DeepSeek ប្រើប្រាស់ឈីបកម្រិតខ្ពស់បំផុតរបស់ Nvidia ដើម្បីបង្ហាត់ AI ទោះបីមានបម្រាមពីអាមេរិក

24-02-2026 08:59

(បរទេស)៖ យោងតាមការបញ្ជាក់ពីមន្ត្រីជាន់ខ្ពស់នៃរដ្ឋបាលលោក ដូណាល់ ត្រាំ នៅថ្ងៃចន្ទដើមសប្តាហ៍នេះ បានឱ្យដឹងថា ក្រុមហ៊ុន AI ឈានមុខរបស់ចិន DeepSeek បានប្រើប្រាស់បន្ទះឈីប Blackwell ដែលជាបច្ចេកវិទ្យាឈីប AI ដ៏ទំនើបបំផុតរបស់ក្រុមហ៊ុន Nvidia ដើម្បីបង្ហាត់ម៉ូដែល AI ជំនាន់ថ្មីរបស់ខ្លួន។ ប្រការនេះបានបង្កឱ្យមានការព្រួយបារម្ភយ៉ាងខ្លាំងអំពីប្រសិទ្ធភាពនៃវិធានការរឹតត្បិតការនាំចេញរបស់សហរដ្ឋអាមេរិក។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៦។

បើទោះបីជាមានច្បាប់គ្រប់គ្រងការនាំចេញរបស់អាមេរិក ដែលហាមឃាត់មិនឱ្យលក់ឈីប Blackwell ទៅឱ្យប្រទេសចិនក៏ដោយ ក៏ DeepSeek ត្រូវបានគេរាយការណ៍ថាបានប្រើប្រាស់វាដើម្បីបង្កើតម៉ូដែល AI ថ្មី ដែលត្រៀមនឹងចេញផ្សាយនៅសប្តាហ៍ក្រោយ។ មន្ត្រីអាមេរិកជឿជាក់ថា DeepSeek នឹងព្យាយាមលុបចោលនូវរាល់ «សូចនាករបច្ចេកទេស» (technical indicators) ទាំងឡាយណាដែលអាចបង្ហាញថា ម៉ូដែលនេះត្រូវបានបង្ហាត់ដោយប្រើប្រាស់ឈីបរបស់អាមេរិក ដើម្បីជៀសវាងការតាមដាន។

តែយ៉ាងណា ជុំវិញព័ត៌មានខាងលើ ក្រុមហ៊ុន Nvidia បានបដិសេធមិនផ្តល់ការអត្ថាធិប្បាយឡើយ។ ស្ថានទូតចិននៅវ៉ាស៊ីនតោន បានប្រកាសប្រឆាំងនឹងការប្រើប្រាស់គោលនយោបាយសន្តិសុខជាតិហួសហេតុ ដើម្បីរារាំងការរីកចម្រើនផ្នែកបច្ចេកវិទ្យា និងសេដ្ឋកិច្ច។ ងាកមកក្រសួងពាណិជ្ជកម្មអាមេរិក និង DeepSeek មិនទាន់មានការឆ្លើយតបភ្លាមៗចំពោះសំណើសុំការបំភ្លឺនៅឡើយទេ។

គួរជម្រាបថា DeepSeek បានបង្កឱ្យមានការភ្ញាក់ផ្អើលដល់ទីផ្សារបច្ចេកវិទ្យាពិភពលោកតាំងពីដើមឆ្នាំ២០២៥ មកម៉្លេះ បន្ទាប់ពីបានបញ្ចេញម៉ូដែល AI ដែលមានសមត្ថភាពប្រហាក់ប្រហែលនឹងក្រុមហ៊ុនយក្សអាមេរិក (ដូចជា OpenAI) ប៉ុន្តែចំណាយដើមទុនតិចជាងឆ្ងាយ។ ការរកឃើញថា DeepSeek អាចទទួលបានឈីប Blackwell មកប្រើប្រាស់នេះ បានបង្ហាញពីបញ្ហាប្រឈមនៃ «ទីផ្សារងងឹត» ឬការលួចនាំចូលឈីបតាមរយៈប្រទេសទីបី ដែលអាមេរិកកំពុងព្យាយាមទប់ស្កាត់យ៉ាងខ្លាំងក្លា៕