Amazon បោះទុនយក្ស ១២ ពាន់លានដុល្លារ សាងសង់អាណាចក្រ AI នៅ Louisiana
24-02-2026 13:25
(បរទេស)៖ ក្រុមហ៊ុនបច្ចេកវិទ្យាលំដាប់ពិភពលោក Amazon បានប្រកាសពីគម្រោងវិនិយោគខ្នាតយក្សចំនួន ១២ ពាន់លានដុល្លារ ដើម្បីសាងសង់មជ្ឈមណ្ឌលទិន្នន័យ (Data Centers) ថ្មីក្នុងរដ្ឋ Louisiana សហរដ្ឋអាមេរិក។ គម្រោងនេះមានគោលដៅពង្រឹងហេដ្ឋារចនាសម្ព័ន្ធសម្រាប់បញ្ញាសិប្បនិម្មិត (AI) និងប្រព័ន្ធ Cloud ដែលនឹងបង្កើតការងារពេញម៉ោងចំនួន ៥៤០ កន្លែង និងគាំទ្រដល់ការងារបច្ចេកទេសផ្សេងៗទៀតជិត ១,៧០០ កន្លែង ក្នុងតំបន់។ នេះបើយោងតាមការចេញផ្សាយដោយ CNBC នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៦។
ការបោះទុននេះគឺជាផ្នែកមួយនៃផែនការចំណាយដើមទុនដ៏មហិមាចំនួន ២០០ ពាន់លានដុល្លារ ក្នុងឆ្នាំនេះ ខណៈដែល Amazon កំពុងប្រជែងគ្នាជាមួយក្រុមហ៊ុនយក្សផ្សេងទៀតដូចជា Microsoft និង Google ដើម្បីពង្រីកឥទ្ធិពល AI របស់ខ្លួន។ ទោះបីជាយ៉ាងណា ទីផ្សារភាគហ៊ុនហាក់បង្ហាញក្ដីបារម្ភចំពោះការចំណាយដ៏ច្រើនសន្ធឹកសន្ធាប់នេះ ដែលបានធ្វើឱ្យតម្លៃទីផ្សាររបស់ក្រុមហ៊ុនបាត់បង់អស់ជាង ៤៥០ ពាន់លានដុល្លារ ក្នុងរយៈពេលដ៏ខ្លី បន្ទាប់ពីការប្រកាសរបាយការណ៍ចំណូល។
ដើម្បីឆ្លើយតបនឹងក្ដីបារម្ភរបស់សហគមន៍មូលដ្ឋានរឿងការប្រើប្រាស់ធនធានធម្មជាតិ Amazon បានសន្យាថានឹងទទួលខុសត្រូវខ្ពស់លើបរិស្ថាន។ ក្រុមហ៊ុនបានបញ្ជាក់ថា ខ្លួននឹងធ្វើការជាមួយភ្នាក់ងារអគ្គិសនីក្នុងស្រុក «ដើម្បីធានាថា យើងបង់ថ្លៃចំណាយ ១០០%» លើហេដ្ឋារចនាសម្ព័ន្ធថាមពលថ្មីៗ។ ចំពោះបញ្ហាទឹកវិញ ក្រុមហ៊ុនបានអះអាងថា នឹងប្រើប្រាស់តែទឹកដែលលើសពីតម្រូវការក្នុងតំបន់ប៉ុណ្ណោះ ដើម្បីកុំឱ្យមាន «ការប៉ះពាល់ដល់ការផ្គត់ផ្គង់ទឹកក្នុងស្រុក» ព្រមទាំងត្រៀមថវិកា ៤០០ លានដុល្លារ ទៀតដើម្បីអភិវឌ្ឍប្រព័ន្ធទឹកសាធារណៈផងដែរ៕













