រាំលេងកម្សាន្តបានគ្រប់រដូវកាល ! MV ចម្រៀង «អ៊ុតហាងឆេងមាស» របស់ ធីតា ដាវីកា កំពុងផ្ទុះការគាំទ្រពេញបណ្តាញសង្គម
23-02-2026 19:18
(ភ្នំពេញ)៖ ស្របពេលដែលហាងឆេងមាសកំពុងឡើងថ្លៃគួរឱ្យកត់សម្ពាល់ ស្រាប់តែតារាចម្រៀង ធីតា ដាវីកា បានចេញបទចម្រៀងថ្មីដ៏ទាក់ទាញដែលមានចំណងជើងថា «អ៊ុតហាងឆេងមាស» ដែលបទចម្រៀងនេះអាចរាំលេងកម្សាន្តបានគ្រប់រដូវកាល ជាពិសេសក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ។
MV ចម្រៀង «អ៊ុតហាងឆេងមាស» របស់តារាចម្រៀង ធីតា ដាវីកា បានចេញនៅក្នុងផលិតកម្ម ហ្គាឡាក់ស៊ី ណាវ៉ាត្រា កាលពីប៉ុន្មានថ្ងៃមុន ដោយបទចម្រៀងមួយបទនេះកំពុងតែទទួលបានការចាប់អារម្មណ៍ខ្លាំងពីសំណាក់អ្នកគាំទ្រ ទាំងចង្វាក់ភ្លេង និងបទចម្រៀង ជាពិសេសបទចម្រៀងនេះកំពុងល្បីល្បាញខ្លាំងនៅក្នុងបណ្តាញសង្គម TikTok ដែលមានអ្នកលេងរហូតដល់ទៅជាង ២០K ក្នុងរយៈពេលប៉ុន្មានថ្ងៃប៉ុណ្ណោះ។
បទចម្រៀង«អ៊ុតហាងឆេងមាស» គឺជាបទចម្រៀងថ្មីដែលនិពន្ធឡើងទំនុកច្រៀងដោយកញ្ញា យ៉ង់ ចន្ទីនីតា និងលោក សុន រដ្ឋា និងនិពន្ធបទចម្រៀងដោយលោក ថេន វាសនា។ បទមច្រៀងនេះអាចរាំលេងកម្សាន្តបានគ្រប់រដូវកាល ជាពិសេសក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ដែលនឹងឈានចូលមកដល់នាពេលឆាប់ៗខាងមុខ។
កញ្ញា ធីតា ដាវីកា បាននិយាយថា «សួស្តីពុកម៉ែបងប្អូនទាំងអស់គ្នា នេះជាបទចម្រៀងថ្មីរបស់នាងខ្ញុំ សង្ឃឹមថាបងប្អូនទាំងអស់គ្នាពេញចិត្ត និងរីករាយសណ្តាប់ទាំងអស់គ្នា»។
ស្របពេលដែលបទចម្រៀង «អ៊ុតហាងឆេងមាស» របស់កញ្ញា ធីតា ដាវីកា កំពុងវាយលុកទីផ្សារខ្លាំង កញ្ញា ធីតា ដាវីកា ក៏ត្រៀមនឹងចេញបទចម្រៀងថ្មីៗជាច្រើនទៀត ដើម្បីទុកជាកាដូសម្រាប់អ្នកគាំទ្រក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ។ កុំភ្លេចចូលរួមនិងគាំទ្រតាមដានបទចម្រៀងថ្មីៗរបស់កញ្ញា ធីតា ដាវីកា ទាំងអស់គ្នា ដើម្បីជាកម្លាំងចិត្តដល់រូបនាងពីចម្ងាយ៕











