FIFA កំពុងឃ្លាំមើលស្ថានភាពសន្តិសុខនៅមិចស៊ិក ដែលជាទីតាំងរៀបចំព្រឹត្តិការណ៍ World Cup 2026
24-02-2026 12:19
(បរទេស)៖ សហព័ន្ធគ្រប់គ្រងបាល់ទាត់ FIFA បានកំពុងតាមដានសា្ថនភាពសនិ្តសុខនៅប្រទេសមិចស៊ិកយ៉ាងយកចិត្តទុកដាក់ ដែលជាទីតាំងរៀបចំព្រឹត្តិការណ៍ World Cup 2026 នៅទីក្រុង Guadalajara។ នេះបើយោងតាមការចេញផ្សាយដោយ opera news។
មិចស៊ិក គឺជាប្រទេសសហម្ចាស់ផ្ទះ World Cup 2026 ជាមួយកាណាដា និងសហរដ្ឋអាមេរិក ដែលនឹងចាប់ផ្តើមប្រកួតផ្លូវការចាប់ពីថ្ងៃទី១១ ខែមិថុនា ដល់ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៦ ស្របពេលទីក្រុងខាងលើនេះ បានកំពុងស្ថិតក្នុងការគំរាមកំហែងរវាងក្រុមជួញដូរគ្រឿង និងសមត្ថកិច្ច។
គិតមកទល់ពេលនេះ ប្រភពពី BBC News បានឱ្យដឹងថា សមាជិកក្រុមគ្រឿងញៀន ៤នាក់បានរងរបួសពីការប៉ះទង្គិចគ្នានៅឯភាគខាងលិចនៃរដ្ឋ Jalisco ស្របពេលកងកម្លាំងមិចស៊ិក ៣រូបក៏បានរងរបួសក្នុងប្រតិបត្តិការនេះដែរ។
កីឡដ្ឋាន Estadio Guadalajara នឹងធ្វើជាទីតាំងលេង ៤ប្រកួតសម្រាប់ World Cup 2026 បន្ថែមលើការប្រកួតជម្រុះ (play-off) ជាមួយនឹងទីក្រុង Monterrey នាអំឡុងខែមីនា ឆ្នាំ២០២៦ ទៀតផង ពោលគឺរវាងក្រុមបូលីវី និងហ្សាម៉ាអ៉ីក, ក្រុម New Caledonia និង ស៊ូរីណាំ ហើយរវាងក្រុមកុងហ្គោ និងអ៉ីរ៉ាក់ទៀតផង។
ស្ថិតក្នុងស្ថានភាពដែលកំពុងបង្កភាពវឹកវរពេញប្រទេសមិចស៊ិកនាពេលនេះ FIFA បានគូសបញ្ជាក់ថា សហព័ន្ធមានសិទ្ធិក្នុងការកែប្រែ ក៏ដូចជាជ្រើសរើសទីតាំងថ្មី ដើម្បីប្រកួត World Cup 2026 ក្នុងហេតុផលសមស្រប និងទទួលយកបាន ក្នុងការពារសុខភាព សុវត្ថិភាព និងសន្តិសុខ៕





