យល់ដឹងកីឡា៖ ស្រាយចម្ងល់ថាតើ ហេតុអ្វី Premier League របស់អង់គ្លេស ល្បីល្បាញខ្លាំងម្ល៉េះ?
25-02-2026 08:52
(បរទេស)៖ គិតចាប់តាំងពីលីគ First Division របស់អង់គ្លេស ត្រូវបានផ្លាស់មកជា English Premier League វិញចាប់ពីថ្ងៃទី១៥ ខែសីហា ឆ្នាំ១៩៩២ មក គេសង្កេតឃើញថា មានកីឡាករបរទេសតែ ១៣នាក់ប៉ុណ្ណោះលេងនៅទីនេះ។
ទោះជាបែបនេះក្តី Premier League បានវិវត្តន៍ខ្លួនយ៉ាងឆាប់រហ័ស និងល្បីរន្ទឺទូទាំងសកលលោកតែម្តងរហូតដល់បច្ចុប្បន្ន និងមានកីឡាករល្បីៗលំដាប់ពិភពលោកមកពីជាង ៧០ប្រទេសបានកំពុងប្រកបអាជីពបាល់ទាត់នៅអង់គ្លេស។
ជារៀងរាល់ចុងសប្តាហ៍ Premier League តែងតែផ្សព្វផ្សាយទៅកាន់ ៨០០លានខ្នងផ្ទះ ក្នុងចំណោម ១៨៨ប្រទេស និងអ្នកតាមដាននៅតាមបណ្តាញសង្គមនានារាប់ពាន់លានទៀតផង។ នេះបើយោងតាមការចេញផ្សាយដោយ sports insight។
ក្រៅពីព្រឹត្តិការណ៍បាល់ទាត់ពិភពលោក World Cup មានអ្នកទស្សនាច្រើនសន្ធឹកសន្ធាប់ លីគអង់គ្លេស Premier League បានស្ថិតនៅលេខរៀងទី២ ដែលមានប្រជាប្រិយភាពបំផុត។
ខាងក្រោមនេះ ជាចំណុចសំខាន់ៗដែលអាចពិចារណាបាន ដែលនាំឱ្យ EPL ល្បីខ្លាំងដល់បច្ចុប្បន្ន
១៖ សំបូរក្រុមខ្លាំងប្រជែងជើងឯក
នៅ Premier League មានក្រុមខ្លាំងសរុបដល់ទៅ ៦ប្រជែងជើងឯក ខុសពីលីគដទៃដែលមានយ៉ាងហោចណាស់ ៣ក្រុមប៉ុណ្ណោះ តួយ៉ាងដូចនៅ La Liga របស់អេស្ប៉ាញមានតែ FC Barcelona និង Real Madrid និងម្តងម្កាល Atletico Madrid ហើយ Valencia ធ្លាប់ឈ្នះម្តងនារដូវកាល ២០០៣-០៤ នៅពេល Bundesliga របស់អាល្លឺម៉ង់មានតែ Bayern Munich និងយូរៗម្តងឃើញមាន Borussia Dortmund និង Bayer Leverkusen ទៀតផង។
បើនៅអង់គ្លេសវិញ ក្នុងរយៈពេល ២០ឆ្នាំចុងក្រោយនេះ មានដល់ទៅ ៦ក្រុមឯណោះដណ្តើមបានជើងឯកមានដូចជា Manchester United, Chelsea, Arsenal, Liverpool, Manchester City និង Leicester City ទៀតផង។
២៖ Premier League មាន super stars មកពីជុំវិញពិភពលោកប្រកបអាជីព
EPL តែងតែមានកីឡាករលំដាប់ពិភពលោកមកលេងនៅទីនេះមានដូចជា Eric Cantona, Alan Shearer, Wayne Rooney, Cristiano Ronaldo, Thierry Henry, Sergio Aguero, Frank Lampard និង Steven Gerrard ដែលតែងតែអង្រួនដល់បេះដូងដល់អ្នកគាំទ្រអង្គុយនៅកៅអីមិនស្ងៀមឡើយ។
៣៖ EPL ជះលុយទិញកីឡាករល្បីៗជារៀងរាល់ឆ្នាំ
EPL មានការចំណាយច្រើនក្នុងទីផ្សារទិញ-ដូរកីឡាករម្តងៗ ដែលញាំងឱ្យមានការប្រកួតប្រជែងកាន់តែខ្លាំងឡើង។ កីឡាករលេងល្អលំដាប់ពិភពលោកនានាតែងប្រាថ្នាចង់មកលេងនៅទឹកដីអង់គ្លេស ជាជម្រើសទី១ របស់ពួកគេមុនពេលចាកចេញ។
៤៖ សន្ទុះអ្នកគាំទ្រកើនឡើងជាលំដាប់
កីឡាករមកពីអាស៊ី អាមេរិក និងអាហ្វ្រិកធ្វើដំណើរមកលេងនៅអង់គ្លេស ដោយសារតែ EPL គ្របដណ្តប់ស្ទើរគ្រប់តំបន់ទាំងអស់នៅជុំវិញពិភពលោក តាមរយៈអាវមានរូបកីឡាករលេងឱ្យក្លិបនៅ Premier League ត្រូវបានលក់ទៅកាន់ស្ទើរតែគ្រប់តំបន់ទៀតផង។
៥៖ បង្ហាញការចាប់អារម្មណ៍ ក្នុងការប្រជែងពានអឺរ៉ុបនានា
ក្លិបនៅ EPL តែងតែបង្ហាញវត្តមាននៅពាន UEFA Champions League និង Europa League ច្រើនជាងគេជាដរាប។ ពួកគេបានឈ្នះ UCL ៣លើក ក្នុងចំណោម ៦រដូវកាលចុងក្រោយនេះ និងមាន ៤ក្រុមផ្សេងទៀត ជាជើងឯករង។
ជារួម កត្តារួមផ្សំទាំងនេះបានញាំងឱ្យ Premier League ល្បីរន្ទឺដាច់គេមកដល់បច្ចុប្បន្ន រួមទាំងមានគ្រូបង្វឹកល្បីៗ កត្តាហិរញ្ញវត្ថុ គុណភាពនៃការប្រកួត កត្តាទីលាន និងប្រព័ន្ធផ្សព្វផ្សាយចូលរួមថែមទៀតផង៕



