មកស្គាល់អ្នករៀបចំដ៏ជំនាញ នៅពីក្រោយពិធីមង្គលការបែបខ្មែរ ពីអតីតកាលដ៏ល្បីល្បាញ
24-02-2026 15:28
(ភ្នំពេញ)៖ ប្រិយមិត្តអ្នកអានពិតជាបានឃើញរូបភាព និងវីដេអូពិធីមង្គលការដ៏ស្រស់ស្អាតរបស់កូនប្រុស លោកឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា ដែលធ្វើឱ្យផ្ទុះការចាប់អារម្មណ៍យ៉ាងគគ្រឹកគគ្រេង លើបណ្ដាញសង្គម ដោយសារតែសម្ភារៈ របៀបតុបតែងលម្អ និងរសនិយមដ៏ស្រគត់ស្រគំ និងសមទំនងតាមរបៀបខ្មែរតពីដូនតាមក។ មើលមួយភ្លែត ប្រិយមិត្តអាចច្រឡំថាជាការរៀបចំរបស់ចាស់ព្រឹទ្ធាចារ្យរូបណា ប៉ុន្តែការរៀបចំទាំងនេះកើតពីគោលគំនិត របស់សាមីខ្លួនការទាំងពីរ និងមានការចូលរួមរៀបចំពីយុវជនខ្មែរមួយរូប ដែលបានចំណាយទាំងគំនិត កម្លាំង ពេលវេលា និងធនធានជាងមួយទសវត្សរ៍ ដើម្បីសន្សំចំណេះជំនាញ និងអភិរក្សមត៌កវប្បធម៌អរូបិយខាងរៀបចំ «កិច្ចពិធី» តាមរបៀបខ្មែរពីអតីតកាល។
ថ្ងៃនេះអង្គភាពសារព័ត៌មាន Fresh News Plus មានមោទនភាពក្នុងការណែនាំប្រិយមិត្តឱ្យស្គាល់លោក ឡន សីលបុត្រ ដែលជាបុគ្គលនៅពីក្រោយការតុបតែង និងរៀបចំគ្រឿងរណ្ដាប់ដ៏ស្រស់ត្រកាល និងខ្ពង់ខ្ពស់ ជាទីចាប់អារម្មណ៍របស់មហាជនក្នុងពេលថ្មីៗនេះ៖
* ប្រវត្តិសិក្សានិងអាជីព
លោក ឡន សីលបុត្រ មានអាយុ ៣១ឆ្នាំ សព្វថ្ងៃជាគ្រូឧទ្ទេសផ្នែកទម្រង់សំណង់ប្រពៃណីខ្មែរ នៅសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ។ លោកក៏មានតួនាទីបន្ថែម ជាអ្នកប្រឹក្សាយោបល់មួយរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លើផ្នែកទំនៀមទម្លាប់និងស្ថាបត្យកម្មផងដែរ។ ក្រៅពីការបង្រៀននិងតួនាទីបន្ថែមនេះ លោកសីលបុត្របានដាក់ចិត្តដាក់កាយ ដើម្បីបេសកកម្មមួយ គឺការស្រាវជ្រាវនិងលើកតម្កើងការរៀបចំពិធីមង្គលបែបខ្មែរពីដូនតា ដែលស្ថិតក្នុងស្ថានភាពងាយរងគ្រោះ ឱ្យមានការអនុវត្តសុះសាយឡើងវិញ ក្នុងសង្គមខ្មែរសម័យទំនើប។
