ការប្រកួតលក្ខណៈអាជីពប្រចាំខែ នឹងក្លាយជាចលករជំរុញការអភិវឌ្ឍប្រដាល់សកលនៅកម្ពុជា

23-02-2026 18:04

(ភ្នំពេញ)៖ សហព័ន្ធកីឡាប្រដាល់សកលកម្ពុជា នឹងបើកសករាជថ្មី នូវកម្មវិធីកីឡាប្រដាល់សកលអាជីព Dragon the Golden Ring ដែលជាការប្រកួតលក្ខណៈអាជីពប្រចាំខែលើកដំបូង នាថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៦ ខាងមុខ ដោយសហព័ន្ធរំពឹងព្រឹត្តិការណ៍នេះ នឹងក្លាយជាចលករជំរុញការអភិវឌ្ឍន៍កាន់តែរីកចម្រើន។

លោក ប៊ុយ សុភ័ណ្ឌ ប្រធាន​សហព័ន្ធ បានបញ្ជាក់ថា នេះជាទំព័រថ្មីសម្រាប់កីឡាប្រដាល់សកលនៅកម្ពុជា និងជាឱកាសដ៏សំខាន់ ដើម្បីសម្រួចធនធានកីឡាករ-កីឡាការិនី សម្រាប់ការប្រកួតប្រជែងនានាលើឆាកអន្តរជាតិ ជាពិសេសឆ្ពោះទៅគោលដៅភ្ជាប់ទៅព្រឹត្តការណ៍កីឡាអូឡាំពិក តាមរយៈការជម្រុះ (Qualify)។

ទន្ទឹមនឹងការរៀបចំព្រឹត្តិការណ៍ចំពោះមុខនេះដែរ បានបង្ហាញពីការជឿជាក់របស់វិស័យឯកជន តួយ៉ាងក្រុមហ៊ុនវឌ្ឍនៈ ដែលតែងតែជួយឧបត្ថម្ភគាំទ្រដល់សហព័ន្ធកីឡាប្រដាល់សកលកម្ពុជា ជាពិសេសការរៀបចំការប្រកួតប្រចាំខែ និងការត្រៀមទៅប្រកួតនៅក្រៅប្រទេស។ តាមរយៈកិច្ចសហការនេះ លោកសង្ឃឹមថា វិស័យកីឡាប្រដាល់សកលកម្ពុជានឹងអាចនាំយកបាននូវសមិទ្ធផលល្អៗយ៉ាងច្រើន។

សម្រាប់កម្មវិធីកីឡាប្រដាល់សកលអាជីពប្រចាំខែលើកដំបូង នាចុងខែនេះ នឹងមានការប្រកួត ៦គូ ដោយផ្ដោតទាំងក្រុមថ្នាលយុវជន ក្រុមធំ និងមានគូអន្តរជាតិផងដែរ។ ហេតុនេះ លោក ប៊ុយ សុភ័ណ្ឌ បានអំពាវនាវឲ្យមហាជនចូលរួមទស្សនាច្រើនកុះករនៅសាលប្រដាល់សកលនៃពហុកីឡដ្ឋានជាតិអូឡាំពិកកម្ពុជា ហើយលោកក៏បានទទូចឲ្យកីឡាករ-កីឡាការិនីខិតខំប្រឹងប្រែងដើម្បីក្ដោបឱកាសដ៏សំខាន់នេះទៀតផង៕