ក្រុមហ៊ុន Big Tech ត្រៀមបោះទុន ៦៥០ ពាន់លានដុល្លារលើ AI ក្នុងឆ្នាំនេះ

24-02-2026 16:15

(បរទេស)៖ ក្រុមហ៊ុនបច្ចេកវិទ្យាកំពូលៗរបស់អាមេរិក រួមមាន Alphabet, Amazon, Meta និង Microsoft ត្រូវបានព្យាករណ៍ថានឹងចំណាយថវិកាសរុប រហូតដល់ទៅ ៦៥០ ពាន់លានដុល្លារ ក្នុងឆ្នាំ២០២៦ ដើម្បីពង្រីកហេដ្ឋារចនាសម្ព័ន្ធ AI។ ការបោះទុនដ៏មហិមានេះ គឺជាការហក់ឡើងយ៉ាងខ្លាំងពីចំនួន ៤១០ ពាន់លានដុល្លារកាលពីឆ្នាំមុន ខណៈដែលក្រុមហ៊ុនទាំងនេះសុខចិត្តកាត់បន្ថយការទិញភាគហ៊ុនត្រឡប់មកវិញ ដើម្បីយកប្រាក់មកបុកវិនិយោគលើវិស័យបញ្ញាសិប្បនិម្មិតដែលកំពុងផ្ទុះឡើង។ នេះបើយោងតាមការចេញផ្សាយដោយ​ CNA នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៦។

លោក Greg Jensen នាយកផ្នែកវិនិយោគនៃក្រុមហ៊ុន Bridgewater Associates បានព្រមានថា ការរីកចម្រើននៃ AI បានឈានចូលដល់ «ដំណាក់កាលដ៏គ្រោះថ្នាក់ជាងមុន» ដោយសារតម្រូវការផ្នែកកុំព្យូទ័រនៅតែមានខ្ពស់ជាងការផ្គត់ផ្គង់។ លោកបានកត់សម្គាល់ថា៖ «តម្រូវការផ្នែកកុំព្យូទ័រ (Compute demand) នៅតែបន្តមានលើសពីការផ្គត់ផ្គង់យ៉ាងខ្លាំង ដែលជំរុញឱ្យក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្ស វិនិយោគកាន់តែលឿន ដើម្បីព្យាយាមដើរឱ្យទាន់តម្រូវការនៅថ្ងៃណាមួយ»។ លោកបន្ថែមថា ប្រសិនបើគ្មានផ្លូវច្បាស់លាស់ក្នុងការបង្កើតប្រាក់ចំណេញមហាសាលទេ ក្រុមហ៊ុន AI ធំៗដូចជា OpenAI ជាដើម អាចនឹងជួបការលំបាកក្នុងការបង្ហាញពីតម្លៃខ្លួនដ៏ខ្ពស់របស់ពួកគេ។

ក្រៅពីការប្រកួតប្រជែង ការចំណាយដ៏សម្បើមនេះក៏កំពុងជះឥទ្ធិពលដល់វិស័យផ្សេងទៀតផងដែរ ជាពិសេសផ្នែកសូហ្វវែរ (Software)។ លោក Jensen បានសង្កត់ធ្ងន់ថា៖ «វាមិនមែនជារឿងដែលអាចទៅរួចទៀតទេ សម្រាប់អ្នកដឹកនាំវិស័យ AI ក្នុងការបំពេញតាមការរំពឹងទុករបស់អ្នកវិនិយោគ ដោយមិនបង្កជាហានិភ័យដល់អត្ថិភាពនៃវិស័យផ្សេងទៀត ដូចជាសូហ្វវែរនោះទេ»។ ទោះជាយ៉ាងណា ការវិនិយោគនេះត្រូវបានគេរំពឹងថានឹងជួយជំរុញកំណើន GDP របស់សហរដ្ឋអាមេរិកឱ្យកើនឡើងប្រហែល ១% បន្ថែមទៀត ទោះបីជាវាអាចធ្វើឱ្យតម្លៃអគ្គិសនី និងសម្ភារៈបច្ចេកវិទ្យាមួយចំនួនឡើងថ្លៃក៏ដោយ៕