បើតាមប្រវត្តិសិក្សា យុវជនរូបនេះជាអ្នកជំនាញស្ថាបត្យកម្ម និងធ្លាប់ជាសហស្ថាបនិកក្រុមហ៊ុនស្ថាបត្យកម្មមួយ ប៉ុន្តែ សីលបុត្រ មាននិស្ស័យជាមួយនឹងទំនៀមទម្លាប់ខ្មែរតាំងពីតូចក្រូចឆ្មារមកម្ល៉េះ។ ជាកូនច្បងក្នុងគ្រួសារមន្ត្រីរាជការខេត្តកំពង់ចាម ដែលជាខេត្តពោរពេញទៅដោយបេតិកភណ្ឌវប្បធម៌រូបិយ និងអរូបិយដ៏សម្បូណ៌បែប សីលបុត្រធំឡើងដោយរស់នៅជិតជីដូននិងទួត។ ផ្សំនឹងធម្មជាតិជាក្មេងដែលពូកែឆ្ងល់និងពូកែសួរផង កុមារាសីលបុត្រមានឱកាសបាននៅជិតចាស់ទុំច្រើន និងជ្រួតជ្រាបអំពីសញ្ញាណទំនៀមទម្លាប់ជាច្រើនពីលោកគ្រប់គ្នា។ ដូច្នេះ បើទោះជាបានចាប់ជំនាញស្ថាបត្យកម្មនៅថ្នាក់បរិ2ញ្ញាបត្រក្ដី ក៏លោកនៅបន្តការសិក្សាផ្ទាល់ខ្លួន និងអនុវត្តការងារក្នុងផ្នែកទំនៀមទម្លាប់ជាទូទៅដដែល។ ក្រៅពីការសិក្សាក្នុងប្រទេស លោកក៏បានចូលរួមវគ្គសិក្សា និងផ្លាស់ប្ដូរបទពិសោធនៅក្រៅប្រទេសរួមមានប្រទេសបារាំង វៀតណាម ឡាវ ជាមួយនឹងអ្នកជំនាញមកពីប្រទេសនានារួមមានបារាំង វៀតណាម ឡាវ ជប៉ុន អាម៉េរិក និងអូស្ត្រាលីជាដើម។ បទពិសោធយ៉ាងទូលំទូលាយផ្នែកវប្បធម៌ខ្មែរ រួមនឹងការយល់ដឹងអំពីវប្បធម៌បរទេស បានក្លាយជាមូលដ្ឋានរឹងមាំសម្រាប់អ្នកជំនាញរូបនេះកត់សម្គាល់ និងអួតបង្ហាញអំពីចំណុចពិសេសនៃរសនិយមខ្មែរ។
* សេចក្ដីស្រឡាញ់ចំពោះពិធីមង្គលខ្មែរ
បើតាមអ្នកជំនាញរូបនេះ របៀបរបបចាស់ទុំខ្មែរក្នុងការរៀបចំកិច្ចពិធីមង្គលផ្សេងៗ រាប់តាំងពីលំដាប់លំដោយនៃពិធី ទិស ការប្រើប្រាស់ទីតាំង ការតែងលម្អ និងសម្ភារៈប្រើប្រាស់ សុទ្ធតែមានន័យខ្លឹមសារ និងផ្សាភ្ជាប់ទៅនឹងធម្មជាតិ ជំនឿ សាសនា និងការរស់នៅបែបសហគមន៍ ដែលបានវិវត្តនិងចេះចាំតគ្នាពីមួយជំនាន់ទៅមួយជំនាន់។ រសនិយមខ្មែរ ជាពិសេសក្នុងការតុបតែងនិងប្រើប្រាស់សម្ភារៈ មានភាពសមទំនងនិងតុល្យភាព ទាំងពណ៌ រស និងក្លិន ដែលសព្វថ្ងៃកំពុងប្រឈមមុខនឹងការបាត់បង់បន្តិចម្ដងៗ។ ការបាត់បង់នេះ បើតាមលោកសីលបុត្រ គឺដោយសារមនុស្សជាច្រើនក្នុងសម័យទំនើបបាត់បង់ឱកាស ក្នុងការរៀនសូត្រអំពីរបៀបរបបទាំងនេះតពីចាស់ទុំមក បូកផ្សំនឹងការបង្កើតថ្មីដែលប្រាសចាកគន្លងអារ្យធម៌ ដែលនាំឱ្យបាត់បង់ខ្លឹមសារដើម។ បញ្ហានេះ នាំឱ្យមានបញ្ហាផ្សេងៗទៀតដូច ជាការបែងចែកមិនច្បាស់អំពីតួនាទីកិច្ចពិធី និងការយល់ច្រឡំរវាងមត៌កវប្បធម៌ខ្មែរ និងវប្បធម៌បរទេសជាដើម។
