Barcelona ចុះកិច្ចសន្យានាំយកយុវជនពីក្លិប Norwich ក្នុងវ័យទើបតែ ១៦ឆ្នាំប៉ុណ្ណោះ

24-02-2026 10:14

(បរទេស)៖ ក្លិបយក្សអេស្ប៉ាញ FC Barcelona បានចុះកិច្ចសន្យានាំយកកីឡាករយុវជន Ajay Tavares ស្ថិតក្នុងវ័យទើបតែ ១៦ឆ្នាំពីក្លិបអង់គ្លេស Norwich City ដោយមិនទម្លាយពីតម្លៃខ្លួននោះឡើយ។ នេះបើយោងតាមការចេញផ្សាយដោយ BBC។

បច្ចុប្បន្ន Tavares បានកំពុងលេងក្នុងក្រុម Under-18 របស់ Norwich ជាមួយនឹងសមត្ថភាពលេចធ្លោរហូតដល់ធ្វើឱ្យ ក្លិបធំៗនៅអឺរ៉ុបជាច្រើនចាប់អារម្មណណ៍ មុនពេលឈានដល់ចុះកិច្ចសន្យាជាមួយក្លិបអ្នកមានបុណ្យខាងលើនេះ។

មែនទែនទៅ Tavares សញ្ជាតិអង់គ្លេស បានមកចូលរួមជាមួយ Norwich ដំបូងតាំងពីគេមានវ័យ ១២ឆ្នាំមកម្ល៉េះ និងត្រូវបានដាក់ចូលលេងក្នុងក្រុមធំទៀតផងកាលប្រកួតលក្ខណៈកំដៅសាច់ដុំ pre-season ទល់នឹងក្រុម Volendam របស់ហូឡង់កាលពីរដូវក្តៅមុន។

រូបគេពុំមែនជាកីឡាករវ័យក្មេងលើកទី១ ដែល Barcelona ទិញពីអង់គ្លេសឡើយ ពោលគឺកាលពីឆ្នាំ២០១៩ កីឡាករ Louie Barry បានផ្លាស់ចេញពីក្លិប West Bromwich Albion មកចូលរួមជាមួយ Barca មុនពេលត្រូវបានលក់ចេញទៅឱ្យ Aston Villa នៅឆ្នាំបន្ទាប់ ក្នុងតម្លៃ ១លានអឺរ៉ូ៕