មានសង្ឃឹម! Pacquiao និង Floyd ព្រមព្រៀង ក្នុងការប្រកួតគ្នាជាលើកទី២ ទៀតឆាប់ៗនេះ

24-02-2026 09:40

(បរទេស)៖ ជំនួបប្រដាល់សកលដ៏អស្ចារ្យលើលោករវាងកីឡាករ Manny Pacquiao និង Floyd Mayweather បានព្រមព្រៀងប៉ះគ្នាជាលើកទី២ ទៀតនាខែកញ្ញា ឆ្នាំ២០២៦ ខាងមុខ។ នេះបើយោងតាមការចេញផ្សាយដោយ BBC។

ជើងខ្លាំងរបស់ហ្វីលីពីន វ័យ ៤៧ឆ្នាំ PacMan និង Floyd វ័យ ៤៨ឆ្នាំសញ្ជាតិអាមេរិក នឹងពើបប្រទះគ្នាជាលើកទី២ ទៀតនៅឯសង្វៀន Shere ស្ថិតក្នុងទីក្រុង Las Vegas នាថ្ងៃសៅរ៍ ទី១៩ ខែកញ្ញា ឆ្នាំ២០២៦ ដោយមានការផ្សាយផ្ទាល់នៅលើ Netflix ទៀតផង។

វាក៏ជាការជួបគ្នាលើកដំបូងផងដែរ សម្រាប់អ្នកទាំងពីរដែលធ្វើឡើងនៅឯ Shere ក្រោយពេលអតីតម្ចាស់ខ្សែក្រវាត់ពិភពលោក Floyd បានប្រកាសពីការចាកចេញពីការចូលនិវត្តន៍ជាលើកទី៤ កាលពីសប្តាហ៍មុននោះ និងជាការឡើងប្រកួតប្រដាល់ជាលក្ខណៈអាជីពលើកដំបូងផងដែរ គិតចាប់តាំងពីផ្តួលជើងខ្លាំង Conor McGregor ត្រឹមទឹកទី១០ កាលពីឆ្នាំ២០១៧ មក។

នៅចាំបានថា Floyd បានយកឈ្នះ Pacquiao ដោយពិន្ទុមិនឯកច្ឆន្ទ និងលទ្ធផលចម្រូងចម្រាស់បំផុតកាលឆ្នាំ២០១៥ ពីការឡើងការពារខ្សែក្រវាត់លំដាប់ពិភពលោក WBC ដែលត្រូវបានដាក់គេឈ្មោះជំនួបធំនេះថា «Fight of the Century» ដែលរកចំណូលបានច្រើនជាងគេជាប្រវត្តិសាស្រ្តដល់បច្ចុប្បន្ននេះ៕