ដោយបានឃើញពីបញ្ហាទាំងនេះ លោក ឡន សីលបុត្រ បានយកចិត្តទុកដាក់អភិរក្សនិងផ្សព្វផ្សាយទំនៀមទម្លាប់កិច្ចពិធីមង្គលខ្មែរ។ លោកបានចំណាយពេលវេលាជាច្រើនក្នុងការស្រាវជ្រាវ តាមរយៈការស្វែងរកអាន និងបកស្រាយឯកសារចាស់ៗ ក្បួនខ្នាតក្នុងសាស្ត្រាស្លឹករឹតនិងក្រាំង បូកផ្សំនឹងការចុះទៅតាមភូមិស្រុកដែលនៅរក្សាប្រពៃណីបានច្រើន ដើម្បីអង្កេតកិច្ចពិធីនានាប្រកបដោយភាពល្អិតល្អន់ និងក្ដីគោរពស្រឡាញ់។ កិច្ចការនេះមិនមែនជាការងាយស្រួលឡើយ។ ឧទាហរណ៍ ពេលខ្លះត្រូវចាប់កាន់សម្ភារៈ ធ្វើដោយផ្ទាល់ដៃទើបយល់ ពេលខ្លះលោកត្រូវអានសាស្ត្រា រួចយកទៅសួរចាស់ទុំ ឬអង្កេតកិច្ចពិធី ទើបអានសាស្ត្រាសារទៅសារមក ទើបអាចយល់ច្បាស់អំពីរបៀបរៀបចំកិច្ច ព្រមទាំងសារៈសំខាន់និងខ្លឹមសារនៃកិច្ច។ លោកបានចំណាយទាំងពេលវេលា និងថវិកាផ្ទាល់ខ្លួនដើម្បីការសិក្សាទាំងនេះផង និងវិនិយោគលើការប្រមូល និងដំឡើងគ្រឿងសម្ភារៈប្រើប្រាស់ដែលឆ្លុះបញ្ចាំងនូវរសនិយមខ្មែរ។
* ការពាំនាំអត្តសញ្ញាណខ្មែរ ឱ្យលេចធ្លោក្នុងសង្គមកម្ពុជាសម័យទំនើប
ចំពោះលោកសីលបុត្រ ការអភិរក្សមត៌កនៃការរៀបចំកិច្ចមង្គលបែបខ្មែរ ត្រូវតែអនុវត្តតាមរយៈការធ្វើកិច្ចពិធីទាំងនោះជាក់ស្ដែង ឱ្យត្រឹមត្រូវតាមសណ្ដាប់វប្បធម៌។ ប៉ុន្តែលោកជួបបញ្ហាប្រឈមក្នុងការអនុវត្តនេះ ដោយសារសាមីម្ចាស់ពិធី ដែលមានគំនិតដូចលោកមានតិច ហើយលោកត្រូវការពេលវេលាដើម្បីពន្យល់អំពីសារៈសំខាន់ និងគុណតម្លៃនៃរបៀបរបបដែលបានរៀនចេះចាំពីចាស់ទុំមក។ ប៉ុន្តែ ជារឿយៗតែងតែមានសាច់ញាតិ មិត្តភក្ដិ សហការី ឬសាមីម្ចាស់ពិធីដែលមានក្ដីស្រឡាញ់ចំពោះរសនិយមខ្មែរ ដែលផ្ដល់ឱកាសឱ្យលោកបានយកវិជ្ជាទាំងឡាយមករៀបចំ ឱ្យចេញជារូបរាងឡើង។ តួយ៉ាងដូចជាពិធីមង្គលការ ដែលមហាជនបានឃើញថ្មីៗនេះ អនុវត្តបាន ក៏ដោយសារតែម្ចាស់ពិធីមានក្ដីស្រឡាញ់ និងការជ្រួតជ្រាបលើកិច្ចការនេះ។
