាមេរិក និងចិន មិនមែនមានតែលើវិស័យ AI ឬ បន្ទះឈីបកុំព្យូទ័រប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងលើ «សមរភូមិខួរក្បាល» ទៀតផង៕










