នៅឆ្នាំ១៩៧៤ មានចម្រៀងខ្មែរ ១បទ មានមេឡូឌីភ្លេងស្រដៀងនឹងបទ «អន្ទងស្នេហ៍» របស់តារាចម្រៀង ខេមរៈ សិរីមន្ត
23-02-2026 11:57
(ភ្នំពេញ)៖ ទន្ទឹមនឹងការចេញសម្តែង និងច្រៀងនៅក្នុងផាប់ជាលើកដំបូងកាលពីពេលថ្មីៗនេះ ស្រាប់តែតារាចម្រៀង ខេមរៈ សិរីមន្ត ទទួលរងនូវការរិះគន់ពេញបណ្តាញសង្គម និងផ្ទុះការវែកញែក ចំពោះការលើកយកបទចម្រៀង មានចំណងជើងថា «អន្ទងស្នេហ៍» យកទៅបកស្រាយ គឺជាបទចម្រៀងរបស់ថៃ។
ដូចអ្វីដែលទស្សនិកជនបានឃើញតារាចម្រៀង ខេមរៈ សិរីមន្ត ចេញសម្តែងនៅក្នុងផាប់លើកនេះ គឺមានការគាំទ្រហួសពីការរំពឹងទុក រហូតមានអ្នកខ្លះបានសំណូមពរ ឱ្យលោកបកស្រាយនូវបទចម្រៀងមួយបទ ដែលមានចំណងជើងថា «អន្ទងស្នេហ៍» ដែលជាបទចម្រៀងល្បីល្បាញរបស់លោក កាលពីជាង២០ឆ្នាំមុន។
ឆ្លើយតបតាមសំណូមពរពីអ្នកគាំទ្រតារាចម្រៀង ខេមរៈ សិរីមន្ត ក៏បានលើកយកបទចម្រៀង «អន្ទងស្នេហ៍» មកបកស្រាយដើម្បីជាកាដូដល់អ្នកគាំទ្រ ប៉ុន្តែអ្វីដែលមានការហួសចិត្តនោះ ក្រោយពីបកស្រាយបទចម្រៀងនេះរួច ស្រាប់តែផ្ទុះការរិះគន់ពេញបណ្តាញសង្គមថា តារាចម្រៀង ខេមរៈ សិរីមន្ត បានច្រៀងបទចម្រៀងលំនាំបទចម្រៀងរបស់ថៃទៅវិញ។ ប៉ុន្តែក្រោយពីធ្វើការស្រាវជ្រាវឃើញថា ប្រភពនៃភ្លេងបទចម្រៀងដែលលោក ខេមរៈ សិរីមន្ត លើកយកមកច្រៀងនេះ គឺស្រដៀងមេឡូឌីបទចម្រៀងខ្មែរពីដើមមួយបទ ដែលមានចំណងជើងថា «មាននឹកបងទេ» ដែលច្រៀងដោយលោក កង ផាណូ និងបានថតនៅវិទ្យជាតិនៅឆ្នាំ១៩៧៤ មកម្ល៉េះ។
តារាចម្រៀង ខេមរៈ សិរីមន្ត បានលើកយកបទចម្រៀង «អន្ទងស្នេហ៍» មកបកស្រាយលើឆាកក្នុងផាប់នេះ ក៏ដោយសារមានការសំណូមពរច្រើន ពីសំណាក់អ្នកគាំទ្រនៅក្នុងថ្ងៃនោះប៉ុណ្ណោះ។ ចំណែករូបលោកក៏រីករាយ និងបានធ្វើតាមសំណូមពររបស់អ្នកគាំទ្រ ដោយមិនដឹងថា នឹងមានការរិះគន់បែបនេះកើតឡើងចំពោះលោកឡើយ។
សូមទស្សនិកជនឈប់រិះគន់បែបជាន់ពន្លិចខ្មែរដូចគ្នាតទៅទៀត ការពិតទៅបទចម្រៀងល្បីៗជាច្រើននៅទសវត្សឆ្នាំ២០០០ យើងមិនដឹងប្រភពដើមច្បាស់លាស់នោះទេ៕