កន្លងមកនេះ លោកសីលបុត្រធ្លាប់រៀបចំពិធីឆ្លងវ័យរបស់ខ្មែរ រួមមានពិធីកាត់សក់បង្កក់ឆ្មប បញ្ចូលម្លប់ បញ្ចេញម្លប់ មង្គលការអាពាហ៍ពិពាហ៍ តាំងពីស៊ីស្លាភ្ជាប់ពាក្យ រហូតដល់មង្គលការធំ កិច្ចសាសនារួមមានពិធីចម្រើនព្រះជន្ម និងអភិសេកព្រះ ព្រមទាំងពិធីមង្គលផ្សេងទៀតដូចជាឡើងផ្ទះជាដើម។ បន្តិចម្ដងៗ លោកបានដកពិសោធ និងយល់កាន់តែច្បាស់អំពីទំនឹមទំនៀមខ្មែរ និងក្លាយជាអ្នកជំនាញមួយដែលមានស្នាដៃល្អប្លែក ជាទីយកចិត្តទុកដាក់ក្នុងចំណោមអ្នកស្រឡាញ់វប្បធម៌។
ក្រៅពីការអភិរក្សមត៌កដូនតា លោក ឡន សីលបុត្រ បានគូសបញ្ជាក់ថា ជម្រើសប្រើប្រាស់សម្ភារៈនិងរបៀបរបបតុបតែង និងធ្វើកិច្ចពិធីបែបខ្មែរពីមុន ក៏មានបច្ច័យល្អជាច្រើនទៀតដែរ ដូចជាការចូលរួមប្រើប្រាស់ផលិតផលដែលមានក្នុងស្រុក ការរួមគ្នាការពារអត្តសញ្ញាណដែលជាចំណុចពិសេសរបស់ខ្មែរ ក្នុងចំណោមវប្បធម៌នៅអាស៊ីអាគ្នេយ៍ និងការការពារបរិស្ថានផងដែរ។ លោកបានដំណាលរឿងមួយថា នៅក្នុងកម្មវិធីផ្លាស់ប្ដូរបទពិសោធសិក្សា មានម្ដងនោះ អ្នកស្រាវជ្រាវបរទេសម្នាក់បានសរសើរនំអន្សមខ្មែរថាជា វិទ្យាសាស្ត្រវេចខ្ចប់ម្ហូបអាហារដ៏អស្ចារ្យ ដោយសារស្លឹកវេចនំ និងខ្សែចងនំបម្រើតួនាទីទាំងពេលវេចខ្ចប់និងពេលបរិភោគ។ ពេលវេច ស្លឹកជាកញ្ចប់ ខ្សែសម្រាប់ចង។ ពេលបរិភោគ ខ្សែសម្រាប់កាត់នំ ស្លឹកសម្រាប់កាន់ហូបមិនប្រឡាក់ដៃ ហើយទាំងស្លឹកនិងខ្សែមិនបំពុលបរិស្ថានទៀត។ នេះជាឧទាហរណ៍មួយនៃភាពសមទំនងនៃវប្បធម៌ប្រពៃណី ដែលបានតមកច្រើនជំនាន់ ពោលគឺគ្រប់លក្ខខណ្ឌ មិនលើស មិនខ្វះ។
* បំណងប្រាថ្នានិងសំណូមពរ
លោក ឡន សីលបុត្រ មានបំណងប្រាថ្នាចង់ឃើញប្រជាពលរដ្ឋខ្មែរគ្រប់រូបស្រឡាញ់ និងថែរក្សាប្រពៃណីតពីដូនតា ជាពិសេសក្នុងការរៀបចំកិច្ចពិធីមង្គលនានា។ ឆ្លៀតឱកាសនេះ លោកបានស្នើសូមផ្ញើសារជាសំណូមពរជូនប្រិយមិត្តអ្នកអានថា ប្រពៃណីដ៏ថ្លៃថ្លារបស់ខ្មែរពិតជាមានគុណតម្លៃជ្រាលជ្រៅ ស័ក្ដិសម និងគ្រប់គ្រាន់ ដែលយើងគ្រប់គ្នាជាបច្ឆាជនជំនាន់ក្រោយ គប្បីយកចិត្តទុកដាក់រៀនសូត្រឱ្យបានស៊ីជម្រៅ នោះយើងនឹងឃើញតម្លៃពិត ហើយគប្បីអនុវត្តបន្ត កុំបីកែប្រែឱ្យប្រាសចាកក្របខណ្ឌដើម ទាំងមិនបានយល់អ្វីសោះនោះឡើយ៕





































