យល់ដឹងកីឡា៖ ហេតុផល ៥យ៉ាង ដែលសហរដ្ឋអាមេរិក ពិតជាស័ក្តិសមធ្វើម្ចាស់ផ្ទះ World Cup 2026
23-02-2026 15:45
(បរទេស)៖ ស្របពេលព្រឹត្តិការណ៍បាល់ទាត់ពិភពលោក ឆ្នាំ២០១៨ បានកំពុងប្រកួតប្រជែងនៅប្រទេសរុស្ស៊ីនោះ FIFA ក៏បានប្រកាសជាផ្លូវការផងថា សហរដ្ឋអាមេរិកទទួលបានសិទ្ធិធ្វើម្ចាស់ផ្ទះ World Cup 2026 ជាមួយមិចស៊ិក និងកាណាដា។
វាបានក្លាយជាលើកទី២ ប៉ុណ្ណោះដែលព្រឹត្តិការណ៍បាល់ទាត់ពិភពលោកដ៏ធំមួយនេះ មានប្រទេសច្រើនធ្វើសហម្ចាស់ផ្ទះ បន្ទាប់ពីជប៉ុន និងកូរ៉េខាងត្បូងធ្លាប់ធ្វើរួមគ្នាកាលពីឆ្នាំ២០០២ មក។ នេះបើយោងតាមការចេញដោយគេហទំព័រ athlonsports។
ក៏ប៉ុន្តែមានមតិខ្លះបានលើកឡើងថា សហរដ្ឋអាមេរិក នឹងមិនទាន់បានត្រៀមខ្លួនរួចរាល់ ដើម្បីទទួលរៀបចំ World Cup លើកទី២៣ នាឆ្នាំ២០២៦ នោះទេ ក៏ប៉ុន្តែក៏មានចំណុចវិជ្ជមាន ៥ហេតុផលធំៗ ដែលប្រទេសស្ថិតនៅតំបន់អាមេរិកខាងជើងមួយនេះ ពិតជាស័ក្តិសមក្នុងការធ្វើម្ចាស់ផ្ទះមានដូចខាងក្រោម៖
១៖ សេដ្ឋកិច្ចលេខ១
អ្នកគាំទ្ររាប់លាននាក់មកពីជុំវិញពិភពលោក នឹងធ្វើដំណើរមកកាន់សហរដ្ឋអាមេរិក ដើម្បិទស្សនា World Cup 2026 ដោយផ្ទាល់ ក្នុងចំណោមទីក្រុងសំខាន់ៗដែលបានជ្រើសរើស ធ្វើជាទីតាំងប្រកួត។
២៖ បង្កភាពងាយស្រួល ក្នុងការទស្សនាតាមម៉ោងធម្មតា
World Cup 2026 ដែលចាប់ផ្តើមពីថ្ងៃទី១១ ខែមិថុនា និងបញ្ចប់ទៅវិញនាថ្ងៃទី១៩ ខែកក្កដានោះ កម្មវិធីប្រកួតនានា មិនស្ថិតក្នុងពេលព្រឹកព្រលឹមពេកនោះទេ ខុសពីការរៀបចំនៅកាតា ឆ្នាំ២០២២ មានការប្រកួតខ្លះបង្ខំឱ្យអ្នកគាំទ្រក្រោកពីព្រលឹម។ កាណាដា និងអាមេរិក មានពេលខ្លះម៉ោងដើរស្មើគ្នា លើកលែងតែមិចស៊ិក ដើរយឺតជាងត្រឹម ១-២ម៉ោងប៉ុណ្ណោះ។
៣៖ World Cup ផ្សព្វផ្សាយពី សន្តិភាព
ពួកយើងមិនអាចបដិសេធនឹងការពិតបានទេថា សហរដ្ឋអាមេរិកបច្ចុប្បន្នផ្តល់នូវស្ថិរភាពនយោបាយយូរអង្វែង វប្បធម៌ និងសង្គមជាតិ។ ពួកយើងក៏បានដឹងដែរថា កីឡាបាល់ទាត់ មានអ្នកគាំទ្រច្រើនជាងគេនៅជុំវិញពិភពលោកទៀតផង។ កម្មវិធីកីឡាជាលក្ខណៈអន្តរជាតិនានា តែងតែស្រូបទាញអត្តពលិក និងអ្នកគាំទ្រមកពីគ្រប់ទិសទី។ ដូច្នេះ World Cup 2026 គឺជាឱកាស ដើម្បីបង្ហាញថា ពិភពលោកទាំងមូលពិតជាត្រូវការសន្តិភាព ជាចាំបាច់ខ្វះពុំបាន។
៤៖ ក្រុមម្ចាស់ផ្ទះអាមេរិក មានកៅអីលេងស្វ័យប្រវត្តិ
ក្រុមបាល់ទាត់ផ្នែកបុរសអាមេរិក បានធ្លាក់នៃវគ្គជម្រុះ World Cup 2018 និងជាប់វគ្គជម្រុះនេះវិញនៅ ៤ឆ្នាំបន្ទាប់នៅកាតា។ ការធ្វើម្ចាស់ផ្ទះ World Cup 2026 អាមេរិកមានកៅអីលេងស្វ័យប្រវត្តិតែម្តង ដោយមិនចាំបាច់លេងជម្រុះឡើយ ក្នុងច្បាប់ដែលបានចែងដោយ FIFA។
៥៖ អាមេរិក ធ្វើម្ចាស់ផ្ទះ FIFA Club World Cup 2025
អាមេរិក ក៏ជាទីតាំងប្រកួតពានក្លិបអន្តរទ្វីប Club World Cup ដែលរៀបចំដោយ FIFA នៅឆ្នាំ២០២៥ ផងដែរ។ តោខៀវ Chelsea ជាម្ចាស់ជើងឯកដំបូងគេ ដោយមាន ៣២ក្រុមចូលរួម ដែលជំនួសឱ្យកម្មវិធី FIFA Confederations Cup ហើយរៀបចំឡើងមុន World Cup ចាប់ផ្តើម ១ឆ្នាំ។
គួរបញ្ជាក់ផងថា ចំនួន ៧៨ប្រកួតនៅ World Cup 2026 នឹងលេងនៅទឹកដីអាមេរិក ក្នុងចំណោម ១០៤ប្រកួតសរុប និងក្រៅពីនេះ លេងនៅមិចស៊ិក និងកាណាដា នៅតាមបណ្តា ១៦ទីក្រុងសំខាន់ៗ៕



